រាជធានីភ្នំពេញ ៖ តារាសម្តែង បង្ហាញម៉ូដនិងពិធីការិនីកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញាម៉ៃយ៉ា ក្រសោបបានតំណែងតួឯកជាលើកដំបូងក្នុងខ្សែភាពយន្តរឿង «ហង្សបាក់ស្លាប» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ ម៉ៃយ៉ាបានចូលរួមក្នុងកម្មវិធីក្រុងពលីដំណើរការថតខ្សែរឿងភាគនោះកាលពីព្រឹកថ្ងៃទី១៧ មីនា ២០១៦ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ។
ក្នុងរឿង «ហង្សបាក់ស្លាប» តារាកូនកាត់ម៉ៃយ៉ា ត្រូវជួបជាមួយនឹងតួឯកប្រុសលោកមុំ សុទ្ធារ៉ា ។ ក្រៅពីតារាសម្តែងទាំងពីររូបនេះនៅមានតារាល្បីឈ្មោះមួយចំនួនទៀតដូចជាកញ្ញាអ៊ុន អាលីហ្សា កញ្ញាហេង ស្រីពេជ្រ និងកញ្ញាគីម ប៊័រលី ជាដើម ។ កញ្ញាម៉ៃយ៉ា សម្តែងក្តីរីករាយចំពោះខ្សែភាពយន្តដំបូងនេះដែលនាងទទួលបានតំណែងជាតួឯកស្រី ។ តារាស្រីដែលមានឪពុកជនជាតិអាល្លឺម៉ង់ និងម្តាយជនជាតិខ្មែរ រូបនេះកន្លងមកធ្លាប់សម្តែងតែចម្រៀងកាយវិការ, ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ខ្លីៗ ជាអ្នកបង្ហាញម៉ូដ និងពិធីការិនីប៉ុណ្ណោះ ។

ខ្សែភាពយន្តរឿង «ហង្សបាក់ស្លាប» កញ្ញាម៉ៃយ៉ា សម្តែងជាតួអង្គកូនស្រីអ្នកមានទ្រព្យស្តុកស្តម្ភ។ ទោះបីជាស្នាដៃដំបូងក្នុងខ្សែភាពយន្ត ប៉ុន្តែម៉ៃយ៉ាមានទំនុកចិត្តក្នុងការសម្តែង ខណៈកន្លងមកនាងធ្លាប់បានប្រឡូកនឹងការសម្តែងដែរ ។
តារាស្រីវ័យ២០ឆ្នាំរូបនេះរំពឹងខ្ពស់ចំពោះខ្សែភាពយន្តរឿង «ហង្សបាក់ស្លាប» ថានឹងជោគជ័យ ព្រោះសាច់រឿង ពិសេសក្រុមការងារផលិតសុទ្ធតែមានស្នាដៃ បទពិសោធន៍ក្នុងការផលិតខ្សែភាពយន្តភាគ ។
ខ្សែភាពយន្តភាគ រឿង «ហង្សបាក់ស្លាប» នឹងត្រូវចំណាយពេលផលិតប្រមាណ២ខែ ដោយថតនៅតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ពិសេសខេត្តសៀមរាប ។ នេះបើតាមការបញ្ជាក់របស់លោក Supit Rattichunhachot អ្នកគ្រប់គ្រងការផលិតរបស់ក្រុមហ៊ុន Premier Entertainment Co.,Ltd។ ប្រភពនេះមានជំនឿថា រឿង«ហង្សបាក់ស្លាប» នឹងទទួលបានការគាំទ្រច្រើនពីអ្នកនិយមទស្សនាខ្សែភាពយន្តភាគ។ ក្នុងរយៈពេលចុងក្រោយនេះការផលិតខ្សែភាពយន្តខ្មែរសម្រាប់ចាក់បញ្ចាំងលើកញ្ចាក់ទូរទស្សន៍ចាប់ផ្តើមកក្រើកឡើង ។ ចំពោះស្ថានីយទូរទ្សន៍ប៉ុស្តិ៍លេខ៥បានបង្កើនការផលិតខ្សែភាពយន្តខ្មែរដោយសហការជាមួយដៃគូនិងផលិតករមកពីថៃ ។ ទូរទស្សន៍ប៉ុស្តិ៍លេខ៥គ្រោងផលិតខ្សែភាពយន្តយ៉ាងតិច២៤រឿងក្នុងមួយឆ្នាំ ។ រហូតមកដល់ពេលនេះស្ថានីយទូរទស្សន៍លេខ៥ បានបញ្ចប់ការថតចំនួន៣រឿងហើយ ។ ចំពោះខ្សែភាពយន្តរឿង«ហង្សបាក់ស្លាប» នេះគឺជារឿងទី៤ ។ ក្រុមការងារនឹងផលិតខ្សែភាពយន្តទាំងបុរាណ និងសម័យ ប៉ុន្តែអ្វីដែលយកចិត្តទុកដាក់ គឺខ្សែភាពយន្ត មានគុណភាពនិងបង្កប់ដោយការអប់រំ ។
បើទោះបីជាខ្ទង់ចំណាយនៃការផលិតខ្សែភាពយន្តភាគនៅកម្ពុជា និងនៅថៃ ខុសគ្នាក្តី ខណៈនៅថៃការចំណាយក្នុងមួយភាគរហូតដល់៣ទៅ៤ម៉ឺនដុល្លារអាមេរិក ឯនៅកម្ពុជាត្រឹម៣ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែវានៅតែស្ថិតក្នុងគុណភាពមួយដែលអាចទទួលយកបាន ។ វិស័យភាពយន្តនៅកម្ពុជាមានឱកាសច្រើនក្នុងការដណ្តើមទីផ្សារភាពយន្ត ព្រោះតែសិល្បករសុទ្ធតែមានសមត្ថភាព ទេពកោសល្យក្នុងការសម្តែង ដូច្នេះហើយលោក Supit Rattichunhachot ជឿជាក់ថាខ្សែភាពយន្តខ្មែរពិតជាមានអនាគតសម្រាប់ប្រកួត ប្រជែង ៕
ចែករំលែកព័តមាននេះ