អរុណ៖ ឯងកុំគិតអញ្ចឹង ! ទោះជាបងមានគ្នាមិនគ្រប់ក៏ដោយ យើងហាត់បានប៉ុនណា យកប៉ុណ្ណឹងទៅ ! បងសន្យាថានឹងខំរកប្រាក់ឲ្យឯងរៀនរហូតដល់ចប់មហាវិទ្យាល័យ ! មិនឲ្យឯងនៅធ្វើស្រែ ឬក៏លេងភ្លេងកំប៉ិចកំប៉ុកដូចជាបងនៅពេលនេះទេ! ឯងគិតតែតាំងចិត្តរៀនឲ្យបានល្អទៅបានហើយ!
នៅផ្ទះវុធនៅបន្ទប់ដាក់ឧបករណ៍ភ្លេង។ វ៉ាន់ នឿន និងកែមដែលកំពុងជូតសម្អាតឧបករណ៍ភ្លេង
វ៉ាន់៖ យើងគិតថាក្រុមភ្លេងរបស់យើងនេះជាក្រុមភ្លេងកំប៉ិចកំប៉ុក ត្រូវស្វែងរកឫសគល់ និងចំណុចខ្សោយខ្លួនឯងឲ្យឃើញថា ត្រូវធ្វើយ៉ាងម៉េចដើម្បីផ្លាស់ប្ដូរលទ្ធផលដែលយើងបានទទួលសព្វថ្ងៃនេះ! មិនថាមុខជំនាញអ្វី មុខរបរអ្វីទេ បើយើងតាំងចិត្តថាធ្វើអ្វីមួយ ឬក៏រៀនអ្វីមួយ ត្រូវតែឲ្យចេះប្រាកដ! ដូចជាពាក្យចាស់ថា ចេះដប់មិនស្មើអ្នកប្រសព្វមួយ! ធ្វើជាតន្ត្រីករ មិនត្រឹមតែចេះទេ ត្រូវតែប្រសព្វទៀត គួបផ្សំនឹងទេពកោសល្យពីកំណើតផង ទើបក្លាយទៅជាអ្នកតន្ត្រីខ្លាំងម្នាក់បាន! សំខាន់បំផុតគឺត្រូវតស៊ូហាត់រៀនបង្កើនសមត្ថិភាពខ្លួនឯងជាមុនសិន! ហើយសមត្ថិភាពទាមទារឲ្យពួកយើងទាំងអស់គ្នានេះ ពូកែស្មើរដៃគ្នា! បើមានអ្នកខ្លាំង មានអ្នកខ្សោយ ក្នុងក្រុមមិនអាចរីកចម្រើនទៅមុខទេ! វានៅតែទាញគ្នាចុះឡើងៗដូចគេអូសទូកអញ្ចឹង!
អរុណ និង រ៉េតដើរចូលមកដល់
កែម៖ អូស៍ នោះ រុណមកដល់ហើយ! ថ្ងៃនេះម៉េចក៏យូរម្ល៉េះទម្រាំតែបានហាត់សម ល្ងាចបាត់ទៅហើយ!
អរុណ៖ សុំទោស! ថ្ងៃនេះគ្នាជាប់រវល់បន្ដិចព្រោះម៉ែមិនសូវជា !
កែមទះស្មារ៉េត
កែម៖ ចុះអាកូនក្ដិបមនុស្សមួយនេះ! វាមកធ្វើអីដែរ ?
រ៉េតបង្វិលខ្លួន ធ្វើរបៀបកាន់ហ្គីតាដេញបណ្ដើរ ដូចអ្នកលេងហ្គីតានៅលើឆាកចម្រៀង
រ៉េត៖ ខ្ញុំមកហាត់សមជាមួយពួកបងៗហ្នឹងណា! កុំមើលងាយអាក្ដិបមនុស្ស! ថ្ងៃនេះខ្ញុំមកហាត់លេងហ្គីតាពីបងវ៉ាន់! មានជំនួយពីខ្ញុំ ក្រុមភ្លេងរបស់ពួកបង នឹងឆាប់ល្បីមិនខាន !
វ៉ាន់គ្រវីក្បាល ធ្វើមុខហួសចិត្ត យកដៃរុញក្បាលរ៉េត
វ៉ាន់៖ ពូកែអួតណាស់វ៉ើយ! អាច្រមក់នេះ! មករកហាត់ហ្អីតាស្អី ! ស្ពាយតែហ្គីតាមិនចង់ជាប់ផង! នៅខំមកអួតទៀត !
កែម៖ បានជាមកដល់ជុំគ្នាហើយ ចាប់ផ្ដើមហាត់តែម្តងទៅ !
នឿន៖ មែនហើយៗ !
ឃើញវ៉ាន់ នឿន កែមប្រគុំតន្ត្រី អរុណច្រៀង រ៉េតជួយវ៉ៃស្គរ រ៉េតធ្វើដៃឡើងចុះតាមចង្វាក់ភ្លេង ។
នៅផ្ទះច័ន្ទ្រមានរោងលក់កាហ្វេមុខផ្ទះ មានអ្នកអង្គុយផឹកកាហ្វេបួនប្រាំនាក់កំពុងមើលប្រដាល់ក្នុងទូរទស្សន៍ ប្រឹងតាមអ្នកប្រដាល់
នាំគ្នាស្រែកហ៊ោ ជជែកគ្នា ខ្លះកាន់បង្គោលខៀវ ខ្លះកាន់បង្គោលក្រហម។ ដល់ការប្រកួតប្រដាល់ចប់ អ្នកខ្លះធ្វើមុខរីករាយស្រែកហ៊ោរ អ្នកខ្លះធ្វើមុខជូរគ្រវីក្បាលតិចៗរបៀបភ្នាល់ចាញ់ ។ ពូម្នាក់ស្រែកហៅមីងណាត
ពូ៖ អ្នកណាតអើយ! គិតលុយ !
ណាតដើរចូលមករាប់ចំនួនកែវ ឃើញចំនួន៥កែវ រួចនិយាយទាំងមុខស្មើ
ណាត៖ អស់មួយម៉ឺន !
ពូៗនាំគ្នាបើកភ្នែកធំៗ
ពូម្នាក់៖ ហ្អាក! ផឹកអស់តែ៥កែវសោះ! រាប់យ៉ាងម៉េចបានជាអស់ដល់មួយម៉ឺននោះ! ច្រលំទេដឹង ?
ណាតធ្វើមុខកាច
ណាត៖ មិនច្រលំទេ! កាហ្វេ៥កែវ វាអស់ប្រាំពាន់! ហើយនៅបូកថ្លៃ ទឹកតែពីរប៉ាន់ ! ហើយនិងថ្លៃភ្លើងទូរទស្សន៍ជាងពីរម៉ោងទៀត! ខ្ញុំគិតមួយម៉ឺន គឺសមរម្យណាស់ហើយណា !
ពូៗបើកភ្នែកធំៗ
ពូទីពីរ៖ ថ្លៃមើលទូរទស្សន៍ក៏គិតដែរហ្អី ?
ណាត៖ ត្រូវហើយ! មួយថ្ងៃៗ នាំគ្នាមកអង្គុយមើលរាប់ម៉ោង! ស្មានថាខ្ញុំយកក្រដាស ទៅបង់ថ្លៃភ្លើងឬយ៉ាងម៉េច ? ពូៗនាំគ្នារអ៊ូ
ពូទីមួយ៖ គំរិះអីគំរិះ!
ពូៗដកលុយហុចឲ្យណាត
ពូទី១៖ ហកនេះ! យកទៅ !
មីងណាតយកមកលុយមកទុក
ណាត៖ តែប៉ុណ្ណឹងទៅ វាចប់បាត់ហើយ!
ច័ន្ទ្រជិះកង់ចូលមកដល់មុខរោងលក់កាហ្វេ។ ពេលជិះមក់ដល់ ឆ្វែលវិលកង់មួយជុំ ទើបចាប់ហ្វ្រាំងឈប់ ធ្វើឬកដូចកូនប្រុសរបៀបជិះកង់បង្ហោះ ។ មីងណាតងាកមើលទៅច័ន្ទ្រ
ណាត៖ អឺ! នាងច័ន្ទ្រ! ប្រមូលតុងទីនឲ្យម៉ែរួចអស់ ឬនៅ ?
ច័ន្ទ្រចុះពីលើកង់ មានកាបូបលុយស្ពាយជាប់នឹងខ្លួន ដើរចូលមកដោះមួកពីក្បាល បក់ឲ្យរហើយបណ្ដើរ រអ៊ូបណ្ដើរ
ច័ន្ទ្រ៖ ហ៊ើយ! ក្ដៅចង់បែកសន្ទះក្បាលទៅហើយ! ម៉ែឈប់ធ្វើមេតុងទីនទៅ! ខ្ញុំធុញណាស់! អ្នកខ្លះទៅទារពីបីដងទម្រាំតែបាន! ហត់ណាស់ណាម៉ែ !
ណាត៖ អើ! ធ្វើស្អីក៏វាហត់ដូចតែគ្នាហ្នឹង! ចេះមករអ៊ូដាក់ម៉ែទៅកើត! មិនដោយសារធ្វើមេតុងទីនហ្នឹងទេហ្អី ? ដែលឯងទារកង់បានកង់ ទារស្អីបានហ្នឹងនោះ ! ហុចដៃយក
លុយនោះលឿនៗទាំងឪទាំងកូន ! ដល់ពេលប្រើឲ្យជួយធ្វើការងារវិញ រអ៊ូដូចឃ្មុំយកផ្កា អញ្ចឹង !
ច័ន្ទ្រយកកាបូបលុយ មករុញដាក់មុខមីងណាត ក្របួចមាត់ដាក់ម្ដាយរបៀបរប៉ិលរប៉ូច
ច័ន្ទ្រ៖ ខ្ញុំរអ៊ូ ក៏រអ៊ូ ធ្វើ ក៏ធ្វើ! មិនបានរអ៊ូហើយ ខ្ជិលមិនធ្វើឯណាម៉ែ !
នៅផ្ទះវ៉ាន់ ក្រុមអរុណកំពុងតែលេងភ្លេងសមបទចម្រៀង។ រ៉េតដើរចូលមកយ៉ាងលឿន កាន់កាហ្វេបួនប្រាំថង់នៅដៃ។ អរុណអើតមើលទៅរ៉េត
អរុណ៖ ម៉េចក៏យូរម្ល៉េះវ៉ើយអារ៉េត ? គ្រាន់តែទិញកាហ្វេបួនប្រាំថង់ ជាងទៅសុំភ្លើង យក្សទៅទៀត !
រ៉េតរត់ចូលមកដាក់ថង់កាហ្វេព្យូរទៅនឹងដែកគោលក្បែរមាត់ទ្វារ រូចរត់ទៅចាប់ទាញដៃអរុណ
រ៉េត៖ ខ្ញុំមានព័ត៌មានទាន់ហេតុការណ៍ណាលោកបង! លោកបងចង់ដឹង ឬអត់ ? បើចង់ដឹង បើកត្រចៀកឲ្យធំៗចាំស្ដាប់ខ្ញុំនិយាយប្រាប់!
អរុណបើកភ្នែកធំៗដាក់រ៉េត
អរុណ៖ រឿងស្អីទៅព័ត៌មានទាន់ហេតុការណ៍ឯងនោះអារ៉េត ? ម៉េចក៏អាថ៌កំបាំងម្ល៉េះវ៉ី ?
(នៅមានត)
ចែករំលែកព័តមាននេះ