ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (ភាគ​ទី​១)

10 ឆ្នាំ មុន

ទិដ្ឋភាព​បុណ្យ​ភូមិ​ក្នុង​វត្តមាន​ចង​ជា​ក្រណាត់​ពណ៌​នៅ​តាម​កន្លែង​លេង​កម្សាន្ត​មាន​អ្នក​ភូមិ​កំពុង​នាំ​កូន​ជិះសេះ​ហោះ កន្ដ្រក​វិល​សើច​សប្បាយ ។ នៅ​កន្លែង​លក់​នំចំណី​ក្នុង​វត្ដ មាន​មនុស្ស​ដើរ​ទិញ​នំចំណី​ហូរហែ

ទិដ្ឋភាព​បុណ្យ​ភូមិ​ក្នុង​វត្តមាន​ចង​ជា​ក្រណាត់​ពណ៌​នៅ​តាម​កន្លែង​លេង​កម្សាន្ត​មាន​អ្នក​ភូមិ​កំពុង​នាំ​កូន​ជិះសេះ​ហោះ កន្ដ្រក​វិល​សើច​សប្បាយ ។ នៅ​កន្លែង​លក់​នំចំណី​ក្នុង​វត្ដ មាន​មនុស្ស​ដើរ​ទិញ​នំចំណី​ហូរហែ ស្លៀកពាក់​សម្លៀក​បំពាក់​ថ្មី​គ្រប់​គ្នា ។

នៅ​កន្លែង​លោក​ទេស មាន​ចាស់​ៗ​នៅ​អង្គុយបត់ជើង​ស្តា​ប់លោក​ទេស​ត្រៀបត្រា ។ មីង​ណាត និង​មីង​រឿង ក៏​អង្គុយ​ស្ដាប់​លោក​ទេស​ជាមួយ​គេ​ដែរ ។

នៅ​ក្នុង​ព្រះ​វិហារ​ឃើញ​ដៃ​ភួង​ម្លិះ ច័​ន្ទ្រ និង​កែវ​ដោត​ធូប​ទៅ​នឹង​ជើងធូប ។ ភួង​ម្លិះ​ជានា​រី​ដែល​មាន​រូបឆោម​ឡោម​ពណ៌​ស្រស់​ស្អាត ប្លែក​ពី​ស្រី​ដទៃ នាង​ស្លៀកសំពត់​ហូល និង​អាវប៉ាក់ លើក​សក់​ចង​ខ្ពស់​សែន​សម កំពុង​ញញឹម​ស្រទន់​។ ភួង​ម្លិះ និង​ច័​ន្ទ្រ ក្រាប​សំពះ​បី​ដង រួច​ច័​ន្ទ្រ​ងាក​មើល​ម្លិះ​មុខរីក​រាយ​ច័​ន្ទ្រ​៖ ម្លិះ ! ក្រុម​ភ្លេង​បង​អរុណ​លេង​ហើយ ! យើង​ឆាប់​នាំ​គ្នា​ទៅ​ស្តាប់ភ្លេង ឲ្យ​សប្បាយ​នឹង​គេ​ទៅ​! ម៉ោះ​!

នៅ​ឆាក​ចម្រៀង​រៀប​ជា​វង់​តូច នៅ​ក្រោម​ដើមឈើ​ធំ​មួយ មាន​ក្រុម​របស់​វ៉ា​ន់ នឿ​ន និង កែម​កំពុង​តែ​លេងភ្លេង ។ នឿ​ន​វ៉ៃ​ស្គរ វ៉ា​ន់​លេង​ហ្គី​តា​បាស ចំណែក​កែម​លេង​អក  មាន​អ្នក​ភូមិ​មួយ​ក្រុម​កំពុង​នៅ​ឈរ​ស្ដាប់​ពួក​គេ​លេងភ្លេង​។ ពួក​គេ​លេងភ្លេង​បណ្ដើរ ភ្នែក​ឡេ​ម​ឡើ​មរ​ក​មើល​ឆ្វេង​ស្ដាំ​របៀប​រង់ចាំ​អ្នក​ណា​ម្នាក់ ។

នៅ​ទីធ្លា​មុខ​ព្រះ​វិហារ  ច័​ន្ទ្រ​កំពុង​តែ​ទាញ​ដៃ​ភួង​ម្លិះ​ចុះ​ជណ្ដើរ​មុខ​ព្រះ​វិហារ​យ៉ាង​លឿន
ច័​ន្ទ្រ​៖ ភួង​ម្លិះ ! ដើរ​ឲ្យ​លឿន​មក​! ណា​! ឯង​ឃើញ​ទ ? ពួក​បង​រុណ​កំពុង​តែ​លេងភ្លេង​ហើយ ! ប្រញាប់​ទៅ​ស្ដាប់​គាត់​ច្រៀង ! ឲ្យ​លឿន​ឡើង !
ភួង​ម្លិះ ៖ អេ​ហ្ហ​! ច័​ន្ទ្រ​ឯង រហ​ន់​ខ្លាំង​ម្ល៉េះ? ដើរ​តាម​សម្រួល​ទៅ !  ធ្វើ​ដូច​មិន​ដែល​បាន​ស្ដាប់​ចម្រៀង​អីុ​ចឹ​ង !
ច័​ន្ទ្រ​៖ អឺ ! គឺ​គ្នា​មិន​ដែល​បាន​ស្ដាប់​មែន​ហ្នឹងហើយ ! ព្រោះ​ទម្រាំ​មានបុណ្យ​ភូមិ​ម្ដង​ៗ បាន​ស្ដាប់​ក្រុម​បង​អរុណ​លេងភ្លេង​ស្ទើរតែ​មួយ​ឆ្នាំ ទើបបាន​ស្ដាប់​ម្ដង​ឯណោះ ! លឿន​ឡើង​ៗ !

នៅ​ក្នុង​វត្ត កន្លែង​ពួក​វ៉ា​ន់​លេងភ្លេង មាន​អ្នក​ភូមិ​ច្រើន​នាក់​នៅ​ចោមរោម​ឈរ​ស្ដាប់ ។ ច័​ន្ទ្រ​ទាញ​ដៃ​ភួង​ម្លិះ​ប្រជ្រៀត​គេឯង ចូល​ទៅ​ឈរ​ខាង​មុខ​គេ ។ មីង​សាន់​ស្រែក​សាន់​៖ យី ! នាង​ច័​ន្ទ្រ​នេះ​វ៉ើ​យ ! ចង្អៀត​យ៉ាងនេះ​ហើយ ខំប្រឹង​ប្រជ្រៀត​មក​រក​ស្អី​វា​ហ្នឹង ! មក​ដល់​ក្រោយ​គេ​សោះ ! ដណ្ដើម​ចង់​នៅ​មុខ​គេ​ទៅ​កើត ! ច័​ន្ទ្រ​សើច ធ្វើ​មុខ​ក្រមេចក្រមើម​ដាក់​មីង​សាន់

ច័​ន្ទ្រ​៖ មក​ពី​ខ្ញុំ​មើល​មិនឃើញ​ហ្នឹង​ណា​មីង​! ឡូឡា​ធ្វើ​អី ! អ្នក​ភូមិ​គ្នា​ឯង​សោះ​! ខ្ញុំ​ជើង​ខ្លី​ដៃខ្លី​! ឈរ​ក្រោយ​គេ​ធ្វើ​ម៉េច​នឹង​មើលឃើញ​ទៅ ! សុំ​ទៅ​ខាង​មុខ​ហើយ​ណា​មីង ! កុំ​ថា​អី​ថា​វ៉ា​ន់ !
សាន់ ៖ អេ​ហ្ហ ! នាង​នេះ​វ៉ី ! ខ្លី​ដៃខ្លី​ជើង​ស្អី ! ខ្លួន​វា​ខ្ពស់​ជាង​ឯង​ទៅ​ទៀត ! ចេះ​តែ​ថា​ទៅ​កើត !
ភួង​ម្លិះ​ញញឹម​តោង​ដៃ​ច័​ន្ទ្រ​ដែល​កំពុង​ប្រជ្រៀត​គេឯង​ចូល​ទៅ​ខាង​មុខ
ភួង​ម្លិះ ៖ សុំ​ទោស​មីង ! សុំ​ទោស ! ខ្ញុំ​សុំ​ទៅ​មុខ​ហើយ ! កែវ​រត់​តាម​ពីក្រោយ​ភួង​ម្លិះ​និង​ច័​ន្ទ្រ
កែវ ៖ ច័​ន្ទ្រ ! ម្លិះ ! ចាំ​បង​ផង !

វ៉ា​ន់ នឿ​ន និង​កែម នាំ​គ្នា​លេងភ្លេង​ចង្វាក់​ក​ន្ដ្រឹ​ម នាំ​គ្នា​រាំ​ឡក​សប្បាយ​របៀប​កំប្លែង​។ អ្នក​ឈរ​មើល​ជុំវិញ​នោះ នាំ​គ្នា​ស្រែក
ពូ​ទី​៖ ណែ​វ៉ើ​យ អាវ៉ា​ន់ ! ឯង​គិត​លេងភ្លេង​ដល់​អង្កាល់​ទៀត​ទៅ ? ឯណា​អ្នកចម្រៀង​ឯក​ប្រចាំ​វង់​ឯង​នោះ ? ចេះ​ឲ្យ​អញ​ស្ដាប់​តែ​ភ្លេង​សុទ្ធ​រាប់​ម៉ោង​ទៅ​ហើយ ! បើ​ថា​ខ្វះ​អ្នកចម្រៀង នៅ​មាន​ពូ​ឯណេះ​ម្នាក់​ទៀត​វ៉ើ​យ ! អញ​ឡើង​ឆាក​ជំនួស​ក៏​បាន​ដែរ !

នៅ​ផ្លូវ​ច្រកចូល​ខ្លោងទ្វារវត្ត មាន​អ្នកលក់​នំ​ហូរហែ​។ ឮ​សំឡេង​ម៉ូតូ​ចម្លែក​ខុស​ពី​គេ ។ ឆ័​យ​បើក​ម៉ូតូ មាន​នាយ​ទ្រើ​ក និង​នាយ​ត្រុយ ជិះ​ពីក្រោយ ។ ម៉ូតូ​របស់​ឆ័​យ​មាន​ចង​អំ​ពូ​ល​ភ្លើងរ​ណេ​ង​រណោង ដាក់​អំ​ពូ​លតា​ម​កាំ​ម៉ូតូ​ភ្លឺ​ចិញ្ចាច​។ ឆ័​យ​ជិះ​ម៉ូតូ​លឿន​រេ​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​អ្នកលក់​នំចំណី​តាម​ផ្លូវ​ចូល​ទៅ​ក្នុង​វត្ត​នាំ​គ្នា​លើក​ថាស​នំ​រត់  គេច ។ ខ្លះ​ដួល​កំពប់​នំ​អស់ ។ នាយ​ត្រុយ​ដែល​ជិះ​ពីក្រោយ គេ​ស្រែក​របៀប​ក្អេងក្អាង​បណ្តើរ

ត្រុយ ៖ ចៀស​ៗ ! បើ​មិន​ជៀស​បុក​ហើយ​វើ​យ​! ជៀស !

នាយ​ទ្រើ​ក​ជិះ​នៅ​កណ្ដាល តោង​ស្មា​ឆ័​យ​ជាប់ បើកភ្នែក​ធំ​ៗ
ទ្រើ​ក​៖ លោក​បង​ៗ ! កុំ​លឿន​ពេក ! កុំ​លឿន​ពេក ! អស់​មុខ​ខាន​សង្ហារ​ឥឡូវ​ហើយ !

ឆ័​យ​បើកភ្នែក​ធំ​ៗ លើកដៃ​ម្ខាង​ត្បកក្បាល​នាយ​ទ្រើ​ក
ឆ័​យ​៖ ឯង​ខំ​ស្រែក​រក​តំប​ល់យ​ស្អី​វ៉ី ! មនុស្ស​ដូច​អញ​នេះ​ហ្អី បើក​ម៉ូតូ​ឲ្យ​ដួល​បាន​នោះ​! អញ​ជា​ជើង​ប្រណាំង​ម៉ូតូ​លេខ​មួយ​វ៉ើ​យ​អា​ទ្រើ​ក​! ឯង​អង្គុយ​ឲ្យ​តែ​ស្ងៀម ! អោប​អញ​ឲ្យ​តែ​ជាប់​ទៅ !

នាយ​ទ្រើ​ក​ងាក​ក្រោយ មិនឃើញ​នាយ​ត្រុយ ដែល​ជិះ​នៅ​ខាងក្រោយ​គេ​។ ទ្រើ​ក​បើកភ្នែក​ធំ​ៗ
ទ្រើ​ក​៖ បង​ឆ័​យ​ៗ! បាត់​អា​ត្រុយ​ទៅ​ណា​ហើយ ? ឆ័​យ និង​ទ្រើ​ក​ងាយ​មើលទៅ ឃើញ​នាយ​ត្រុយ​អង្គុយ​នៅ​លើ​ដី​ក្បែរ​ក្លោ​ង​ទ្វារ កំពុង​ទល់ផ្អក ចុក​ធ្វើ​មាត់ ផ្អេះ​ៗ ។ ឆ័​យ​បត់​ម៉ូតូ​ទៅ​រក​នាយ​ត្រុយ​វិញ
ឆ័​យ​៖ សាំ​មែន​អានេះ​វើ​យ !

នៅ​កន្លែង​ឆាក​ចម្រៀង អ្នក​ភូមិ​កំពុង​លើកដៃ​ស្រែក​ដាក់​ក្រុម​វ៉ា​ន់
អ្នក​ភូមិ​៖ អឺ​! អា​កែម អា​នឿ​ន អាវ៉ា​ន់​! ឯណា​អ្នកចម្រៀង ? យើង​ចង់​ស្ដាប់​អរុណ​វា​ច្រៀង​! មិន​ចង់​ស្ដាប់​តែ​ភ្លេង​ទេ !
នឿ​ន កែម និង​វ៉ា​ន់​ងាក​មើល​មុខ​គ្នា ។

(​នៅ​មាន​ត​)