ឆៃអង្គុយលើកៅអីវែងនៅយ៉មុខផ្ទះ។ ទ្រើកនិងត្រុយអង្គុយសងខាង ។ ត្រុយនិយាយឆ្កាដៃឆ្កាជើង
ត្រុយ៖ លោកបង! ស្តាប់តាមយោបល់ខ្ញុំឯណេះវិញទៅ ! ខ្ញុំថាលោកបងត្រូវតែធ្វើរបៀបរូម៉ែនទិកឲ្យភួងម្លិះរំភើបចិត្តជាមួយលោកបង! ឲ្យនាងជឿជាក់លើចិត្តស្មោះរបស់លោកបងទើបបានផល! យ៉ាងណាៗលោកបងត្រូវធ្វើឲ្យអូនម្លិះគេទន់ចិត្តសិន ចាំបងឲ្យអ៊ុំមេឃុំចូលស្តីដណ្តឹងទើបវាបានសម្រេច ! បើកូនក្រមុំគេមិនទាន់ពេញចិត្តលោកបងផង ! ទោះឲ្យចាស់ទុំទៅស្តីដណ្តឹងក៏គេមិនយល់ព្រមដែរ ! អ៊ុំមេឃុំគាត់ខ្លាចបាក់មុខនោះវាជារឿងត្រឹមត្រូវហើយ!
ទ្រើកកេះឆៃនិយាយធ្វើមួយៗ
ទ្រើក៖ លោកបង! ស្តាប់តាមយោបល់ខ្ញុំវិញល្អជាង ! ឆៃងាកមើលមុខទ្រើកម្តង
ឆៃ៖ អឺ! យោបល់ឯងមានស្អីខ្លះម៉េចក៏មិនបញ្ចេញមកអាទ្រើក! នៅនិយាយខ្លាចជ្រុះផ្កាចំប៉ានៅហ្នឹងហើយ!
ទ្រើក៖ ខ្ញុំយល់ថា លោកបងមិនបាច់ខំព្យាយាមទេ! ខ្ញុំមើលទៅដូចជាគ្មានសង្ឃឹមទេ លោកបង! បើម៉្ងៃៗលោកបងគិតតែដើរលេងមិនធ្វើការងារស្អីផងស្រីណាគេស្រឡាញ់ ! ទម្រាំតែស្រីស្អាតប្រចាំភូមិដូចភួងម្លិះទៀ់ត! មើលទៅអត់លិឍទេលោកបងអឺយ! ត្រុយទាញដៃឆៃ
ត្រុយ៖ លោកបងៗ! កុំទៅស្តាប់អាទ្រើកអាគ្មានបានការនោះ! វាធ្វើស្អីទ្រើកៗដូចឈ្មោះវាអញ្ចឹង! គេថាធ្វើស្រែទាន់ក្តៅដី! ចង់ស្រីទាន់ក្តៅចិត្ត! បើលោកបងមិនប្រញាប់ដណ្តើមឱកាសទេ! លោកបងប្រាកដជាអត់លិតមែនហើយ! លោកបងត្រូវតែធ្វើតាមខ្ញុំវិញ ! ត្រូវបើកបេះដូងឲ្យវាចំហធ្លុងតែម្តងទៅ ! ហើយភួងម្លិះគេនឹងបានឃើញថាឈាមនៅក្នុងបេះដូងបងវាក្រហមឆ្អៅប៉ុណ្ណានោះ! ឆៃបើកភ្នែកធំៗ
ឆៃ៖ ណែៗ! ឯងគិតឲ្យអញពុះទ្រូងបង្ហាញបេះដូងបូជាសាច់ស្រស់ឈាមស្រស់ឬយ៉ាងម៉េចហ្នឹង ? អាត្រុយ! អញស្តាប់វោហាឯងមិនសូវយល់ទេវ៉ើយ !
ត្រុយ៖ មកពីលោកបងរៀនតិចពេកហ្នឹងណាបានជាមិនសូវយល់ពាក្យវប្បធម៌របស់អ្នកចេះដឹងដូចជាអាត្រុយនេះ !
ទ្រើក៖ លោកបងៗ! ស្តាប់ខ្ញុំឯណេះវិញ! បើលោកបងស្តាប់តាមអាត្រុយហើយពុះទ្រូងបើកបេះដូងដូចវានិយាយនោះច្បាស់ជាក្ស័យមិនខានទេ! ទោះជាអូនម្លិះយល់ចិត្តលោកបងក៏មេភូមិមនមិនយល់ចិត្តលោកបងដែរ! អ្នកណាមិនល្បីឈ្មោះលោកមេភូមិរើសកូនប្រសារបៀបម៉េចនោះ ! ខ្ញុំថាលោកបងសម្លឹងមើលស្រីផ្សេងឲ្យហើយទៅ! កុំឲ្យវាខាតពេលអត់ប្រយោជន៍ !
ពេលទ្រើកនិយាយឆៃងាកមើលមុខទ្រើកម្តងវិញ ។ ពេលងាកចុះងាកឡើងច្រើនដង ឆៃដេញទាត់នាយទ្រើកនាយត្រុយឲ្យបែកផ្លូវគ្នារត់
ឆៃ៖ បានហើយ! យើងមិនស្តាប់យោបល់ពួកឯងទៀតទេ! គ្រាន់តែងាកស្តាប់ពួកឯងនិយាយក៏ចង់ថ្លោះកទៅហើយ! អញធ្វើតាមមធ្យោបាយរបស់អញវិញ ! ចាំមើលចុះ!យើងនឹងធ្វើឲ្យអូនម្លិះស្រលាញ់យើងឲ្យទាល់តែបាន! យើងមិនរាថយជាដាច់ខាត !
ត្រុយ៖ លោកបងៗគិតចង់ធ្វើយ៉ាងម៉េច ?
ឆៃឈរច្រត់ចង្កេះដៃម្ខាង ជើងជ្រែងអង្រួន ដៃម្ខាងទៀតអង្អែលចង្ការធ្វើឫកប្រុសសង្ហា
ឆៃ៖ អាត្រុយ! ឯងមិនចាំបាច់សួរអញទេ! ចាំដល់ពេលយប់សិនទៅឯងនឹងបានដឹងហើយ!
ព្រះចន្ទកំពុងរះពេញវង់នៅលើមេឃ ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ សាម៉ននិងផៃកំពុងអង្គុយមើលប្លង់ដីជាមួយគ្នា ។ សាម៉នតម្រង់វែនតាទាញក្រដាសប្លង់ដីពីផៃមកពិនិត្យមើលឲ្យច្បាស់
សាម៉ន៖ មើលម៉ែវា ! ទុកឲ្យខ្ញុំមើលឲ្យច្បាស់សិន ! ប្លង់ដីនេះដូចជាមិនធំប៉ុន្មានទេ! ម៉េចក៏ម៉ែវាឯងហ៊ានទទួលបញ្ចាំថ្លៃខ្ពស់ម្ល៉េះ0x017d7 ប្រយ័ត្នតែគេដាច់មិនមកលោះវិញច្បាស់ជាខាតការប្រាក់ទទេរហើយ ! ទទួលប្លង់យ៉ាងម៉េចតម្លៃចង់ស្មើនឹងទិញទៅហើយហ្នឹង ! យ៉ាប់មែនម៉ែវាឯងនេះ! រកស៊ីយូរៗទៅកាន់តែល្ងង់ ! មិនឆ្លាតសោះ !
ផៃទាញប្លង់ដីមកវិញសម្លក់សាម៉នបណ្តើរ
ផៃ៖ ពុកវាឯងកុំធ្វើចំណាប់ពេក! ប្រហែលខ្ញុំហើយមើលមិនដឹងថាដីណាចំណេញដីណាមិនចំណេញទេហ្អី ? ដីនេះតូចមែនប៉ុន្តែវានៅពីក្រោយមាស៊ីនកិនស្រូវមេឃុំ ឆែម! បើដីនេះដាច់លើយើងពេលណាខ្ញុំអាចនិយាយជាមួយមេឃុំឆែមបានថ្លៃខ្ពស់មិនខានទេ! ធម្មតាអ្នកមានលុយគេតែងតែចង់ពង្រីកដីរបស់គេមិនចង់ឲ្យមានដីនៅសល់ទើសទែងទេ !
សាម៉នងក់ក្បាលតិចៗ
សាម៉ន៖ អូហ៍! ខ្ញុំភ្លេចមើលប្លង់ឲ្យច្បាស់! មានអីបើដីជាប់មេឃុំឆែម ! ពេលដាច់លើយើងពិតជាមិនខាតទេ! ឆ្លាតមែនម៉ែវា! នេះទើបគេហៅសំណាបយោងដីស្រីយោងប្រុសមែន !
ផៃពេបមាត់
ផៃ៖ ខ្ញុំឆ្លាតយូរហើយ! បើតាមតែឪវាឯងនោះស្មានថាមានបានដល់ប៉ុណ្ណឹងហ្អី ? តាមតែគំនិតឯងនោះបានត្រឹមតែធ្វើមេភូមិម្ចាស់ស្រុកតែប៉ុណ្ណឹងឯងមិនបែកគំនិតឲ្យវារីកដុះដាលទៅណាទេ !
សាម៉ន៖ អឺ! មកពីដឹងថាម៉ែវាឯងពូកែហ្នឹងហើយបានជាខ្ញុំតស៊ូតាមដណ្តឹងយកឲ្យបាន!
ឭសូរសំឡេងហ្គីតា និងសំឡេងឆៃ ស្រែកច្រៀងឮៗ ។ សាម៉នបើកភ្នែកធំៗ ងាកមើលមុខផៃបន្តិច រួចស្ទុះចេញមកឈរនឹងបង្កាន់ដៃ ផៃស្ទុះងើបរត់មកតាមក្រោយ ។ ឃើញឆៃកំពុងឈរនៅដីពីមុខយ៉ដង្ហែមុខផ្ទះកំពុងដេញហ្គីតាផង ច្រៀងផង តែឆៃច្រៀងមិនត្រូវបទទេ ចេះតែស្រែកច្រៀងទៅ ។ ទ្រើក និងត្រុយឈរអមសងខាង រាំចាក់ក្បាច់ធ្វើត្រាប់តាមអ្នករាំនៅលើឆាកចម្រៀង ពុតពែនខ្លួន ធ្វើដូចមនុស្សស្រី។ សាម៉នធ្វើមុខខឹងស្រែក
សាម៉ន៖ នែវើយ! ឆ្កែលូមកពីណា ថ្លង់ណាស់! រកតែដេកពួនមិនបាន !
ភួងម្លិះ និងកែវ អើតក្បាលតាមមាត់បង្អួចបន្ទប់ មើលទៅឆៃដែរ ។ ឆៃមើលឃើញភួងម្លិះនៅមាត់បង្អួច ឆៃញញឹម
ឆៃ៖ មិនមែនឆ្កែលូទេពុកមេភូមិ ! ខ្ញុំមកច្រៀងកំដរពុកមេភូមិឲ្យបានសម្រាន្តលក់ស្រួល!
ផៃបក់ដៃដេញឆៃ
ផៃ៖ មិនបាច់ទេៗ ! អាឆៃ ! ឯងទៅផ្ទះរកដេកពួនឲ្យស្រួលវិញទៅល្អជាង ! សំឡេងមើលតែមាន់អួលស្រូវអីចឹង មកស្រែកតម្លង់ឲ្យអញរឹតតែដេកមិនលក់ទៅវិញ! ទៅៗ ឆាប់ទៅផ្ទះវិញទៅ !
ឆៃគ្រវីក្បាល
ឆៃ៖ ខ្ញុំមិនច្រៀងក៏បានដែរ បើសម្លេងខ្ញុំមិនពិរោះ តែខ្ញុំចង់លេងភ្លេងកំដរពុកមេភូមិនិងម៉ែ ហើយនឹងអូនម្លិះ ឲ្យយប់យន់សុបិន្តល្អ ខ្ញុំមានចិត្តស្មោះ សុំម៉ែទទួលយកចិត្តស្មោះរបស់ខ្ញុំផង !
(នៅមានត)
ចែករំលែកព័តមាននេះ