រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាតារាចម្រៀងចូលចិត្តបង្ហាញសម្រស់ដើមទ្រូងនាងប៊ុន ផៃលីន បានរៀបចំពិធីឡើងគេហដ្ឋានថ្មីពីរជុងជាប់គ្នាក្នុងតម្លៃ២៥ម៉ឺនដុល្លារ ។ ដោយមិនចង់ឲ្យមានការសួរនាំច្រើន ប៊ុន ផៃលីន និយាយការពារខ្លួនថា ផ្ទះថ្មីរបស់នាងនេះគ្មានអ្នកណាជួយឧបត្ថម្ភទេ ។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពក្នុងពិធីឡើងគេហដ្ឋានថ្មីកាលពីរាត្រីថ្ងៃទី៥ មីនា ឆ្នាំ២០១៦ក្នុងឈុតសម្លៀកបំពាក់សិចស៊ីបង្ហាញសម្រស់ដើមទ្រូង កញ្ញាប៊ុន ផៃលីន ឲ្យដឹងថា ផ្ទះរបស់នាងនៅម្តុំអូរដឹមជាទីតាំងបណ្តុំរោងចក្រ និងមានកម្មករកម្មការិនីច្រើនសន្ធឹកសន្ធាប់ ។ ផ្ទះនេះ២ល្វែងមាន៤០បន្ទប់ចំណាយពេលដល់ទៅជា៦ខែឯណោះសម្រាប់សាងសង់ដោយនាងចម្រាញ់ប្រាក់អស់ពីខ្លួនព្រោះចង់ធ្វើជាម្ចាស់ផ្ទះជួលនាពេលអនាគត ។ បើទោះជាហត់នឿយ និងឧស្សាហ៍ឈឺ តែប៊ុន ផៃលីន តែងតែតាមដានរាល់សកម្មភាពសាងសង់ផ្ទះរបស់ខ្លួនដោយមិនធ្វេសប្រហែសឡើយ ។
តារាសិចស៊ីប៊ុន ផៃលីន ការពារខ្លួនថា «ផ្ទះនាងខ្ញុំចាយទុនដល់ទៅ២៥ម៉ឺនដុល្លារ ពិតជាខ្ទង់ចំណាយមួយដ៏ច្រើនណាស់រហូតត្រូវមហាជន និងអ្នកមួយចំនួនលើកឡើងថា នាងខ្ញុំច្បាស់បានទ្រព្យសម្បត្តិ លុយកាក់ពីប្តី ឬប្រុសកំណាន់ចិត្តណា ឬអាចនិយាយថានាងខ្ញុំទៅដោះដូរខ្លួនប្រាណក្តាប់ទ្រព្យដ៏ធំនេះមិនខាន ។ មិនមែនជារឿងពិតឡើយ ហើយនាងខ្ញុំសុំអភ័យទោសគ្រាដែលប្រើភាសាបែបនេះ បើមិននិយាយអ៊ីចឹងទេ ច្បាស់គេលើកឡើងមិនខានឡើយ ។ ផ្ទះនេះនាងខ្ញុំខំសន្សំលុយតាំងពីបាតដៃទទេ តាំងពីចូលសិល្បៈដំបូងគ្មានអ្នកណាស្គាល់ ដើរច្រៀងតាមហាងពីមួយទៅមួយដល់យប់ជ្រៅយកមកសន្សំទុក មិនហ៊ានចាយឡើយ ។ ជាពិសេសនាងខ្ញុំមានឱកាសទៅសម្តែងនៅប្រទេសអូស្ត្រាលីប៉ុន្មានលើកក៏បានប្រាក់ច្រើនគួរសមយកមកផ្ទុករឿងសាងសង់ផ្ទះជួលទាំងអស់ឲ្យតែធ្វើបាន» ។
ផ្ទះរបស់ប៊ុន ផៃលីន នេះជួលឲ្យគេអស់ច្រើនបន្ទប់រួចហើយដោយមានបីជាន់ក្នុងនោះជាន់ទី៣ នៅមានបន្ទប់ខ្លះសល់ដែរ ។ រយៈពេល២ខែនេះគិតសរុបក្នុង១ខែប៊ុន ផៃលីន ទទួលបានប្រាក់ពិការជួលជាង២ពាន់ដុល្លារ ។ បន្ទប់ជួលរបស់ផៃលីនតម្លៃចាប់ពី៤០ដុល្លារដល់១៣០ដុល្លារ ។
ពិធីឡើងគេហដ្ឋានថ្មីនោះប៊ុន ផៃលីន ចំណាយប្រាក់ជិត១ម៉ឺនដុល្លារដោយអញ្ជើញភ្ញៀវចូលរួមមានទាំងភ្ញៀវកិត្តិយសទូទៅ និងអ្នកសិល្បៈមួយចំនួន ។
ពាក់ព័ន្ធនឹងរឿងស្នេហា ប៊ុន ផៃលីន អះអាងថា នាងបានបែកបាក់ជាមួយគូស្នេហ៍នៅប្រទេសអូស្ត្រាលីហើយ ។ ពេលនេះនៅទំនេរ តែផៃលីនមិនចង់មានស្នេហាទៀតទេ រង់ចាំទាល់តែបី ឬបួនឆ្នាំទៀត ដើម្បីទុកពេលប្រឡូកសិល្បៈឱ្យបានពេញទំហឹងឡើងវិញ ។ ផៃលីនរង់ចាំស្វាគមន៍ទទួលថតខារ៉ាអូខេ ពិសេសចង់សម្តែងភាពយន្ត ។
អ្នកសិល្បៈចូលរួមពិធីឡើងផ្ទះថ្មីនោះមានលោកសាយ សៀរ៉ា កញ្ញាលី ច័ន្ទសីហា លោករតនៈ ពិសិដ្ឋ កញ្ញាអាវីហ្សា កញ្ញាធី ណាតា និងគូដណ្តឹង លោកម៉ាដូណា និងប្តីអ្នកនាងឆៃលី ដាឡែន ជាដើម ៕
ចែករំលែកព័តមាននេះ