រាជធានីភ្នំពេញ ៖ គូស្នេហ៍លោកគឹម សីហា និងនាងគង់ ចាន់ស្រីមុំ បានចូលរោងការហើយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ បន្ទាប់ពីពួកគេរួមរស់ក្រោមដំបូលផ្ទះតែមួយជាង៩ឆ្នាំ ។
មង្គលការនេះរៀបចំពិធីក្រុងពលី សូត្រមន្ត និងបំពាក់ចិញ្ចៀន តែមិនមានពិធីហែជំនូន ដូច្នេះហើយមិនមានការចូលរួមពីភ្ញៀវកិត្តិយសច្រើនឡើយ គឺមានតែបងប្អូន សាច់ញាតិប៉ុណ្ណោះ ។ នេះជាកម្រងរូបភាពខ្លះៗក្នុងពីធីរំភើបណាស់! ចុះទម្រាំម្ចាស់ខ្លួនទាំង២វិញ? តោះមើលទាំងអស់គ្នា
ពិធីមង្គលការរបស់អ្នកសិល្បៈមួយគូនេះធ្វើឡើងបន្ទាប់ពីលោកគឹម សីហា សុំរៀបការពីគង់ ចាន់ស្រីមុំ តាមហ្វេសប៊ុកកាលពីអំឡុងបុណ្យនៃក្តីស្រឡាញ់ ។
ការបង្ហាញសារនេះធ្វើឲ្យមានការចាប់អារម្មណ៍ពីសាធារណជន ខណៈពេលដែលអ្នកគាំទ្រមួយចំនួនសម្តែងការអបអរសាទរ និងជូនពរពួកគេឱ្យប្រកបដោយសុភមង្គល ។

លោកគឹម សីហា បានបង្ហាញសារតាមហ្វេសប៊ុកមុនមង្គលការចូលមកដល់ថា «បងពិតជាមានសំណាងណាស់ដែលមានអូនស្មោះ ហើយស្រលាញ់តែបង ! តើឆ្នាំនេះអូនយល់ព្រមរៀបការនឹងបងអត់» ។ បន្ថែមពីលើសារនោះលោកគឹម សីហា ឲ្យដឹងទៀតថា «រីករាយខួប៩ឆ្នាំនៃការស្គាល់គ្នា ។ អរគុណដែលផ្តល់ឱកាសនិងរួមរស់ជាមួយបង ហើយស្រលាញ់បងរហូតមក ។ បងពិតជាមានសំណាងណាស់ដែលមានអូនស្មោះ ហើយស្រលាញ់តែបង ! បងសន្យាថានឹងធ្វើឲ្យអូនសប្បាយចិត្ត ហើយមានស្នាម ញញឹមដោយមានសេចក្តីសុខរហូត» ។
ជាការឆ្លើយតបតារាសម្តែងស្រស់សោភា នាងគង់ ចាន់ស្រីមុំ បានសម្តែងក្តីត្រេកអរចំពោះពាក្យពេចន៍គូស្នេហ៍ដែលសរសេរឲ្យនាង ហើយនាងបានយល់ព្រមតាមការចង់បានរបស់លោក គឹម សីហា ។
គង់ ចាន់ស្រីមុំ បានសរសេរសារឆ្លើយតបតាមហ្វេសប៊ុកថា «អូនព្រមរៀបការ ចាប់ដៃគ្នាជាមួយបង រួមរស់អស់មួយជីវិត។អូនក៏អរគុណបងដែលខំថែរក្សាចំណងស្នេហ៍របស់យើងទាំងពីរអស់រយៈពេល៩ឆ្នាំ ។ អរគុណចំពោះពេលវេលាមើលថែរក្សាអូន អរគុណចំពោះក្តីស្រលាញ់ពិត អរគុណចំពោះការយកចិត្តទុកដាក់របស់បង ។ អរគុណដែលបងតែងតែធ្វើចាញ់រាល់ពេលដែលអូនខឹង ។ អ្វីទាំងអស់នេះហើយទើបយើងស្រលាញ់គ្នាបានដល់៩ឆ្នាំ។

មានមនុស្សមួយចំនួនគេសួរ ហើយ Comment មកខ្ញុំថា «តើស្នេហារបស់ខ្ញុំទាំងពីរជាការណ៍ពិត ឬសម្ដែង ? ខ្ញុំសូមប្រាប់ថាអ្វីដែលខ្ញុំទាំងពីរបានធ្វើ និងបង្ហាញទៅដល់អ្នកទាំងអស់គ្នាបានឃើញគឺជាការណ៍ពិត មិនបានសម្ដែងទាមទារចំណាប់អារម្មណ៍ពីនរណាម្នាក់ឡើយ។ អ្វីដែលធ្វើ ហើយបង្ហាញចេញមកគ្រាន់តែចង់ប្រាប់ពិភពលោក និងអ្នកដែលស្រលាញ់គាំទ្រខ្ញុំទាំងពីរនាក់បានឃើញប៉ុណ្ណោះ ។ សូមឱ្យតម្លៃការស្រលាញ់របស់យើងទាំងពីរផង ។ ខ្ញុំក៏សូមអរគុណទៅដល់អ្នកដែលតែងតែស្រលាញ់ និងគាំទ្រ ឱ្យតម្លៃខ្ញុំទាំងពីរនាក់រហូតមក» ។
ពិធីមង្គលការរបស់ គឹម សីហា និងគង់ ចាន់ស្រីមុំ បានចេញជារូបរាង ហើយវាជាការបិទបញ្ចប់ពាក្យចចាមអារ៉ាមដែលបានកើតឡើងជាបន្តបន្ទាប់មកលើពួកគេទាំងពីរ ។ កាលពីពេល ថ្មីៗកន្លងមក មានព័ត៌មានចចាមអារ៉ាមថា អ្នកមានទព្យ និងឧកញ៉ាមួយចំនួនកំពុងតែចង់ពុះបំបែកគូស្នេហ៍ គឹម សីហា និងគង់ ចាន់ស្រមុំ ៕
ចែករំលែកព័តមាននេះ