ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

10 ឆ្នាំ មុន

ច័​ន្ទ្រ​និង​ម្លិះ​ប្រញាប់​ស្ទុះ​ទៅ​កៀន​ជិត​វាលស្រែ​ទាំង​ភិតភ័យ ។ គោ​នៅ​តែ​រត់​បោល​ពេញ​ផ្លូវ ។ គោ​រត់​មក​ជិត​ដល់​កន្លែង​ដែល​ម្លិះ​កំពុង​ឈរ ឃើញ​មុខ​ម្លិះ​ប្រឹង​ធ្មេញ​ភ្នែក​របៀប​ភ័យ​។ ស្រាប់តែ​ឃើញ​ដៃ​អរុណ​ចាប់​ទាញ​ខ្សែ​គោ​ទាំង​បី​ក្បាល​ជាប់

ច័​ន្ទ្រ​និង​ម្លិះ​ប្រញាប់​ស្ទុះ​ទៅ​កៀន​ជិត​វាលស្រែ​ទាំង​ភិតភ័យ ។ គោ​នៅ​តែ​រត់​បោល​ពេញ​ផ្លូវ ។ គោ​រត់​មក​ជិត​ដល់​កន្លែង​ដែល​ម្លិះ​កំពុង​ឈរ ឃើញ​មុខ​ម្លិះ​ប្រឹង​ធ្មេញ​ភ្នែក​របៀប​ភ័យ​។ ស្រាប់តែ​ឃើញ​ដៃ​អរុណ​ចាប់​ទាញ​ខ្សែ​គោ​ទាំង​បី​ក្បាល​ជាប់ រួច​ប្រឹង​ទាញ​ឲ្យ​ចេញ​ឆ្ងាយ​ពី​កន្លែង​ដែល​ម្លិះ​ឈរ ។ គោ​ទាំង​បី​ក្បាល​ឈប់​រត់ ហើយ​នៅ​មួយ​កន្លែង​ដោយសារ​តែ​កម្លាំង​ដៃ​របស់​អរុណ​ចាប់​ទាញ​ខ្សែ​ជាប់ ។ ម្លិះ​និង​ច័​ន្ទ្រ​ដែល​កំពុង​ភ័យ​អោបដៃ​គ្នា បើកភ្នែក​ឡើង​វិញ  សន្សឹម​ៗ ឃើញ​គោ​ឈរ​នៅ​ឆ្ងាយ​ពី​នោះ​។ ម្លិះ​ធ្វើ​ភ្នែក​ស្លឺ មើលទៅ​អរុណ​ដែល​កំពុង​ដែល​កាន់​ខ្សែ​គោ​យ៉ាង​ជាប់ ។ អរុណ​និង​ម្លិះ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក

អរុណ​៖ ភួង​ម្លិះ​អត់​កើត​អី​ទេ​មែន​ទេ ? 

ភួង​ម្លិះ​មើល​មុខ​អរុណ​ស្រទន់ រួច​ឆ្លើយ
ភួង​ម្លិះ​៖ ចា៎ អត់​អី​ទេ !

មាន​អ្នក​ជិះ​កង់​កាត់​នោះ កៀរ​ម្លិះ ធ្វើ​ឲ្យ​ម្លិះ​ខិត​ទៅ​ក្រោយ រអិល​កែងជើង វិះ​ផ្ងារ​ក្រោយ​ធ្លាក់​ទៅ​ក្នុង​វាលស្រែ ។ អរុណ​ព្រ​លែងដៃ​ពី​ខ្សែ​គោ ស្ទុះ​ទៅ​ចាប់​ទាញ​ដៃ​ម្លិះ កញ្ឆក់​មក​មុខ ធ្វើ​ឲ្យ​ខ្លួន​ម្លិះ​ជ្រុល​មក​ក្នុង​ដៃ​របស់​អរុណ​យ៉ាង​លឿន (​ស្កុប​យឺត​ៗ)​។ មុខ​អ្នក​ទាំង​ពីរ​នៅ​ក្បែរ​គ្នា​យ៉ាង​កៀក​។ អរុណ​និង​ម្លិះ​សម្លឹង​គ្នា​ទៅ​វិញ​ទៅ​មក​របៀប​ស្រទន់​។ (​ចប់​រូបភាព​ស្រ​ម៉ៃ​) ។

ឃើញ​មុខ​រឿង​អោន​ឈ្ងោក​ទៅ​ពីមុខ​អរុណ​របៀប​ឆ្ងល់ ។ អរុណ​ភ្ញាក់​ក្រញាង
អរុណ​៖ អូយ ម៉ែ​! ខ្ញុំ​ភ្ញាក់​សឹង​ស្លាប់​ទៅ​ហើយ !
រឿង​៖ ម៉ែ​ឃើញ​កូន​ឈរ​ភ្លឹក​រាប់​ម៉ោង​ហើយ បានជា​ឆ្ងល់ !

រឿង​មើលទៅ​ដើម​ផ្កាម្លិះ​របស់​អរុណ ដែល​កំពុង​រីក​ស្គុះស្គាយ រួច​ដកដង្ហើម​ធំ
រឿង​៖ រុណ​! ផ្កាម្លិះ​នៅផ្ទះ​យើង ជា​ផ្កា​នៅ​ក្នុង​ផើង​ធម្មតា​! កូន​ចង់​ស្រោច​ទឹក មើលថែ​    ​យ៉ាងណា​ក៏​អត់​បញ្ហា​ដែរ ! តែ​ផ្កាម្លិះ​ដែល​ដុះ​នៅផ្ទះ​លោក​មេ​ភូមិ ជា​ផ្កា​ក្នុង​ផើង​មាស​ណា​កូន ! មនុស្ស​សម្ម​ញ្ញ​ក្រីក្រ​ដូច​ជា​យើង ឈោង​មិន​ដល់​ទេ​!
អរុណ​ទ្រឹង​គិត​ទាំង​មុខស្ងួត ។

វ៉ា​ន់ នឿ​ន កែម អរុណ កំពុង​អង្គុយ​នាំ​គ្នា​ហាត់​លេងភ្លេង​បុរាណ មាន​អ្នក​ផ្លុំ​ខ្លុយ កូតទ្រ វាយរ​នាថ គោះ​ឈឹង ។ ពួក​គេ​កំពុង​តែ​ហាត់​លេងភ្លេង​បុរាណ ឮ​សូរ​សម្លេង​ដូច​ជា​មាន​មនុស្ស​ពួន​នៅ​ខាងក្រៅ​ផ្ទះ ក្រុម​អរុណ​បើកភ្នែក​ធំ​ៗ​មើល​មុខ​គ្នា​របៀប​ឆ្ងល់​។ វ៉ា​ន់​រាដៃ​ធ្វើ​សញ្ញា​កុំ​ឲ្យ​មាត់​រួច​វ៉ា​ន់​ដាក់​ឧបករណ៍​ភ្លេង​ចុះ​ឈាន​លប​ៗ​ទៅ​ពួន​មើល​នៅ​ក្បែរ​បង្អួច ។ វ៉ា​ន់​បង្ហើប​បង្អួច​ថ្នម​ៗ ។ រ៉េ​ត​អើត​ក្បាល​មក​ច្រ​ង៉ក់ វ៉ា​ន់​ភ្ញាក់​រុញ​ក្បាល​រ៉េ​ត
វ៉ា​ន់​៖
យ៉ី​ស​! អា​កូនកណ្តុរ​នេះ​សោះ​ធ្វើ​ឲ្យ​ឯង​ភ្ញាក់​សឹង​ស្លាប់​! ហើយ​ឯង​មក​លប​ៗ​    ​អី​នៅ​កៀន​ហ្នឹង​! ធ្វើ​មើល​តែ​ចោរ !

អរុណ​ស្ទុះ​ងើប​ចេញ​មក​ក្រៅ​ផ្ទះ​ចាប់​ទាញ​ដៃ​រ៉េ​ត​នាំ​ចូល​ក្នុងផ្ទះ​ធ្វើ​មុខ​ឆ្ងល់
អរុណ​៖ ហើយ​ឯង​មិន​ទៅ​រៀន​ទេ​ហ្អី ? ម៉េច​បានជា​មក​ធ្វើ​ស្អី​លប​ៗ​នៅ​ទី​នេះ​ទៅ​វិញ ? រ៉េ​ត​អេះ​ក្បាល​ធ្វើ​មុខជូរ
រ៉េ​ត​៖ ខ្ញុំ​ចង់​មក​លួច​រៀន​លេងភ្លេង​តាម​ពួក​បង​ហ្នឹង​ណា ! ខ្ញុំ​ប្រាប់​ហើយ​ថា​ខ្ញុំ​មិន​ចង់ រៀន​ទេ​! បង​រុណ​ស្តាប់​មិន​បាន​ទេ​ហ្អី ? 
បើ​ខ្ញុំ​មិន​ចង់​រៀន​ហើយ​បង​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​សាលា​ក៏​អត់​ប្រយោជន៍​ដែរ ! ខ្ញុំ​ចង់​ចេះ​លេងភ្លេង​បុរាណ​ភ្លេងសម័យ​តាម​ពួក​បង ! ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ការ​ស្រមៃ​របស់​ពុក​ដែល​ចង់​ថែរក្សា​ភ្លេងបុរាណ​នេះ​ឲ្យ​គង់វង្ស ! បង​ចង់​ធ្វើ​ជា​កូន​ល្អ​តែ​ម្នាក់ឯង​ហ្អី ? ខ្ញុំ​ក៏​ចង់​បំពេញ​បំណងប្រាថ្នា​របស់​ពុក​ដែរ​មិនមែន​មាន​តែ​បង​ម្នាក់​ទេ !

អរុណ​ទាញ​ដៃ​រ៉េ​ត​អោយ​ចូល​មក​អង្គុយ​ទល់​មុ​ស​មើល​រ៉េ​ត​ធ្វើ​មុខ​ម៉ឺងម៉ាត់
អរុណ​៖ រ៉េ​ត​! ឯង​ស្តាប់​បង​ឲ្យ​ច្បាស់​! មិនមែន​បង​មិន​ចង់​ឲ្យ​ឯង​រៀន​លេងភ្លេង​តាម​ចិត្ត​ឯង​ស្រលាញ់​នោះ​ទេ ! ប៉ុន្តែ​ជា​អ្នកសិល្បៈ​ក៏​នឹង​មិន​អាច​ល្ងង់ខ្លៅ​បាន ! ជា​អ្នក​សិល្បៈ​ត្រូវ​មានចំណេះ​ដឹង​ខ្ពស់​ទើប​អាច​ធ្វើខ្លួន​ឲ្យ​មាន​ភាព​រីក​ចម្រើន​លូតលាស់​! ទេព​កោសល្យ​ក៏​គួប​ផ្សំ​នឹង​ការ​ចេះ​ដឹង​តស៊ូ​ព្យាយាម ! មិនមែន​មាន​តែ​ទេព​កោសល្យ​    ​មួយ​មុខ​គ្រប់គ្រាន់​ទេ ! ពេល​ដែល​យើង​រៀនសូត្រ​ចេះ​ដឹង​យើង​មាន​ឧត្តមគតិ មាន​    ​គុណធម៌​និង​សច្ចៈ​ធម៌ ! ទើប​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​តម្លៃ​គ្រប់គ្រាន់​! ចំណុច​នេះ​ហើយ​ដែល​បង​ចង់​ឲ្យ​ឯង​គិតតែ​រឿង​រៀនសូត្រ​ឲ្យ​បាន​ចប់​សិន​ទៅ​! យ៉ាង​ហោច​ណាស់​ក៏​ឯង​ត្រូវ​រៀន​ចប់​ថ្នាក់​ទី​១២​សិន​ដែរ ! ពេល​ដែល​ឯង​មានចំណេះ​សម​ល្មម​ហើយ​ចាំ ហាត់រៀន​ខាង​ភ្លេង​ក៏​វា​មិន​ហួសពេល​ដែរ​! កុំ​សម្អាង​លើ​តន្ត្រី​យក​មក​ធ្វើ​មុខរបរ​ចិញ្ចឹមជីវិត​ហើយ​បោះបង់​ការ​រៀនសូត្រ​ធ្វើ​ឲ្យ​ខ្លួនឯង​ល្ងង់ខ្លៅ ! បើ​មាន​តែ​ជំនាញ​តែ​ខ្វះ​ចំណេះ​ក៏​មិន​អាច​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែរ !

កែម​៖ មែនហើយ​! អា​រ៉េ​ត​! ឯង​ស្តាប់​បងប្រុស​ឯង​ខ្លះទៅ​! ពួក​បង​សុទ្ធតែ​ចង់​ឲ្យ​ឯង​    ​មក​ជួយ​កាន់​ឧបករណ៍​ភ្លេង​គ្រប់​គ្នា​! ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​ឯង​ត្រូវ​រៀន​ឲ្យ​ចប់​ថ្នាក់​ទី​១២​ដូច​បង​ឯង​ប្រាប់​ដែរ ! មើល​ពួក​បង​ចុះ​! ព្រោះតែ​ជ្រួលជ្រើម​រឿង​ហាត់​តន្ត្រី​តាម​ក្តី​ស្រមៃ​របស់​ខ្លួន រៀន​ស្អី​ក៏​មិន​ចប់ ! ឃើញ​ទេ​ពេល​នេះ​យើង​ជួយ​តែង​ទំនុក​    ​ភ្លេង​ទំនុកច្រៀង​អរុណ​មិន​បាន​ទេ​! នៅ​ក្នុង​ក្រុម​បើ​ធ្វើ​អ្វី​ត្រូវធ្វើ​រួម​គ្នា​មាន​សមត្ថភាព​អាច​ជួយ​គ្នា​បាន​ទើប​រក​ភាព​រីក​ចម្រើន​ឃើញ​! ឥឡូវ​ឯង​ឃើញ​ស្រាប់​ហើយ ! ក្រុម​ភ្លេង​របស់​យើង​បាន​ត្រឹមតែ​លេងភ្លេង​បុណ្យ​ទាន​តាម​ភូមិ​ប៉ុណ្ណឹង​ឯង​! ចង់​ឈាន​ចូល​ដល់​រាជធានី​នឹង​គេ​ប្រៀប​ដូច​ជា​ការ​ស្រមៃ​ដែល​ពិបាក​នឹង​ឈោង​ដល់​! ហើយ​ក៏​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ទាល់តែ​សោះ ! រ៉េ​ត​ធ្វើ​មុខស្ងួត​ងាក​មើល​មុខ​គ្រប់​គ្នា

រ៉េ​ត​៖ បើ​ខ្ញុំ​ព្រម​យកចិត្តទុកដាក់​នឹង​ការ​រៀនសូត្រ ! តែ​ថ្ងៃ​សៅ​រ៏​អាទិត្យ​ខ្ញុំ​សុំ​មក​ហាត់ភ្លេង​ជាមួយ​ពួក​បង​តើ​បាន​ឬ​អត់ ? ខ្ញុំ​សន្យា​ថា​នឹង​ខំរៀន !

អរុណ​ទឹង​គិត​បន្តិច​រួច​ងក់ក្បាល​ដាក់​ដៃ​លើ​ក្បាល​រ៉េ​ត
អរុណ​៖ ណ្ហើយចុះ​! បង​ព្រម​ឲ្យ​ឯង​មក​ហាត់​ជាមួយ​បង​ថ្ងៃ​សៅរ៍​អាទិត្យ​! ប៉ុន្តែ​បង​ត្រូវ​ចាំ​មើល​ការ​សិក្សា​របស់​ឯង​សិន ! បើ​ឯង​រៀន​បាន​ពិន្ទុ​ល្អ​បង​នឹង​យល់ព្រម​តាម​ការ​សុំ​តែបើ​ឯង​រៀន​ធ្លាក់​ពិន្ទុ​បង​មិន​យល់ព្រម​ទេ !

រ៉េ​ត​លោតកញ្ឆេង​ស្រែក​ហ៊ោ​លើកដៃ​គ្រវី
រ៉េ​ត​៖ ជយោ​! ខ្ញុំ​ធានា​បង​រុណ​! ខ្ញុំ​សន្យា​ថា​ខ្ញុំ​នឹង​រៀន​ឲ្យ​បាន​ពិន្ទុ​ល្អ​! មិន​ឲ្យ​បង​ខកចិត្ត​ទេ​ជឿ​ខ្ញុំ​ចុះ​! អរគុណ​បង​រុណ​អរគុណ !

រ៉េ​ត​ស្ទុះ​មក​អោ​បក​រុណ​សើច​សប្បាយ​។ កែម នឿ​ន វ៉ា​ន់ មើល​មុខ​គ្នា​ញញឹម​គ្រវីក្បាល​តិច​ៗ
នឿ​ន​៖ យ៉ើស​! អា​ល្អិត​មួយ​នេះ​វា​ដូច​ខ្ញុំ​ពី​ដំបូង​អ​ញ្ចឹ​ង​! ឲ្យ​តែ​បាន​ហាត់ភ្លេង​! ពុក​ប្រើ​ឲ្យ​ធ្វើ​អី​ក៏​ធ្វើ​ដែរ !

ក្រុម​អរុណ​ហាត់​ប្រគុំ​ភ្លេង​បន្ត ។ រ៉េ​ត​ចូល​ទៅ​អង្គុយ​គោះ​ឈឹង​។ ពេល​គោះ​មិន​ត្រូវ​ភ្លេង​វ៉ា​ន់​យក​ខ្លុយ​ខោក​ក្បាល​រ៉េ​ត ។ រ៉េ​ត​ក្តោប​ក្បាល​គេច​បូញ​មាត់​លួច​ជេរ​វ៉ា​ន់​ខ្សឹប​ៗ​។ ពេល​វ៉ា​ន់​ងាក​មក​ឃើញ​ទាន់​រ៉េ​ត​ធ្វើ​ជា​អេះ​ក្បាល​សើច​ស្ញាញ ។

(​នៅ​មាន​ត​)