វិន័យនាំមកនូវឧត្តមភាព ព្រះពុទ្ធសាសនាយកព្រះវិន័យជាគ្រឹះ កាលបើអ្នកបួសមិនប្រតិបត្តិតាមវិន័យ បរិស័ទលែងមានជំនឿអស់សទ្ធា ពេលនឹងព្រះសង្ឃដែលរស់នៅក្នុងសាសនាតែងអាស្រ័យទេយ្យទានពីបរិស័ទនោះ មិនអាចទ្រទ្រង់ភេទជាបព្វជិតបានតទៅទៀត ត្រូវប្តូរពីឧត្តមភេទមកហីនភេទវិញ ពេលនោះហើយព្រះពុទ្ធសាសនានឹងត្រូវរលាយសាបសូន្យ។ ព្រោះហេតុនោះហើយ ទើបព្រះពុទ្ធសាសនា តម្រូវឱ្យអ្នកបួសត្រូវតែគោរពប្រតិបត្តិធម៌វិន័យយា៉ងជាក់លាក់ប្រាកដណាស់ ។
ដោយឡែក វិន័យនេះបើនិយាយចំពោះគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែងវិញ បើកាលណាគ្រួសារណាមួយអត់វិន័យ គ្មានសីលធម៌ សុជីវធម៌ ក្នុងជីវិតរស់នៅ សមាជិកគ្រួសារនោះទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ មានចរិតក្រឡោងខាមលែងស្តាប់បង្គាប់អ្នកណាទាំងអស់ ធ្វើឱ្យគ្រួសារនោះឃើញតែភាពអន្ធការលែងស្គាល់ពន្លឺនៃសុភមង្គល សមដូចបាលីមួយឃ្លាលើកឡើងថា វិនយោ ច សុសិក្ខិតោ ច ឯតម្មង្គលមុត្តមំ វិន័យដែលបុគ្គលសិក្សាដោយប្រពៃហើយជាមង្គលដ៏ឧត្តម ។
ប្រាកដណាស់វិន័យមាន២យ៉ាងគឺអគារិយវិន័យ វិន័យសម្រាប់ពួកគ្រហស្ថ១ អនាគារិយវិន័យ វិន័យសម្រាប់បព្វជិត១ ។ អគារិយវិន័យ សំដៅយកសីល៥ សីល៨ និងកម្មបទ១០។ អនាគារិយវិន័យសំដៅយកការប្រព្រឹត្តក្នុងចតុបារិសុទ្ធិសីលទាំង៤របស់ភិក្ខុ និងសិក្ខាបទ១០ ទណ្ឌកម្ម១០ នាសនង្គ១០ សេខិយវត្ត៧៥ និងសិក្ខាបទក្នុងលោកវជ្ជៈសិក្ខាបទ៤៩របស់សាមណេរទៀត រួមទាំងវត្តប្រតិបត្តិជាច្រើនទៀត ។
បុគ្គលដែលមានសេចក្តីប្រមាថ មិនប្រព្រឹត្តតាមវិន័យរបស់ខ្លួនលោកហៅថា បុគ្គលទ្រុស្តសីល តែងមានបដិសន្ធិទៅរងទុក្ខក្នុងអបាយភូមិជាប្រាកដដូចមានបាលីថា ទុស្សីលោ អបាយគតោ អាហុ លោកពោលថា បុគ្គលទ្រុស្តសីល តែងទៅកាន់អបាយភូមិយា៉ងពិតប្រាកដ ។ ចំណែកឯបុគ្គលមានសីល ប្រព្រឹត្តបដិបត្តិល្អហើយ រមែងរួចចាកទុក្ខទាំងពួងមានដំណើរទៅកាន់សុគតិភព ។
មិនចាំបាច់និយាយទៅថ្វីដល់ទៅសីល៨ សីល១០ ឬសីលដ៏អស្ចារ្យ៤ចំណុចរបស់ភិក្ខុ សូម្បីតែបុគ្គលរក្សាសីល៥បានខ្ជាប់ខ្ជួនហើយនោះ ក៏ទទួលបានផលានិសង្សច្រើនជាអនេក ។
ផលដែលទទួលបានពីការប្រតិបត្តិវិន័យ គឺសីលត្រឹមត្រូវហើយនោះ មិនមែនហុចផលឱ្យតែនៅក្នុងអនាគតជាតិទេ ក្នុងពេលបច្ចុប្បន្នក៏ទទួលផលនេះដែរ ។ សូមលោកយកអានិសង្សសីល៥មកបញ្ជាក់ដូចតទៅ បាណាតិបាតា វេរមណី ការមិនសម្លាប់សត្វ រមែងមានសុខភាពល្អ អាយុយឺនយូរទាំងពេលបច្ចុប្បន្ន និងទៅអនាគតជាតិ ។ ការមិនលួចទ្រព្យរបស់អ្នកដទៃ រមែងថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនបានគង់វង្សឋិតថេរមិនវិនាសអន្តរាយដោយហេតុផ្សេងៗ មានអន្តរាយអំពើចោរជាដើម ។ ការមិនប្រព្រឹត្តខុសក្នុងកាម រមែងគ្រប់គ្រងគ្រួសារដោយសុវត្ថិភាព មិនមានអ្នកដទៃមកបៀតបៀនប្រពន្ធកូន។
ការមិនពោលពាក្យមុសាវាទ (ភូតភរកុហកបោកប្រាស់គេ) រមែងមានសំឡេងពីរោះ មិនមានពាក្យចោទពោលមូលបង្កាច់បង្ខូចកេរ្តិ៍ពីអ្នកដទៃ ។ ការមិនសេពសុរា និងគ្រឿងញៀន រមែងមានសតិបញ្ញាល្អ និងមិនវង្វេងវង្វាន់ក្តៅអន្ទះអន្ទែងក្នុងរាងកាយ ។ រួចចាកពីភាពសៅហ្មងក្នុងពេលបច្ចុប្បន្នទៅភពខាងមុខ នឹងជាអ្នកមានបញ្ញាច្រើនឈ្លាសវៃក្នុងកិច្ចការទាំងពួង។ នេះជាផលរបស់បុគ្គលរក្សាសីល៥ ប្រតិបត្តិវិន័យបានត្រឹមត្រូវ ៕
(ដោយធម្មាចារ្យ សច្ចៈ ភាព)
ចែករំលែកព័តមាននេះ