ឆៃ៖ បើអីុចឹង! អូនភួងម្លិះចង់ញាំអី ផឹកអីក៏តាមចិត្តចុះ ថ្ងៃនេះបងឆៃជាអ្នកប៉ាវ !
ភួងម្លិះ ៖ ខ្ញុំមានលុយសម្រាប់ចេញខ្លួនឯង មិនត្រូវការលុយកាក់របស់អ្នកដទៃទេ !
រ៉េតសើចស្ញាញ ធ្វើដៃក្តក់ដាក់ឆៃ
រ៉េត៖ បងឆៃ ! នៅទីនេះ មានអ្នកចាំឲ្យបងប៉ាវច្រើនណាស់! មិនខ្វះទេ ! បងចង់ចេញលុយមែនទេ! ពួកខ្ញុំមានគ្នាប្រាំនាក់ !
នាយត្រុយពែបមាត់
ត្រុយ៖ ពួកឯងជាស្អីទៅ ! ពិសេសកម្រិតណា ដែលលោកបងយើងចាំបាច់ ចេញលុយចេញកាកឲ្យពួកឯងនោះ ! ឬមួយក៏ធ្វើជាចូលទាមកាហ្វេ អួតរាងដាក់មុខស្រីៗ ប៉ុន្តែគ្មានលុយចេញថ្ងៃកាហ្វេក៏មិនដឹង !
វ៉ាន់ងើបឈរឡើង បត់ដៃអាវ បត់ដុំដៃ បង្ហាញសាច់ដុំ
វ៉ាន់៖ អឺណ៎ ! ថ្ងៃនេះអញដូចជារមាស់ដៃដល់ហើយវើយ ! ចង់តែសំពងក្បាលឆ្កែយ៉ាងម៉េចមិនដឹងទេ! អាឆ្កែពូកែលុតក្រាប អែបអម ចង់តែដាក់ឲ្យវាចំក្បាលម្តង ! ចាំមើលនៅពូកែព្រូសទៀតទេ !
មីងណាត ចេញពីក្នុងផ្ទះមកដល់តូបលក់កាហ្វេ ធ្វើមុខមាំ
ណាត៖ នែវើយ ! មានរឿងអីហ្នឹង ! ម៉េចក៏ អ៊ូអរ ជ្រួលជ្រើមម្លេះវៃ! នេះទាមលក់កាហ្វេរបស់ចែណាតណា! មិនមែនសៃវៀនប្រដាល់ទេវើយ!
ឆៃ៖ ខ្ញុំមករកផឹកកាហ្វេទេមីង ! មិនបានមកសន្សំរឿងជាមួយអ្នកណាទេ ! តែពួកមាត់ចាបមាត់ព្រាបអស់នេះ វាជាអ្នកអុចអាលមុន !
ភួងម្លិះទាញដៃកែវ
ភួងម្លិះ៖ តោះបងកែវ ! យើងទៅផ្ទះវិញ! ឈប់ចាំកាហ្វេហើយ ! ច័ន្ទ្រឲ្យកាហ្វេមក ហើយគិតលុយទៅ !
ច័ន្ទ្រ៖ អឺ! ចាំមួយភ្លែត!
ច័ន្ទ្ររត់ទៅយកថង់កាហ្វេ និងដាក់ទឹកកកក្នុងថង់ យកមកឲ្យកែវ ។
សាម៉នកាន់ឈរច្រត់ក្រពាត់ដៃទៅក្រោយដើរចុះឡើងៗអើតមើលទៅផ្លូវច្រកចូល បណ្តើរធ្វើមុខមិនសប្បាយចិត្ត
សាម៉ន៖ ចុះកូនម្លិះទៅទិញកាហ្វេប៉ុណ្ណឹងក៏យូរម្ល៉េះមើលតែទៅសុំភ្លើងយក្ស! ប្រហែលជាមានរុយតាមចោមរោមទៀតហើយមើលទៅ! ចេញដើរទៅណាមិនបាន មែនវ៉ើយពួកអារុយ អាមមុងស្រុកនេះ ជ្រើមមែនទែនពិបាកការពារណាស់! អាម៉ាប់ អើយអាម៉ាប់!
ឮសូរសម្លេងនាយម៉ាប់ស្រែកពីក្នុងផ្ទះ
ម៉ាប់៖ បាទ!
មិនឃើញនាយម៉ាប់ចេញមកក្រៅ សាម៉នបើកភ្នែកធំៗស្រែក
សាម៉ន៖ អឺអាម៉ាប់! បាទៗហ្នឹងឮតែសម្លេងមិនឃើញមុខ ! ឯងរវល់តែធ្វើស្អីម៉េចក៏ មិនព្រមចេញមក !
នាយម៉ាប់លើកចានដែកបោកខោអាវមានទាំងខោអាវទឹកសាប៊ូកន្លះចានដែករត់ចេញមកតតេះតតះ ។ សាម៉នបើកភ្នែកធំៗ
សាម៉ន៖ ហើយឯងវាយ៉ាងម៉េចអាខ្មាប់!
បានជាលើកខោអាវមកតតេះ តតះកំពប់ពេញផ្ទះឥឡូវហើយ !
ម៉ាប់៖ មកពីខ្ញុំកំពុងជាប់ដៃបោកខោអាវហើយលោកអ៊ុំចេះតែស្រែកហៅខ្ញុំឲ្យចេញមកៗ!
សាម៉នលើកឈើច្រត់គោះក្បាលនាយម៉ាប់ធ្វើមុខខឹង
សាម៉ន៖ យ៉ីស! អាឡីឡឺនេះ! ចុះឯងទុកខោអាវសិនទៅ! ចេញមកតែខ្លួនមិនបានទេហ្អី0x017d7 ចាំបាច់លើកមកទាំងភ្នែនអញ្ចឹង !
ម៉ាប់ខំប្រឹងគេចឈើច្រត់
ម៉ាប់៖ ខ្ញុំមិនមែនចេញមកទាំងភ្នែនទេអ៊ុំ! ខ្ញុំចេញតែខ្លួនទេ!
សាម៉ន៖ អញសំពងក្បាលបែកឥឡូវហើយ! តវ៉ាមិនឈប់សោះអាមួយនេះ! ឆាប់យកចានដែកទៅទុកហើយទៅតាមមើលកូនម្លិះភ្លាមទៅ! គ្រាន់តែកាហ្វេមួយថង់ម៉េចក៏យូរម្ល៉េះ!
ម៉ាប់ធ្វើមុខជូរលើកចានដែកចូលក្នុងផ្ទះវិញរអ៊ូបណ្តើរ
ម៉ាប់៖ មិនដឹងជាស្អីទេអ៊ុំ! មានកូនស្រីមួយឃ្វាលអីក៏ឃ្វាលម្លឹងៗ! អូនម្លិះច្បាស់ជា នៅក្រមុំចាស់មួយអាយ៉ូសហើយមើលទៅ !
សាម៉ន៖ ឯងរអ៊ូស្អីអាម៉ាប់! និយាយឱ្យឮជាងនេះបន្តិចទៅមើល!
ម៉ាប់! ខ្ញុំមានថាអី! ខ្ញុំនិយាយតែខ្ញុំឯនេះសោះហ្នឹង !
សាម៉នលើកឈឺច្រត់បម្រុងសំពងក្បាលនាយម៉ាប់តែនាយម៉ាប់លើកចានដែករត់គេចយ៉ាងលឿន សាម៉នលើកឈើច្រត់ដេញតាមវាយនាយម៉ាប់ទៅចំមីងផៃកំពុងតែដើរចេញមក។ មីងផៃស្រែកមុខខឹង
ផៃ៖ អូយ !
សាម៉នបើកភ្នែកធំៗទម្លាក់ឈើច្រត់ចុះឈរត្រង់ខ្លួនភ្នែកសស្កាសរបៀបខ្លាចប្រពន្ធ
សាម៉ន៖ សូមទោសៗ! ម៉ែវា! បងអត់មានចេតនាទេ !
មីងផៃក្តោបថ្ងាសដកដៃមកឡើងប៉ោងជាំខៀវ។ មីងផៃអង្អែលថ្ងាសកន្លែងជាំបើកភ្នែកធំៗដាក់សាម៉ន
ផៃ៖ គ្មានចេតនាផងក្បាលខ្ញុំពកប៉ុណ្ណឹងហើយ! បើឯងមានចេតនាទៀតក្បាលខ្ញុំមិន បែកទេហ្អី! ដូចខ្វាក់ភ្នែកអញ្ចឹង ! ភ្នែកដល់ទៅបួនហើយនៅមើលមិនឃើញទៀត !
មីងផៃស្ទុះមកទាញវ៉ែនតាម្ញូបចេញពីភ្នែកសាម៉ន ។ សាម៉នមើលមិនឃើញគិតតែពីរាវ ដើរទៅជល់ទ្វារមូងម៉ាំងម្នាក់ឯង
សាម៉ន៖ ណែៗ! ម៉ែវា! ឆាប់អោយវែនតាមកខ្ញុំវិញកុំលេងច្រើនពេក! ឯណាវែនតា !
កែវជិះម៉ូតូកូនទាដឹកភួងម្លិះ ថង់កាហ្វេព្យួរនៅដៃម៉ូតូ។ ឆៃជិះម៉ូតូឌុបនាយទ្រើកនាយត្រុយជិះតាមអែបក្បែរម៉ូតូភួងម្លិះញាក់មុខញាក់មាត់និយាយបណ្តើរ
ឆៃ៖ អូនម្លិះ! ជិតដល់ថ្ងៃបុណ្យបញ្ចុះសីមាហើយ! បងឆៃចាំអូននៅឯវត្តថ្មីណា ! ភួងម្លិះធ្វើមុខហ៊ី
ភួងម្លិះ៖ ជើងមិនជាប់គ្នាឯណា! ឆៃចង់ទៅណាក៏ទៅៗអត់មានទាក់ទងជាមួយខ្ញុំទេ!
ឆៃ៖ ម្លិះ! ឱ្យឱកាសបងខ្លះទៅ! ហើយម្លិះក៏ឱ្យឱកាសខ្លួនឯងដែរ ! សាកល្បងស្គាល់ចិត្តជាមួយបងឆៃទៅ ! ម្លិះនឹងដឹងថាបងឆៃជាមនុស្សល្អហើយស្រឡាញ់ស្មោះត្រង់ជាមួយម្លិះប៉ុណ្ណានោះ !
ត្រុយ៖ មែនហើយអ្នកបង ! លោកបងខ្ញុំជាបុរសចិត្តស្មោះមួយនិងមួយ ! គេថាស្រីស្អាតគូនិងប្រុសសង្ហាដូចថ្ងៃគូនិងព្រឹកទឹកគូនិងត្រី! មេឃគូដីព្រៃគូនិងម្រឹគ !
អរុណជិះកង់ដឹងរ៉េត ។ នឿនដឹកវ៉ាន់ ។ កែនជិះម្នាក់ឯងកំពុងខំប្រឹងធាក់កង់តាមម៉ូតូម្លិះនិងឆៃពីចម្ងាយ ។ អរុណបែកញើសពេញមុខ
រ៉េត៖ លឿនឡើងលោកបងលឿនឡើង! ជិះឱ្យទាន់អន្ទិតឆៃទៅ! លោកបងមិន ឃើញទេហ្អីគេតាមញ៉ែបងម្លិះនៅនឹងមុខនឹងមាត់បែបនេះ! អរុណលើកដៃម្ខាងជូតញើសថ្ងាសបណ្តើរ
អរុណ៖ បងឃើញហើយ! តែកង់ជិះតាមម៉ូតូឲ្យទាន់យ៉ាងម៉េចទៅ !
កែវបត់ម៉ូតូពាំងពីមុខម៉ូតូឆៃ ។ ឆៃភ្ញាក់ខំកាច់ចង្កូតម៉ូតូគេចធ្លាក់ចំស្នាមភ្លោះកៀនផ្លូវដួលម៉ូតូ ធ្លាក់ពីលើម៉ូតូទាំងអស់គ្នា ទ្រើកនិងត្រុយស្រែកថ្ងូររលាត់ដៃជើងខំនាំគ្នាស្ទុះស្រវ៉េស្រវ៉ាងើបឈរ ។ កែវនិងម្លិះអស់សំណើចរួចកែវជិះម៉ូតូយ៉ាងលឿនទៅបាត់ ។ ទ្រើកនិងត្រុយនាំគ្នាជួយលើកឆៃឡើងពីកន្លែងស្នាមភ្លោះមុខឆៃប្រលាក់ដៃស្រម៉ក។ ក្រុមអរុណជិះកង់មកដល់ឈប់កង់នាំគ្នាសើចចំអកឱ្យឆៃ
វ៉ាន់៖ ណែ! អន្ទិតឆៃ! ផ្លូវនេះគេវាស់រួចហើយមិនបាច់វាស់ទៀតទេ !
ឆៃថ្ងូរបណ្តើរស្រវ៉ាដុំថ្មគប់វ៉ាន់
ឆៃ៖ យ៉ើសអាខ្វាន់! ឯងហ៊ានសើចចំអកឲ្យយើងផងហ្អី !
ក្រុមរបស់អរុណនាំគ្នាអូសកង់រត់គ្រវីដៃបាយបាយដាក់ពួកឆៃ ។ ឆៃស្ទុះបម្រុងដេញទាត់វ៉ាន់តែឈឺជើងក្តោបជើងថ្ងូរអង្គុយចុះទៅវិញ
ឆៃ៖ អូយៗ! ជើងអញរមួលក្រពើហើយជួយអញផងអាទ្រើកអាត្រុយ !
សាម៉នចុះពីលើផ្ទះជាមួយម៉ាប់
សាម៉ន៖ ទៅយកម៉ូតូចេញមកអាម៉ាប់! ជូនអញទៅមើលកូនម្លិះបន្តិចម៉េចក៏យូរម្ល៉េះ !
កែវជិះម៉ូតូចូលមកដល់ទីធ្លាមុខផ្ទះ
ម៉ាប់៖ នុះ! អូនម្លិះអូនកែវមកដល់ហើយ អ៊ុំ! ប្រាប់ហើយថាបន្តិចទៀតគង់តែមកដល់ទេ! តែអ៊ុំមិនជឿ! គ្រាន់តែទៅទិញកាហ្វេប៉ុណ្ណឹងក៏ចង់ទៅតាមដែរ! យ៉ាប់មែនអ៊ុំនេះ !
សាម៉នបើកភ្នែកធំៗ
សាម៉ន៖ ឯងថាអ្នកណាយ៉ាប់ !
ម៉ាប់សើចស្ញេញអេះក្បាល
ម៉ាប់៖ ខ្ញុំថាខ្លួនឯងនិងណាអ៊ុំ! ថាខ្ញុំនេះវាយ៉ាប់!
សាម៉នងាកទៅរកកែវនិងម្លិះ
សាម៉ន៖ អឺ! កាហ្វេមួយថង់ប៉ុណ្ណឹងម៉េចក៏យូរម្ល៉េះកូន ?នេះពុករៀបនឹងទៅតាម
(នៅមានត)
ចែករំលែកព័តមាននេះ