រាជធានីភ្នំពេញ ៖ តារាសម្តែង និងពិធីការិនី កញ្ញាបេប៊ី ស្រស់ស្អាតឡើងជាលំដាប់ស្របតាមកេរ្តិ៍ឈ្មោះលូតលាស់ក្នុងពិភពសិល្បៈ។ ទោះជាយ៉ាងណាក្តី បេប៊ីនៅមិនទាន់ទទួលយកបុរសណាមកជាគូកៀកកិតកាយទេ ។ ក្នុងចំណោមតារាល្បីកញ្ញាបេប៊ី មិនស្ងាត់ព័ត៌មានស្នេហាទេ ពិសេសល្បីមានឧកញ៉ាខ្លះចាប់ចិត្តលើរូបនាងថែមទៀតផង តែនាងមិនពេញចិត្ត ។

ក្នុងជំនួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗកន្លងមកនៅស្ថានីយទូរទស្សន៍ស៊ីធីអិន កញ្ញាបេប៊ី ឱ្យដឹងថា ឥឡូវនេះកិច្ចការសិល្បៈរបស់នាងមមាញឹកទាំងពិធីការិនី និងច្រៀងតាមស្ថានីយទូរទស្សន៍ និងពិធីមង្គលការនៅតាមខេត្ត ។ បើទោះជាមមាញឹក និងហត់នឿយពេលចេញទៅតាមខេត្តក្តី បេប៊ីសប្បាយចិត្ត ព្រោះវាបង្ហាញពីភាពលូតលាស់នៃអាជីព ។ «នាងខ្ញុំសប្បាយចិត្ត ស្របពេលកិច្ចការកំពុងតែត្រូវប៉ាន់ ជាមធ្យោបាយមួយជួយឱ្យយើងបានរកប្រាក់សន្សំទុក ។ សិល្បៈមិនទៀងទាត់ទេ យើងល្បី នៅក្មេងរកបានលុយ តែបើចាស់បន្តិច ទីផ្សារការងារក៏ធ្លាក់ចុះនាំឱ្យពិបាក » ។ នៅពេលសួររឿងស្នេហាខណៈលេចឮថាមានបុរសក្នុងនិងក្រៅប្រទេសតាមសុំស្រឡាញ់នោះ កញ្ញាបេប៊ីឆ្លើយយ៉ាងលឿនថា «ដូចដែលដឹងហើយមិនខ្វះទេអ្នកតាមស្រឡាញ់ចង់បានខ្ញុំ ប៉ុន្តែពេលនេះសុំមិនទទួលបុរសណាក្នុងពេលកិច្ចការសិល្បៈរវល់ខ្លាំង និងក្នុងពេលដែលនាងខ្ញុំកំពុងតែស្រឡាញ់សិល្បៈ និងមើលឃើញសិល្បៈដែលនាងខ្ញុំស្រវេស្រវាតាំងពីដំបូងមកទល់ពេលនេះហុចផ្លែផ្កាមកវិញ ។ ការបញ្ចូលជីវិតក្នុងបញ្ហាស្នេហា គឺពិបាកណាស់ ដោយសារតែខ្លាចគេប្រចណ្ឌ ព្រោះយើងជាអ្នកសិល្បៈ មានគេស្គាល់ច្រើន មិនថាប្រុស ឬស្រី ហើយពេលខ្លះទៀតយើងឡើងឡើងលើឆាកក្នុងសភាពស្និទ្ធស្នាលនាំឱ្យគេមើលទៅទើសភ្នែក ហើយប៉ះពាល់ការប្រចណ្ឌ ទើបទុកចោលរឿងស្នេហាមួយអន្លើសិន ។ នាងខ្ញុំមិនចង់ជាប់ជំពាក់ចិត្តលើបុរសណាក្នុងវ័យដ៏ក្មេងខ្ចីឡើយ ពោលនាងខ្ញុំចង់នៅមើលថែម្តាយឱ្យបានច្រើនជាងនេះ គ្រាដែលនាងខ្ញុំអាណិតគាត់ ឃើញគាត់ខំដើរតាមខ្វាយខ្វល់ ហើយកាន់តែស្រឡាញ់គាត់ពេលគាត់ក្លាយជាស្ត្រីមេម៉ាយយ៉ាងលឿនក្នុងសភាពធ្លាប់តែជួបជុំស្វាមី ។ ដូច្នេះហើយទើបខ្ញុំចង់ឱ្យម្តាយឃើញទឹកចិត្តខ្ញុំស្រឡាញ់គាត់ឱ្យបានច្រើនមុនពេលយកគូអនាគត» ។
បច្ចុប្បន្នបេប៊ីចាប់ដៃគូជាមួយតារាចម្រៀង និងសម្តែងលោកបញ្ញា សិទ្ធិ ដើម្បីសម្តែងតាមឆាកតន្ត្រី ។ តារាពីរដួងនេះមានក្បាច់រាំយ៉ាងរស់រវើក ហើយទទួលបានការគាំទ្រពីទស្សនិកជន ៕
ចែករំលែកព័តមាននេះ