ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ភ្នំ​ព្រះ​ធាតុ នៅ​តែ​ជាទី​ពេញ​និយម​សម្រាប់​អ្នកមាន​ជំនឿ និង​ភ្ញៀវ​ទេសចរ ទោះ​កូ​វី​ដ​ក្តី

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

វត្ត​ភ្នំ​ព្រះ​ធាតុ បច្ចុប្បន្ន​នៅ​តែ​ជាទី​ពេញ​និយម​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ជំនឿ​ទៅ​បែ​បន់ និង​ទៅ​លាបំណន់​ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​យ៉ាងច្រើន​កុះករ ដោយ​មិន

ខេត្តកំពង់ឆ្នាំង ៖ វត្ត​ភ្នំ​ព្រះ​ធាតុ បច្ចុប្បន្ន​នៅ​តែ​ជាទី​ពេញ​និយម​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ជំនឿ​ទៅ​បែ​បន់ និង​ទៅ​លាបំណន់​ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​យ៉ាងច្រើន​កុះករ ដោយ​មិន​សំដៅ​តែ​ថ្ងៃសីល​ទាន​នោះ​ទេ ។ ក្រៅពី​អ្នកមាន​ជំនឿ​អរូបី​យ៍ ក៏​នៅ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ផង​ដែរ ធ្វើ​ឲ្យ​វត្ត​មួយ​នេះ មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ទៅ​កាន់​វត្ត​មួយ​នេះ បើ​ទោះ​ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​យ៉ាងណា​ក្តី ។

វត្ត​ដែល​ល្បី​ស័ក្ដិសិទ្ធិ​មួយ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ដែល​មាន​ចំងាយ​ជាង​៣០​គីឡូ​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបំបែក​ផ្សារ​ត្រាច ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច​។

បើ​តាម​អនុប្រធាន​គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ លោកតា ប៊ុ​ន សា​រិ​ទ្ឋ ហៅ​តា​សម្បត្តិ បាន​ប្រាប់​ឲ្យ​ដឹង​ថា វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ ជា​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ តែង​មាន​មនុស្ស​មក​បែ​បន់ មក​លាបំណន់ នឹង​មក​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ គឺ​រាប់​ពាន់​នាក់ បើ​រថយន្ត​វិញ​គឺ​រាប់រយ​គ្រឿង ទោះបី​បច្ចុប្បន្ន ស្ថិត​ក្នុង​សម័យកាល​កូ​វី​ដ​យ៉ាងណា​ក្តី ។ ហើយ​គណៈកម្មការ​នៅ​ទី​នេះ ក៏​បាន​រៀបចំ​ទទួលភ្ញៀវ​ពុំ​បាន​ដិត​ដល់ និង ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ ដោយសារ​តែ​ភ្ញៀវ​មក​ច្រើន​ពេក ម្ល៉ោះហើយ មាន​តែ​ប្រឹង​ស្រែក​តាម​ឧ​គ្ឃោ​សន​ស័ព្ទ ឱ្យ​បងប្អូន​រក្សា​គម្លាត និង​ឱ្យ​បងប្អូន​ពាក់​ម៉ាស បាញ់​អាកុល ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ ។

លោកតា​បន្ត​ថា អ្នក​មក​ពី​នេះ​ភាគច្រើន​គឺ​មក​ពី​ទី​ឆ្ងាយ​ៗ មក​បែ​បន់ ដោយ​ពួក​គាត់​យល់​ថា វត្ត​ភ្នំ​ប្រ​ធាតុ គឺជា​វត្ត​មួយ​ស័ក្ដិសិទ្ធិ​ណាស់ បន់​អី​បាន​ហ្នឹង​! ខ្លះមក​បន់​រកស៊ី​មានបាន ខ្លះមក​បន់​សុំ​កូន ខ្លះមក​បន់​សុំ​លក់​ដី​ដាច់ និង​ខ្លះ​ទៀត​មក​បន់​សុំ​ឱ្យ​អ្នក​ជំពាក់​លុយ​សង​ជាដើម ហើយ​អ្នក​ដែល​បន់​ទាំងនោះ​ទទួល​បាន​ផល​ស័ក្ដិសិទ្ធិ តែងតែ​មក​លាបំណន់​វិញ គឺ​មក​ជា​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក ។

លោក​បន្ត​ទៀត​ថា ដោយឡែក​សម្រាប់​ថៃ្ង​សីល​វិញ ពុំ​សូវ​មាន​មនុស្ស​ប៉ុន្មាន​នោះ​ទេ គឺ​មាន​តែ​អ្នក​ក្នុងភូមិ​ជិត​ៗ​ហ្នឹង​តែ​ប៉ុណ្ណោះ ។ ក្រៅពី​អ្នក​មក​បែរបន់ និង​មក​លាបំណន់ សុំ​សុខ​សប្បាយ ក៏​នៅ​មាន​អ្នក​មក​លេង​កម្សាន្ត​ជា​ច្រើន​ផង​ដែរ ដោយ​ពួក​គាត់​បាន​ឡើង​ទៅ​លើ​កំពូលភ្នំ​ព្រះ​ធាតុ ទស្សនា​ពីលើ​ភ្នំ ទៅ​តាម​វាលស្រែ​ជនបទ ខ្លះ​ទៀត​ទៅ​មើល​ទីកន្លែង​ប្រវត្តិសាស្ត្រ និង​ទស្សនា​ព្រះ​បដិមាករ បន្សល់​ពី​សម័យ​ដើម ព្រោះ​ភ្នំ​ព្រះ​ធាតុ​នេះ​គឺជា​កន្លែង​ប្រវត្តិសាស្ត្រ ដែល​បាន​បន្សល់​ទុក​ស្លាកស្នាម​ដល់​សព្វថ្ងៃ​។ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ​ព្រះ​ធាតុ គេ​សង្កេត​ឃើញ​មាន​ក្រុម​អ្នក​ដូរ​លុយរាយ អ្នកលក់​ទៀន​ធូប លក់​សត្វ​ចាប​រស់ សម្រាប់​អ្នកទិញ​យក​ទៅ​លែង និង​មាន​អ្នកលក់​បាច់ផ្កា​ជា​ច្រើន​ហូរហែ​ផង​ដែរ​។

លោក​បន្ត​ថា ក្រៅពី​នោះ នៅ​មាន​អ្នកលក់​ចំណីអាហារ និង​ភេសជ្ជៈ​ទៀត​ផង ដែល​អាច​បញ្ជាក់​បាន​ថា​អ្នក​នៅ​ទី​នេះ យល់​ពី​ស្ថានភាព​មាន​ភ្ញៀវ​មក​ច្រើន​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ក៏​បាន​ឆ្លៀត​ប្រកប​មុខរបរ​លក់ដូរ​ដើម្បី​ចិញ្ចឹមជីវិត ។

សូម​រំលឹក​ដែរ​ថា វត្ត​ភ្នំ​ព្រះ​ធាតុ គឺជា​វត្ត​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​សាសន៍ នៃ​ពុទ្ធសាសនា ដ៏​យូរលង់​ណាស់​មក​ហើយ ដោយ​មានរឿង​និទាន​ដំណាល​ថា ៖ ទីតាំង​វត្ត​ភ្នំ​ព្រះ​ធាតុ នេះ​កើត​តាំងពី​សម័យ​បុរាណកាល​មក​ម្ល៉េះ ព្រោះ​នៅ​លើ​ភ្នំ​នេះ​បាន​បន្សល់​ទុក​គ្រឹះ​ប្រាសាទបុរាណ​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា ទីតាំង​ភ្នំ​នេះ​បាន​កើត​មុន​សម័យ​អង្គរ​៤​ទៅ​៥​រយ​ឆ្នាំ គឺ​តាំងពី​សម័យ​គោក​ធ្លក​មក​ម្ល៉េះ​។

សូម​រំលឹក​ទៀត​ថា ហើយ​កាលសម័យ​នោះ គ្មាន​ការ​គោរព​ព្រះពុទ្ធ​សាសនា​ទេ ។ នៅ​ពេល​ដែល​ព្រះបាទ (​កោ​ណ្ឌ​ញ​) កោ​ដា​ញ់ និង​ព្រះ​នាង លីវ យី យាង​មក​គ្រប់គ្រង​ដែនដី ព្រះ​អង្គ​បាន​ចាត់​អោយ​និមន្ត ភិក្ខុ​២ អង្គ គឺ​ភិក្ខុ សោ​នរៈ​ថេ និង​ភិក្ខុ ឧតរៈ​ថេ ពី​ប្រទេស​ឥណ្ឌា ដើម្បី​ឱ្យមក​ផ្សព្វផ្សាយ​សាសនាព្រះពុទ្ធ មុនគេ​បង្អស់​នៅ​ជ្រោយ​ឥណ្ឌូចិន ។ ហើយ​កាល​ណោះ ភិក្ខុ​ទាំង​២​អង្គ បាន​និមន្ត​តាម​សំពៅ​មក​ចាប់​ទី​ស្នាក់​នៅ​ដើម្បី​ផ្សព្វផ្សាយ​ធម៌ ព្រះពុទ្ធ​មុនគេ គឺ​លើ​ភ្នំ​ព្រះ​ធាតុ​នេះឯង ។ កាលពី​ជំនាន់​នោះ ស្រុក​យើង​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ មិនសូវ​មាន​ដី​ទេ ដោយហេតុ​នេះ​ហើយ​ទើប​នៅ​លើ​ភ្នំ​នេះ មាន​បន្សល់​ទុក​ស្លាកស្នាម និង​ឈ្មោះ​ខ្លះ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ ដូច​ជា ៖ ឈ្មោះ​គោក​សំពៅ​, ដានជើង​តា​ព្រេង​, ល្អាង​អ៊ុ​ក​គូថ និង​ហាត់​ចំបាប់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ