រាជធានីភ្នំពេញ ៖ តារាសម្តែងលោក អៀង ចេនឡា មួយរយៈចុងក្រោយនេះ លោកត្រូវបានទស្សនិកជនគាំទ្រមានការចាប់អារម្មណ៍ក្នុងពេលដែលឃើញលោកមានសភាពស្លេកស្លាំង និងស្គមស្គាំងខុសពីធម្មតា។ ទស្សនិកតែងតែជជីកសួរថា តារារូបនេះមានជំងឺអ្វីដែលបានធ្វើអោយលោកចុះស្គមខុសពីធម្មតាបែបនេះ ក្នុងពេលកន្លងមកលោកធ្លាប់មានសភាពស្រស់ថ្លា និងមិនដែលឃើញបានពើបប្រទះនូវជំងឺអ្វីនោះសោះ។
ទោះជាយ៉ាងណា ក្រោយពីមានការជជីកសួរពីមហាជនជាច្រើននោះ លោក អៀង ចេនឡា ក៏បានឆ្លើយតប និងបានទទួលស្គាល់ថា លោកពិតជាមានសភាពស្គមខុសធម្មតាមែន ដោយសារលោកមានជំងឺទឹកចូលក្នុងសួត។

យ៉ាងណាតារារូបនេះក៏បានថ្លែងអំណរគុណដល់ទស្សនិកជនដែលតែងតែសួរសុខទុក្ខដល់រូបលោកជាបន្តបន្ទាប់ ខណៈពេលជំងឺរបស់លោកបានវិវត្តន៍មករកសភាពល្អប្រសើរច្រើន តែនៅបន្តការលេបថ្នាំ។
លោក អៀង ចេនឡា បានបង្ហោះសារតាមហ្វេសប៊ុកឆ្លើយតបជាមួយទស្សនិកដែលមានចម្ងល់ពីការធ្លាក់ខ្លួនស្គមរបស់លោកថា សូមអរគុណសំរាប់ការបារម្ភ និងអាណិតស្រឡាញ់ពីបងប្អូន ខ្ញុំមានជំងឺទឹកចូលសួត តែពេលនេះលែងអីហើយ ក្រោយទទួលការព្យាបាលពីគ្រូពេទ្យ តែត្រូវបន្តលេបថ្នាំ៦ខែ។ លោកបញ្ជាក់ថា សព្វថ្ងៃនេះ សុខភាពខ្ញុំបានប្រសើរហើយ កំពុងខំញ៉ាំអោយឡើងសាច់វិញ សូមអរគុណ។

ជាការកត់សម្គាល់ បើទោះបីជាលោក អៀង ចេនឡា បានពើបប្រទះនូវជំងឺខាងលើ និងបានធ្លាក់ខ្លួនស្គមខុសធម្មតាក៏ដោយ ប៉ុន្តែតារារូបនេះមិនបានដេកដួលសម្រាលព្យាបាលតែនៅលើគ្រែនោះឡើយ ពោលគឺលោកនៅតែបង្ហាញវត្តមានសម្តែងរឿងជាបន្តបន្ទាប់ និងឡើងកម្មវិធីទូរទស្សន៍នានាស្ទើរមិនដាច់សូរដដែល។ តារារូបនេះ ក៏ត្រូវបានគេចាត់ទុកថា លោកជាតារាប្រុសមួយដួងដែលកំពុងមានទីផ្សារការងារសិល្បៈខ្ពស់ផងដែរ ដោយសារលោកបានបង្ហាញមុខសម្តែងក្នុងរឿងជាបន្តបន្ទាប់ មិនថាស្ថិតក្នុងតំណែងតួអ្វីឡើយ គឺលោកអាចសម្តែងបានស្ទើរតែទាំងអស់៕








ចែករំលែកព័តមាននេះ