ខេត្តកំពង់ធំ ៖ ជនសង្ស័យដែលសម្លាប់សង្សាររបស់ម្តាយខ្លួនឯងកាលពីថ្ងៃទី៣ ខែមករា ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ និងចាប់ខ្លួនបានហើយកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ខណៈរត់ទៅពួនសំងំក្នុងព្រៃក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក ឈុំ ឈៀង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំរីង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្វាយ ដេន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវកម្លាំងនគរបាលឃុំទំរីងសហការជាមួយកម្លាំងនគរបាលស្រុកសណ្ដាប់ចាប់ខ្លួនពីបទវ៉ៃសម្លាប់ឈ្មោះ ស្រី អេង ភេទប្រុស អាយុ៥៧ឆ្នាំ ជាសង្សាររបស់ម្តាយជនសង្ស័យកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ខណៈជនសង្ស័យបានរត់ទៅពួនសំងំលាក់ខ្លួននៅក្នុងព្រៃចាប់តាំងពីថ្ងៃកើតហេតុ ។
លោក ឈុំ ឈៀង បន្តទៀតថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ