ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ជេរ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ថា​មោឃបុរស

3 ឆ្នាំ មុន

តើពាក្យមោឃបុរសនេះមានន័យដូចម្តេច ? សូមឈ្វេងយល់ដូចតទៅ៖ សម័យ​មួយ ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​គង់នៅ​ក្នុង​ចេតិយ​មួយ​ទៀប​ក្រុង​វេសាលី ។ វេលា​នោះ​ឯង ត្រៃចីវរ​គឺ​ចីវរ​បី ១-​ចីវរ​សម្រាប់​គ្រង ២-​ស្បង់…

តើពាក្យមោឃបុរសនេះមានន័យដូចម្តេច ? សូមឈ្វេងយល់ដូចតទៅ៖

សម័យ​មួយ ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​គង់នៅ​ក្នុង​ចេតិយ​មួយ​ទៀប​ក្រុង​វេសាលី ។ វេលា​នោះ​ឯង ត្រៃចីវរ​គឺ​ចីវរ​បី ១-​ចីវរ​សម្រាប់​គ្រង ២-​ស្បង់ ៣-​សង្ឃាដី ដែល​ព្រះ​អង្គ​ទ្រង់​បាន​អនុញ្ញាត​ដល់​ភិក្ខុ​ទាំងឡាយ​រួច​ស្រេច​ហើយ គឺ​អនុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើ​តែ​ចីវរ​បី​នេះឯង តែ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើ​ដល់​ទៅ​ចីវរ​បី​ត្រៃ គឺ​ស្មើនឹង​ចីវរ​ប្រាំបួន​ឯណោះ ហើយ​ព្រះពុទ្ធ​ក៏​ពោល​ថា ម្នាល​មោឃបុរស​ទាំងឡាយ អំពើ​ដែល​អ្នកឯង​រាល់គ្នា​ធ្វើ​នេះ មិន​សម​ទំនង មិន​សមគួរ មិនមែន​ជា​សមណៈ​ឡើយ ។

ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ (​ភិក្ខុ​មាន​គ្នា​៦​រូប​)​បានដឹង​ថា ត្រៃចីវរ​គឺ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ហើយ ក៏​ប្រើប្រាស់​ចីវរ​ហួស​ពុទ្ធានុញ្ញាត គឺ​ប្រើប្រាស់​ចីវរ​ដល់​ទៅ​បី​ត្រៃ​ឯណោះ គឺ​ចូល​ទៅ​កាន់​ស្រុក​និគម ស្លៀកដណ្តប់​ចីវរ​មួយ​ត្រៃ​, នៅ​ក្នុង​អារាម ស្លៀកដណ្តប់​ចីវរ​មួយ​ត្រៃ និង​ចុះ​កាន់​កំពង់​ងូតទឹក ស្លៀកដណ្តប់​ចីវរ​មួយ​ត្រៃ​ទៀត ។

ភិក្ខុ​ទាំងឡាយ​ណា​ដែល​ជា​អ្នក​ប្រាថ្នា​តិច ជា​អ្នក​សន្តោស ជា​អ្នកមាន​សេចក្តី​អៀនខ្មាស ជា​អ្នក​ក្តៅក្រហាយ​នឹង​បាប ជា​អ្នក​ពេញចិត្ត​ខាង​ការ​រៀនសូត្រ ភិក្ខុ​ទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិនសមបើ​នឹង​ប្រើប្រាស់​ចីវរ​ច្រើន​លើស​កំណត់​បែប​នេះ​ទេ ។

លំដាប់​នោះ ភិក្ខុ​ទាំង​អម្បាល​នោះ ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់ ។ ព្រោះ​និទាន​នេះ ដំណើរ​នេះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ រួច​ត្រាស់​សួរ​បញ្ជាក់​ទៅ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្នុង​ពេល​នោះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​បាន​ប្រើប្រាស់​អតិរេកចីវរ​មែនឬ ។ ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ការ​នោះ​ពិតមែន​ហើយ ។ ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ក៏​ទ្រង់​បន្ទោស​ថា ម្នាល​មោឃបុរស​ទាំងឡាយ អំពើ​ដែល​អ្នកឯង​រាល់គ្នា​ធ្វើ​នេះ មិន​ទំនង មិន​សម​បែប មិន​សមគួរ មិនមែន​ជា​របស់​សមណៈ ជា​ការ​មិន​គប្បី មិន​គួរ​បើ​នឹង​ធ្វើ​បែប​នេះ​សោះ ។

ម្នាល​មោឃបុរស​ទាំងឡាយ អំពើ​ដែល​អ្នកឯង​រាល់គ្នា​ធ្វើ​នេះ នឹង​បាន​នាំ​មនុស្ស​ដែល​មិន​ទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង ឬ​មនុស្ស​ដែល​បាន​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀត​នោះ​ក៏​ទេ ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ត្រូវ​សម្ដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​ប្រើប្រាស់​ចីវរ​ច្រើន​ប្រាសចាក​កា​រប​ញ្ញ​តិ្ត​របស់​តថាគត ភិក្ខុ​នោះ​នឹង​ត្រូវ​អាបត្តិ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ ។

សូម​បញ្ជាក់​ថា ពាក្យ​មោឃបុរស​នេះ មាន​ន័យ​ថា​បុរស​ល្ងង់ ឬ​ហៅ​ម្យ៉ាងទៀត​ឱ្យ​ងាយ​ស្តាប់​ពាក្យ​មោឃបុរស​នេះ​ស្មើនឹង​អារ​លាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ