ឆៃនិងត្រុយធ្វើកាយវិការចុះឡើងៗ ជល់ក្បាលគ្នាស្រែកក្រោបក្បាលទាំងអស់គ្នា ។
នាយទ្រើក កំពុងជិះកង់ចូលមកឈប់ក្បែរតុត្រីក្រឹម របៀបហត់ដង្ហក់និយាយមួយៗ ដូចឈ្មោះរបស់គេ
ទ្រើក៖ លោកបង ! ឲ្យលឿនឡើងទៅលោកបង !
ទ្រើកនិយាយមួយៗ ទម្រាំតែចប់ ហើយនាយត្រុយខំប្រឹងស្តាប់ចង្ហរមាត់ ឆៃបើកភ្នែកធំៗ
ឆៃ៖ នែ! អាទ្រើក! ហ្អែងកុំទ្រើកដូចឈ្មោះពេកបានទេហ្អា ! និយាយទម្រាំតែចេញមួយម៉ាត់ៗ អញខំប្រឹងស្តាប់ឡើងរួយត្រចៀកទៅហើយ! ហើយរៀននិយាយឲ្យមានក្បាលមានកន្ទុយបន្តិចទៅមើល ! ហ្អែងប្រុងឲ្យអញទៅណា លឿនៗហ្នឹង !
ទ្រើករឹតទ្រូងបណ្តើរឲ្យបាត់ហត់ ចង្អុលទៅមាត់ផ្លូវនិយាយ តតាក់តតុប
ទ្រើក ៖ កូនក្រមុំលោកមេភូមិនៅហាងកាហ្វេឯណោះលោកបង ! ឆាប់ទៅឲ្យលឿន តិចគេទៅផ្ទះវិញបាត់! ខ្ញុំឃើញពួកអរុណក៏នៅទីនោះដែរ ! វាកំពុងតែចង់លូកថ្លើមលោកបងហើយ !
ឆៃស្ទុះងើបឈរដូចខឹង
ឆៃ៖ យឺ ! អរុណ! អាអាចម៍គោ វាចង់កាច់ផ្កាម្លិះយកទៅដោតលើអាចម៍គោផងហ្អី! ពិតជាមិនចេះប្រមាណខ្លួនមែន! ឯងក៏អីចឹងដែរ! ទម្រាំតែនិយាយចេញអូនភួងម្លិះរបស់អញទៅផ្ទះ បាត់ហើយក៏មិនដឹង !
ឆៃរត់ទៅអូសម៉ូតូពីក្រោមផ្ទះ បញ្ឆេះមិនព្រមឆេះសោះ។ ទ្រើក និងត្រុយ នាំគ្នារត់មកជួយរុញម៉ុតូ
ត្រុយ៖ លោកបងដាក់លេខទៅ! ដាក់លេខ !
ទ្រើក និង ត្រុយ រុញម៉ូតូ ឆៃដាក់លេខ ទ្រើកនិងត្រុយលោតឡើងជិះម៉ូតូពីក្រោយឆៃ ឆៃបើកលឿនពេក គ្រវីពេញផ្លូវ ។
អរុណ នឿន កែម រ៉េត អង្គុយនៅតុមួយជុំគ្នា ច័ន្ទ្រលើកកាហ្វេទឹកដោះគោ ទឹកស៊ីរ៉ូ និងតែក្រូចឆ្មាមកដាក់ឲ្យក្រុមអរុណ ។ ច័ន្ទ្រលើកកែវដាក់មុខគ្រប់គ្នា តែអត់មានកែវសម្រាប់ វ៉ាន់ ទេ ។ វ៉ាន់បើកភ្នែកធំៗ មើលមុខច័ន្ទ្រ
វ៉ាន់៖ ឯណាកាហ្វេទឹកដោះគោរបស់ខ្ញុំ! លក់ឬមិនលក់ ? បើមិនចង់លក់ទេ នឹងអាលគេទៅផឹកកន្លែងផ្សេង !
ច័ន្ទ្រធ្វើមុខឌឺដាក់វ៉ាន់ កាន់ថាសដែលដាក់កែវ រលាស់ចុះរលាស់ឡើង ក្បែរក្បាលរបស់វ៉ាន់ ធ្វើឲ្យវ៉ាន់ងាក់គេចចុះឡើងៗ
ច័ន្ទ្រ៖ គឺខ្ញុំមិនចង់លក់ឲ្យមនុស្សមាត់ដាច! តើយ៉ាងម៉េចដែរ ? អត់មានអន្ទិតវ៉ាន់ឯងម្នាក់ផឹកនៅតូបនេះ ក៏ខ្ញុំមិនរលំដែរ ចង់ផឹកកន្លែងណាក៏ទៅចុះ !
ម្លិះញញឹម
ម្លិះ៖ យ៉ាងម៉េចទៅហើយច័ន្ទ្រ ! រវល់តែនៅរករឿងបងវ៉ាន់នឹងហើយ ! ទឹកដោះគោទឹកក្តៅរបស់ខ្ញុំពេលណាទើបបាន !
ច័ន្ទ្រលើកថាសគ្រវីចុះឡើងដាក់មុខវ៉ាន់
ច័ន្ទ្រ៖ មកពីមុខនឹងគួរឲ្យចង់រករឿងនោះអី! ឃើញមុខឆ្អែតបាយបីថ្ងៃឯណោះ! នៅមិនដឹងខ្លួនទៀត! បើដឹងថាគេជ្រេញមុខប៉ុណ្ណឹងហើយ នៅខំប្រឹងអើតក្បាលមកទៀត !
វ៉ាន់បើកភ្នែកធំៗ ស្ទុះងើបឈរឡើង
វ៉ាន់៖ នែ! នាងក្រមុំចាស់! អាយុប្អូនគេទេ! ឲ្យចេះស្គាល់សុជីវធម៌ខ្លះផង! និយាយជាមួយអ្នកណាក្បាលៗ ហ្នឹង !
ច័ន្ទ្រពែបមាត់ដាក់វិញ
ច័ន្ទ្រ៖ និយាយជាមួយអ្នកឈរពីមុខហ្នឹងហើយ ! ម៉េចក៏ចាំបាច់សួរ ! ប៉ុណ្ណឹងម៉េចក៏ចាំបាច់សួរ ! ភ្លឺម្លេះ!
វ៉ាន់បើកភ្នែកធំៗ ខាំមាត់ដាក់ច័ន្ទ្រ
វ៉ាន់៖ កុំតែគិតថាមនុស្សស្រីទេ!ហឺ! កុំអី…..
ច័ន្ទ្របើកភ្នែកធំៗ ក្តាប់ដៃដាក់វ៉ាន់វិញ
ច័ន្ទ្រ៖ កុំអីយ៉ាងម៉េច ! យ៉ាងម៉េចនិយាយទៅមើល! ចង់យ៉ាងម៉េច !
វ៉ាន់ និង ច័ន្ទ្រ សង្គ្រឺតដាក់គ្នាទៅវិញទៅមក កែវស្ទុះទៅចាប់ទាញច័ន្ទ្រចេញ ហើយអរុណស្ទុះទៅចាប់ទាញវ៉ាន់
អរុណ៖ បានហើយៗ ! អ្នកភូមិផងរបងជាមួយគ្នាសោះ! ឈ្លោះគ្នាធ្វើអីទៅវ៉ាន់ ! រឿងកន្លងហួសហើយបំភ្លេចចោលទៅ ទុកក្នុងចិត្តនាំតែសៅហ្មង អត់ប្រយោជន៍ !
ឆៃជិះម៉ូតូចូលមកដល់ រួចឆៃនិងត្រុយ ចុះពីលើម៉ូតូយ៉ាងលឿង ចំណែកទ្រើកនៅទើមៗ ចុះក្រោយគេ ឆៃដើរពើងទ្រូង គ្រវីខ្លួន ធ្វើឬករាងប្រុសសង្ហា ចូលមកឈរទល់មុខភួងម្លិះ
ឆៃ៖ ថ្ងៃនេះកម្រងផ្កាម្លិះ ចោលគន្ធពិដោរក្រអូបសប់សាយរសាត់ទៅដល់នាសារបស់បងឆៃ ធ្វើឲ្យបងឆៃនៅមិនសុក បក់មិនល្ហើយ ខំស្កាត់ពីនាយមកដល់អាយ
ដើម្បីឆោមឆាយ ម្ចាស់ជីវិត បេះដូងស្មោះពិត តែភួងម្លិះមួយ !
ភួងម្លិះធ្វើមុខហួសចិត្ត
ភួងម្លិះ៖ អ្ហេ! តួឯកល្ខោន ច្រៀងច្រលំរោងទេដឹង ! នៅកន្លែងនេះអត់មានវង់ល្ខោនទេ !
ឆៃបង្វិលខ្លួនជ្រែងហោបៅចុះឡើងៗ ពីមុខភួងម្លិះ
ឆៃ៖ បងមិនបានច្រលំរោងល្ខោនទេ! គឺក្លិនផ្កាម្លិះរសាត់ទៅដល់ច្រមុះបង ទើបបងប្រញាប់ធ្វើដំណើរស្កាត់មកជួបម្ចាស់ដួងចិត្ត ! ភួងម្លិះមកទិញកាហ្វេមែនទេ ?
កែវ៖ ច៎ា! ពួកយើងមកទៀមកាហ្វេ បើមិនទិញកាហ្វេស្មានថាមកទិញបន្លែហ្អី !
(នៅមានត)
ចែករំលែកព័តមាននេះ