ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបានកូនប្រុសអះអាងថា បានចាប់កាច់ដកធ្មេញរង្គើដោយខ្លួនឯង ដោយមិនបានទៅរកគ្រូពេទ្យធ្មេញឲ្យពិនិត្យ និងព្យាបាល ឬដកឲ្យនោះឡើយ បណ្ដាលឲ្យមានការឈឺចាប់យ៉ាងខ្លាំងទោះបីជាលេបថ្នាំក៏ដោយក៏មិនបានជា និងមិនបាត់ការឈឺចាប់ដែរ លុះរយៈពេល២ថ្ងៃក្រោយការដកធ្មេញត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង ហើយប៉ូលិសអះអាងថា បុរសនោះស្លាប់ដោយជម្ងឺគាំងបេះដូង (ខ្យល់គរ) ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
បុរសរងគ្រោះខាងលើឈ្មោះ ខាត់ ជា អាយុ៤៥ឆ្នាំ មុខរបរលក់លៀស មានស្រុកកំណើតនៅក្នុងភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្នាក់នៅក្នុងបន្ទប់ផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកូនប្រុសបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ២ថ្ងៃឪពុកខ្លួនបានត្អូញត្អែរថាឈឺធ្មេញ ព្រោះធ្មេញរបស់គាត់រង្គើ ខណៈនោះគាត់មិនបានទៅរកគ្រូពេទ្យធ្មេញឲ្យពិនិត្យមើលនោះឡើយ ក៏បានកាច់ដកធ្មេញនោះដោយខ្លួនឯងតែម្ដង ។ បន្ទាប់ពីដកធ្មេញរួចមានអាការៈមិនស្រួលខ្លួន និងឈឺកន្លែងដកធ្មេញនោះ ហើយគាត់បានទិញថ្នាំលេបដែរ ប៉ុន្តែមិនបាត់សោះនៅតែឈឺ ហើយចេះតែទ្រាំ មិនបានទៅរកគ្រូពេទ្យនោះឡើយ ហើយនៅយប់ថ្ងៃទី១៩មករា គាត់បានចូលសម្រាន្តធម្មតាដូចសព្វមួដងដោយមិនមាននរណាម្នាក់បានចាប់អារម្មណ៍ថាគាត់មានបញ្ហាអ្វីកើតឡើងនោះឡើយ លុះដល់ពេលកើតហេតុ ខ្លួនដែលជាកូនមិនឃើញឪពុកក្រោកដូចសព្វមួយដង ក៏បានចូលទៅដាស់ ស្រាប់តែប្រទះឃើញឪពុកស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ប៉ូលិសស្រុកអង្គស្នួលបានចុះទៅពិនិត្យធ្វើកោសល្យវិច័យបានរកឃើញថា បុរសនោះបានស្លាប់ដោយសារជម្ងឺគាំងបេះដូង (ខ្យល់គរ) រួចក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ