រាជធានីភ្នំពេញ ៖ តារាសម្តែងវ័យក្មេងនាង វី កាន់ដា បានប្រកាសប្រឡូកអាជីពសិល្បៈឲ្យបានជាប់លាប់ឡើងវិញ បន្ទាប់ពីខកខានមិនចេញមុខជាង២ឆ្នាំកន្លងមក ក្រោមហេតុផលរវល់ការសិក្សា និងការងារផ្ទាល់ខ្លួនមួយចំនួន ។
ការប្រកាសរបស់តារាវ័យក្មេងរូបនេះ កាលពីពេល ថ្មីៗកន្លងមក ។ ជាក់ស្តែង វី កាន់ដា បានចូលរួមសម្តែងជាថ្មីក្នុងបទចម្រៀង «ឌឺ៩» របស់ផលិតកម្មហង្សមាស និងបទ «គេមិនស្លូតដូចបង» របស់ផលិតកម្មថោន និងបទមួយចំនួនទៀតដែលចេញលក់ជាបន្តបន្ទាប់ ។
តារាស្រីមានដើមកំណើតពីខេត្តបាត់ដំបងនាង វី កាន់ដា អះអាងប្រាប់កោះសន្តិភាពថា នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអំឡុងឆ្នាំ២០១២មកម៉្លេះ ពោលចាប់តាំងពីនាងចូលរួមប្រឡងកម្មវិធីកញ្ញាឯកឲ្យផលិតផលមួយនៅស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ។ ថ្វីដ្បិតតែនៅក្នុងកម្មវិធីនោះ វី កាន់ដា មិនបានទទួលជ័យលាភីជាដុំកំភួនក៏ដោយ ប៉ុន្តែដោយសារមិត្តភក្តិដែលចូលរួមប្រកួតដូចគ្នាណែនាំ នាងក៏មានឱកាសចេញថតជាបន្តបន្ទាប់ ជាពិសេសគឺថតស្ប៉តពាណិជ្ជកម្ម ។ ក្រោយមកដោយសារ វី កាន់ដា ជាប់រវល់ភារកិច្ចផ្ទាល់ខ្លួន នាងខកខានមិនទទួលយកការថត ផ្សេងៗ អស់រយៈពេលជាង២ឆ្នាំ ។ ទើបតែ ថ្មីៗកន្លងមក កាន់ដា យល់ព្រមទទួលយកការសម្តែងឡើងវិញ ព្រោះយល់ថាការងាររាងស្បើយបន្តិច ។
បើតាមវី កាន់ដា ការបង្ហាញវត្តមានជាថ្មីនេះ គឺការសម្តែងកាយវិការក្នុងបទចម្រៀងមួយចំនួននៅក្នុងផលិតកម្មធំ២ គឺផលិតកម្មរស្មីហង្សមាស និងផលិតកម្មថោន ខណៈពេលនាងកំពុងតែត្រៀមខ្លួនថតជាបន្តបន្ទាប់ទៀត ។
រហូតមកដល់ពេលនេះ វី កាន់ដា នៅមិនទាន់ទទួលបានសំណើពីបណ្តាម្ចាស់ផលិតកម្មណាមួយក្នុងការថតខ្សែភាពយន្តនៅឡើយទេ ព្រោះនាងទើបតែចាប់ផ្តើមសាជាថ្មី ហើយរង់ចាំមើលថាតើនាងអាចធ្វើបានល្អទៅតាមអ្វីដែលគេចង់បាន ឬយ៉ាងណា ។
បើទោះជាមិនទាន់មានតម្រុយធំយ៉ាងណាក៏ដោយ ប៉ុន្តែវី កាន់ដា ដាក់ចិត្តទទួលការសម្តែងឡើងវិញ ព្រោះតែពេលនេះនាងអាចមានពេលវេលាគ្រប់គ្រាន់ សម្រាប់អាជីពសិល្បៈមួយនេះ ។
ពាក់ព័ន្ធនឹងជីវិតស្នេហាវិញ នាងឆុំ វីកាន់ណាដា ឬវី កាន់ដា អះអាងថា មកដល់ពេលនេះនាងនៅមិនទាន់គិតនៅឡើយទេ ខណៈដែលរហូតមកពេលនេះនាងមិនទាន់មានម្ចាស់ចិត្តនៅឡើយ ។
តារាស្រីវ័យ២៥ឆ្នាំ វី កាន់ដា មិនបិទបេះដូងឡើយ ពោលគឺនាងនឹងទទួលយកបុរសណាម្នាក់ដែលនាងគិតថា ជាមនុស្សល្អ មានការទទួលខុសត្រូវលើគ្រួសារ និងឪពុកម្តាយ ដោយនាងមិនប្រាថ្នាខ្ពស់ណាស់ណាឡើយ ព្រោះនាងជាមនុស្សសាមញ្ញប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ