រាជធានីភ្នំពេញ ៖ តារាចម្រៀងសុគន្ធ នីសា បានវិលចូលផលិតកម្មហង្សមាសវិញហើយ បន្ទាប់ពីនាងបានបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មថោន កាលពីពេល ថ្មីៗកន្លងមក ។
ដំណឹងនៃការវិលចូលហង្សមាសវិញរបស់សុគន្ធ នីសា គឺស្របទៅនឹងការសន្និដ្ឋានដ៏ត្រឹមត្រូវពីមហាជនមួយចំនួន ខណៈពេលអតីតគូស្នេហ៍របស់នាងក៏ធ្លាប់បង្ហើបឲ្យដឹងពីការវិលត្រឡប់នេះដែរ ។
ដំណឹងនៃការវិលត្រឡប់របស់ សុគន្ធ នីសា ចូលផលិតកម្មហង្សមាសវិញនេះ ប្រិយមិត្តអ្នកគាំទ្រមួយចំនួនសម្តែងការអបអរសាទរ និងមួយចំនួនទៀតចាត់ទុកថា មិនមានអ្វីចម្លែកឡើយ រឿង «ចេញហើយចូលវិញ» នេះ ។

កន្លងមកអ្នកចាត់ការទូទៅផលិតកម្មថោន លោកមាស សុខរតនៈ ធ្លាប់អះអាងប្រាប់កោះសន្តិភាព ដោយបានទទួលស្គាល់ពីការចាកចេញរបស់សុគន្ធ នីសា ពីផលិតកម្មថោន ប៉ុន្តែការចាកចេញរបស់នាងពីផលិតកម្មថោនទៅកាន់ផលិតកម្មណាមួយនោះមិនត្រូវលោកបញ្ជាក់ឲ្យដឹងឡើយដោយសារលោកមិនបានដឹងដែរ ហើយចាត់ទុករឿងនេះជាសិទ្ធិរបស់បុគ្គល ។
ថ្មីៗកន្លងមក សុគន្ធ នីសា បានបង្ហាញមុខយ៉ាងច្បាស់ក្រឡែតពេលថតចម្រៀងឲ្យផលិតកម្មហង្សមាសទុកសម្រាប់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយរូបភាពនោះត្រូវតារាចម្រៀងលោកព្រាប សុវត្ថិ បង្ហោះតាមហ្វេសប៊ុក ។

លោកអិុន ទីតូ អ្នកដឹកនាំសម្តែងមួយរូបក្នុងផលិតកម្មហង្សមាសអះអាងប្រាប់សារព័ត៌មានអេឡិចត្រូនិកនៅក្នុងស្រុកមួយកាលពីម្សិលមិញថា តារាចម្រៀងសុគន្ធ នីសា ពិតជាបានត្រលប់មកធ្វើជាតារាចម្រៀងពេញសិទ្ធិរបស់ហង្សមាសមែន ។
បើតាមលោកអិុន ទីតូ ការវិលត្រឡប់មកវិញរបស់សុគន្ធ នីសា នេះ ផលិតកម្មបានត្រៀមបទចម្រៀងមួយចំនួនសម្រាប់នាងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ លោកអិុន ទីតូ មិនបានបញ្ជាក់ឲ្យដឹងថា តើសុគន្ធ នីសា ត្រៀមចម្រៀងប៉ុន្មានបទឡើយ ដោយលោកទុកឲ្យទស្សនិកជនរង់ចាំតាមដាន ៕
ចែករំលែកព័តមាននេះ