រាជធានីភ្នំពេញ ៖ ពិធីមង្គលការរបស់អ្នកនាងគង់ ចាន់ស្រីមុំ និងលោកគឹម សីហា កាលពីថ្ងៃទី១៤ មីនា ២០១៦ ហើយអ្នកទាំងពីរចង់បានកូនភ្លាម ប៉ុន្តែពួកគេនៅតែមិនបោះបង់ការងារសិល្បៈទេ ។
ជម្នះនឹងពាក្យស្នេហាភ្លើងចំបើងបែបយុវវ័យ គង់ ចាន់ស្រីមុំ និងគឹម សីហា បានរៀបចំពិធីមង្គលការដ៏អធិកអធមនៅសណ្ឋាគារលំដាប់ផ្កាយប្រាំដោយមានភ្ញៀវប្រមាណ៨០០នាក់ចូលរួម ។ ការតុបតែងរៀបចំពិធីមង្គលការទាំងមូលមិនចាញ់មង្គលការកូនប្រុសស្រីអ្នកមានទ្រព្យស្តុកស្តម្ភនៅកម្ពុជាឡើយ ។

តារាសម្តែងសាច់សខ្ចីសម្តីស្រទន់ នាងគង់ ចាន់ស្រីមុំ បញ្ជាក់ថា ក្នុងមួយជាតិមានមង្គលការតែម្តង ដូចនេះនាង និងស្វាមីមិនខ្លាចនឹងចំណាយទេ ហើយវាគឺជាកិត្តិយសរបស់នាង ស្វាមី និងក្រុមគ្រួសារទាំងសងខាង ពិសេសនាងចង់បន្សល់ទុកអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់ជីវិតនាង និងភ្ញៀវដែលចូលរួម។ «គឺជាស្នេហាពិត មិនមែនជាការសម្តែងទេ» ។
ដើម្បីរក្សាចំណងស្នេហ៍នេះឱ្យកាន់តែរឹងមាំ គង់ ចាន់ស្រីមុំ មិនបង្អង់យូរទេក្នុងការមានកូនដំបូង ។ ពួកនាងនឹងបង្កើតក្រុមគ្រួសារតូចមួយភ្លាមក្រោយរៀបការរួច ព្រោះទាំងនាង ស្វាមី និងក្រុមគ្រួសារទាំងសងខាងសុទ្ធតែចង់ឲ្យនាងមានកូន ឆាប់ៗ ។ ទោះបីមមាញឹកនឹងមុខជំនួញក្តី លីហ្សា និងគឹម សីហា នៅតែចង់ផ្តល់កំណើតឱ្យកូនដំបូងដែរ ។

ក្នុងពិធីមង្គលការរបស់គង់ ចាន់ស្រីមុំ អ្នកនាង យ៉ាន លីនដា បានផ្ញើវីដេអូឃ្លីបជូនពរដល់គូស្វាមី-ភរិយាថ្មីនេះ គ្រាដែលនាងមិនបានចូលរួម ។ លើសពីនេះអ្នកនាងលីនដា បានរៀបចំកាដូយ៉ាងពិសេស គឺកន្លែងក្រេបទឹកឃ្មុំរយៈពេល៣យប់៤ថ្ងៃ នៅកោះមា៉ល់ឌីវ ដើម្បីឆ្លើយតបតាមការក្តីប្រាថ្នារបស់គូអាពាហ៍ពិពាហ៍ដែលចង់ស្គាល់ទីនោះ។
មុនពេលបញ្ចប់ការទទួលទានអាហាររបស់ភ្ញៀវនារាត្រីមង្គលការនោះ តារាសម្តែង គឹម សីហា បានច្រៀងបទ «ពេលយើងចាស់ទៅ» ដ៏ផ្អែមល្ហែមជូនដល់ភរិយា និងភ្ញៀវកិត្តិយសស្តាប់កម្សាន្ត ។ បទចម្រៀងនេះធ្វើឲ្យគង់ ចាន់ស្រីមុំ រំភើបចិត្តរហូតស្រក់ទឹកភ្នែក ។ អ្នកទាំងពីរបានប្រកាសរួមគ្នានៅចំពោះមុខភ្ញៀវថា នឹងបន្តរក្សាចំណងស្នេហ៍នេះឲ្យស្ថិតស្ថិរគង់វង្សជារៀងរហូត បើទោះបីជាមានបញ្ហាប្រឈមចំពោះមុខក៏ដោយ ៕
ចែករំលែកព័តមាននេះ