រាជធានីភ្នំពេញ ៖ មហាជនប្រាកដជាបានដឹងច្រើនមកហើយពីរឿងរ៉ាវអាស្រូវរបស់តារាកំប្លែង អ្នកនាង ខ្ញុង ដែលបានលេចឮដំណឹងជំពាក់បំណុលគេច្រើននាក់ ហើយថ្ងៃនេះដែរអ្នកនាងខ្ញុង ក៏បានឡាយវីដេអូ ទទួលស្គាល់ថា នាងពិតជាជំពាក់លុយគេមែន ព្រោះនាងទ័លខ្លាំងក្នុងការរកស៊ី ។
ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែង នាងខ្ញុង បានចេញមុខមកកាន់សាលាដំបូងរាជធានីភ្នំពេញ មកដាក់ពាក្យ ប្រកាសក្ស័យធន និងឡាយវីដេអូផ្ទាល់ សារភាពមុខមហាជនថា ខ្លួនបានជំពាក់លុយគេជាង៥០ម៉ឺនដុល្លារ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ២០១៩ ពីខ្ចីពីម្ចាស់បំណុលមួយ យកទៅសងម្ចាស់បំណុលមួយទៀតវិលជុំ ចុងក្រោយជុំពាក់គេជាច្រើននាក់ រហូតដល់ពេលនេះ ។
តារាកំប្លែងខាងលើនេះបានរៀបរាប់នៅក្នុងវីដេអូ Live របស់ខ្លួនថា ៖ «នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី» ។
យ៉ាងណាមិញ នាងខ្ញុង មិនបានបញ្ជាក់លម្អិតថារកស៊ីអីខ្លះ ខាតបង់លើអីខ្លះ នោះទេ ។ តែកន្លងគេឃើញនាងរស់នៅហឹកហ៊ារ ប្រើប្រាស់ឡានទំនើប និងកែសម្ភស្សផ្ទៃមុខ និងភាគច្រើន Live លក់ដូរសាច់ក្រក ផ្អកសាច់ជ្រូកអីជាដើម ខណៈប្តីរបស់នាង ក៏ឃើញរកស៊ីជួញដូរដីធ្លីផងដែរ ៕
ចែករំលែកព័តមាននេះ