អាល្លឺម៉ង់ ៖ ស្ត្រីអាល្លីម៉ង់ម្នាក់ដែលបានចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល១០ឆ្នាំ ពាក់ព័ន្ធនឹងការស្លា.ប់របស់ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ដែលជាជនជាតិភាតិច Yazidi។
តុលាការជាន់ខ្ពស់ប្រចាំតំបន់ បានរកឃើញថាស្ត្រីខាងលើ ដែលត្រូវបានគេស្គាល់ឈ្មោះថា Jennifer W. មានពិរុទ្ធពីបទឧក្រិ.ដកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងទាសភាព ដែលបណ្តាលឲ្យមានការស្លា.ប់មនុស្ស ព្រមទាំងជាសមាជិកក្រុមភេរវករ។ នេះបើតាមអ្នកនាំពាក្យរបស់តុលាការបញ្ជាក់។
Jennifer W. រស់នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០១៥ ជាមួយនឹងប្តីរបស់នាងដែលជាអ្នកប្រយុទ្ធរបស់ក្រុម ISIS នៅពេលដែលប្តីនាងបានទិញស្ត្រីជនជាតិភាតិច Yazidi ម្នាក់និងកូនស្រីរបស់ស្ត្រីរូបនេះជាទាសករ។
អ្នកនាំពាក្យតុលាការថ្លែងថា ប្តីរបស់ស្ត្រីខាងលើក៏កំពុងប្រឈមនឹងការកាត់ទោសផងដែរនៅក្នុងទីក្រុង Frankfurt ពាក់ព័ន្ធនឹងការរំលោ.ភបំពានលើស្ត្រីជនជាតិ Yazidi និងកូនស្រីរបស់គាត់។
ម្តាយរបស់ក្មេងស្រីរងគ្រោះគឺជាសាក្សីដ៏សំខាន់ម្នាក់នៅក្នុងការកាត់ក្តី។ សេចក្តីប្រកាសរួមរបស់តុលាការបានដកស្រង់សម្តីរបស់ស្ត្រីជាម្តាយថា «ខ្ញុំពិជាមានអារម្មណ៍លំបាក់ខ្លាំងណាស់ក្នុងការស្តាប់សាលក្រមនៅថ្ងៃនេះ។ រឿងកន្លងទៅទាំងប៉ុន្មានវាបានត្រឡប់មកវិញ។ ខ្ញុំរីករាយណាស់ ក្រោយពេល ៦ឆ្នាំ តុលាការអាល្លឺម៉ង់បានកំណត់ថា ចុងចោទត្រូវទទួលខុសត្រូវចំពោះការស្លា.ប់របស់កូនស្រីខ្ញុំ។ ប៉ុន្តែគ្មានការកាត់ទោសណាអាចធ្វើឲ្យកូនស្រីខ្ញុំត្រឡប់មកវិញបានទេ»។
មេធាវីរបស់ស្ត្រីរងគ្រោះបានិយាយថា ចុងចោទត្រូវបានគេជឿជាក់ថាជាសមាជិកក្រុមរដ្ឋអ៊ីស្លាម ISIS ដំបូងបង្អស់ដែលត្រូវបានកាត់ទោសពីបទឧក្រិ.ដកម្មអន្តរជាតិប្រឆាំងនឹងជនរងគ្រោះ Yazidi។
ការកាត់ទោសនោះដំណើរការទៅរយៈពេល៧៧ថ្ងៃ។ ស្ត្រីអាល្លឺម៉ង់រូបនោះបដិសេធការចោទប្រកាន់ ហើយក្រុមការពារក្តីរបស់នាង មានពេលមួយសប្តាហ៍ដើម្បីប្តឹងទៅឧទ្ធរណ៍៕ (យោងតាមប្រភព៖ CNN)








ចែករំលែកព័តមាននេះ