ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​កីឡា​រាំ ប្ដេជ្ញា​ធ្វើ​ឱ្យ​​កីឡា​នេះ​ល្បី​លើ​ឆាក​អន្តរជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​ជំទាវ ញ៉ែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ដែល​ត្រូវ​បាន​សមាជិក​ប្រតិបត្តិ​ផ្តល់​សេចក្តី​ទុកចិត្ត​

រាជធានីភ្នំពេញ ៖ លោក​ជំទាវ ញ៉ែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ដែល​ត្រូវ​បាន​សមាជិក​ប្រតិបត្តិ​ផ្តល់​សេចក្តី​ទុកចិត្ត​គាំទ្រ​អោយធ្វើ​ជា​ប្រធាន​សម្រាប់​អាណត្តិ​ថ្មី​ទី​៤ ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ បាន​អះអាង​ថា នឹង​ជំរុញ​អោយ​កីឡា​មួយ​នេះ ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​។ ថ្នាក់ដឹកនាំ​កំពូល​របស់​សហព័ន្ធ​នេះ បញ្ជាក់​ថា​នឹង​ជំរុញ​វិស័យ​នេះ​អោយ​កាន់តែ​ខ្លាំង ដ្បិតតែ​ការងារ​ជួយ​សហព័ន្ធ​រាល់ថ្ងៃ​មិន​មាន​ប្រាក់ខែ​។

ក្រោយ​មហាសន្និបាត​បាន​សម្រេច​អោយ​បន្ត​តំណែង អម​ដោយ​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ចំនួន ១៣​រូប លោក​ជំទាវ ញ៉ែ​ម មរកត ដែល​ប្រធាន បាន​សម្ដែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រឹង​ប្រែ​របស់​កីឡាករ​កីឡាការិនី​ផ្នែក​កីឡា​រាំ​ទាំងអស់ ដែល​ប្រឹង​តស៊ូ ធ្វើ​អោយ​កីឡា​មួយ​នេះ កាន់តែ​មានការ​ទទួលស្គាល់​។ លោក​ជំទាវ ក៏​បាន​ជំរុញ​អោយ អនុប្រធាន​ថ្មី ៣​រូប គឺ​​លោក​ វ៉ា​ត់ ចំរើន លោក​ជំទាវ ម៉ក់ វណ្ណ​ស៊ី​ថា និង​​លោក​​ឧកញ៉ា ប៉ិច បូ​ឡែ​ន ជួយ​ជំរុញ​អោយ​សហព័ន្ធ​ទាំងមូល​កាន់តែ​មានការ​ឈាន​ឡើង​ផង​ដែរ​។ លោក​ជំទាវ​ថា សមាសភាព​ថ្នាក់ដឹកនាំ​នៅ​ក្នុង​អណ្ណ​ត្តិ​នេះ គឺ​សុទ្ធតែ​ឆ្នើម ទើប​មានការ​រំពឹង​យ៉ាង​ខ្លាំង ថា​កីឡា​រាំ​កម្ពុជា ពិត​មានការ​ឈាន​ឡើង​ខ្លាំង​ទាំង​ក្ន​ង​ស្រុក និង លើ​ឆាក​អន្តរជាតិ​។

លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ បាន​គូសបញ្ជាក់​ថា ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) សហព័ន្ធ​កំពុង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​សកម្ម ដើម្បី​គោលដៅ​ពង្រឹង ពង្រីក និង​អភិវឌ្ឍ​វិស័យ​កីឡា​រាំ​កម្ពុជា ឲ្យ​កាន់តែ​ផុសផុល និង​រឹង​មាំ ក្នុង​គុណភាព​បច្ចេកទេស ឈាន​ឆ្ពោះទៅ​រក​មេដាយមាស​ជូន​ជាតិ ក្នុង​ឱកាស​ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​ស៊ី​ហ្គេ​ម នា​ពេល​ខាង​មុខជា​បន្តបន្ទាប់​ទៀត​។

លោកស្រីបានបន្ត​ថា ចាប់តាំងពី​ការ​បង្កើត​សហព័ន្ធ​កីឡា​រាំ​កម្ពុជា កាលពី​ឆ្នាំ​២០០៩ ក្រៅពី​ទទួល​បានការ​គាំទ្រ​នៅ​ក្នុងស្រុក សហព័ន្ធ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ពី​សហព័ន្ធ​កីឡា​រាំ​ពិភពលោក (WDSF) និង​សហព័ន្ធ​រាំ​អាស៊ី​ផង​ដែរ​។ ជាមួយ​និង​ការ​ខិតខំ​ជា​បន្តបន្ទាប់​នោះ សហព័ន្ធ​ជំនាញ​មួយ​នេះ បាន​ជំរុញ​ឲ្យ​មានការ​បង្កើត​ក្លឹ​ប​បាន​ចំនួន​៥ នា​ពេល​បច្ចុប្បន្ន ដោយ​មាន​កីឡាករ កីឡាការិនី​ប្រមាណ ៥០​នាក់ ខណៈ​សហព័ន្ធ​មាន​ចៅក្រម​ថ្នាក់​ជាតិ​៤​នាក់ និង​អន្តរជាតិ​ម្នាក់​។ លោកស្រី យើង​មិន​មាន​ធនធាន​ច្រើន​ទេ ហើយ​ក៏​មិន​មាន​ប្រាក់ខែ​ដែរ ប៉ុន្តែ​យើង​ទាំងអស់​ស្ម័គ្រចិត្ត​ធ្វើការ​ដោយ​ឆន្ទៈ​ខ្ពស់ និង​អស់ពី​បេះដូង ហើយ​ព្រមទាំង​ចំណាយធនធាន​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​អភិវឌ្ឍ​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នោះ លោក​ជំទាវ​ក៏​សម្តែង​នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​​លោក​​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ​លោក​​បណ្ឌិត ថោ​ង ខុន ប្រធាន NOCC ក៏​ដូច​ជា​ថ្នាក់ដឹកនាំ CAMSOC ដែល​ផ្តល់​ការ​គាំទ្រ​ជា​និច្ច​ចំពោះ​សហព័ន្ធ​រាំ​កម្ពុជា បន្ត​ដំណើរការ​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​គឺ​គោលដៅ​ដ៏​ធំ​នៃ​ការ​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ