ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការទេសចរណ៍ពិភពលោក ផ្ដល់ការបណ្តុះបណ្តាលវិស័យទេសចរណ៍ដល់យុវជនកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការផ្តល់អាហារូបករណ៍ សិក្សាជំនាញទេសចរណ៍ចំនួន ៥០ កន្លែង ដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ដល់មកកម្ពុជា បានប្រកាសនៅទិវាទេសចរណ៍ពិភពលោកឆ្នាំ…

រាជធានីភ្នំពេញ ៖ ការផ្តល់អាហារូបករណ៍ សិក្សាជំនាញទេសចរណ៍ចំនួន ៥០ កន្លែង ដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ដល់មកកម្ពុជា បានប្រកាសនៅទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២១ កាលពីថ្ងៃទី ២៧ ខែកញ្ញា ដើម្បីជាការចូលរួមគាំទ្រការអភិវឌ្ឍធនធានមនុស្ស ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ ។

ការសិក្សាអាហារូបករណ៍ ៥០ កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោកនោះ មានយុទ្ធសាស្រ្តធុរកិច្ច គណនេយ្យ និងហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ ជាមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬសិស្សនិស្សិតកំពុងសិក្សាក្នុងវិស័យទេសចរណ៍ មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ (ការសិក្សាជាភាសាអង់គ្លេស) មានគោលដៅអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍ ។ ទីកន្លែងទទួលពាក្យ បេក្ខជនដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ អាចទំនាក់ទំនងមកកាន់នាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍ រៀងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ។

ជាការកត់សម្គាល់នៅក្នុងសន្ទកថា គន្លឹះថ្លែងទៅកាន់វេទិកាទេសចរណ៍ពិភពលោកឆ្នាំ ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មូលធនមនុស្សជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ។ សម្តេចបានបញ្ជាក់ថា វិបត្តិកូវីដ-១៩ ផ្តល់ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំង លើមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ដោយមានការចាកចេញពីជំនាញ និងការងាកមកចាប់យកជំនាញថ្មី ក្នុងវិស័យផ្សេងៗពីទេសចរណ៍ ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ស្នើសុំឲ្យគ្រឹះស្ថានបណ្តុះបណ្តាលទេសចរណ៍ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ ចូលរួមជាមួយក្រសួងទេសចរណ៍បន្ថែមទៀត ក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញថ្មី និងជំនាញបន្ថែមដល់អ្នកបម្រើការងារ ដើម្បីធានាបាននូវការផ្គត់ផ្គង់ជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនទទួលទេសចរជាតិ និងអន្តរជាតិពេញលេញឡើងវិញ នាពេលខាងមុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ