ចាំទេ! តារាជើងចាស់២រូបល្បីល្បាញនាទស្សវត្សន៍៩០ ពេលនេះយ៉ាងណាហើយ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងជើងចាស់២រូប គឺលោក យស់ បូវណ្ណៈ និងលោក រឹទ្ធ ឧត្តម បានបង្ហាញពីសុភមង្គលគ្រួសារយ៉ាងផ្អែមត្រជាក់នៅលើទឹកដីអាមេរិក ទីដែលអ្នកទាំងពីរកំពុងសាងជីវភាពថ្មី។ ទស្សនិកជនដែលនិយមតាមដានភាពយន្តខ្មែរនាទស្សវត្សន៍ឆ្នាំ៩០ ប្រហែលជានៅមិនទាន់ភ្លេចនៅឡើយទេ ពីវត្តមានរបស់តារាសម្តែងទាំងពីរ ដែលធ្លាប់បានសាងភាពល្បីល្បាញក្នុងពិភពខ្សែភាពយន្តខ្មែរនាសម័យកាលនោះ។
តារាសម្តែងរាងខ្ពស់សង្ហាលោក យស់ បូវណ្ណៈ ត្រូវបានគេដឹងថា លោកបាននិងកំពុងកសាងគ្រួសារនៅលើកទឹកដីអាមេរិកយ៉ាងមានសុភមង្គល បន្ទាប់ពីលោកបានចាកចេញពីទឹកកំណើតសាងជីវភាពថ្មីនៅទីនោះអស់ជាច្រើនឆ្នាំ។ ជាទូទៅតារាជើងចាស់រូបនេះ តែងតែបង្ហោះរូបភាពជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ មិនថា ការធ្វើដំណើរកំសាន្ត ឬការជួបជុំការញ៉ាំអាហារនានា។

លោក យស់ បូវណ្ណៈ បានសម្រេចរៀបការភរិយានៅទឹកដីអាមេរិក ដែលរហូតមកទល់ពេលនេះ លោកបានទទួលចំណងដៃកូនស្រីចំនួន៣នាក់ហើយ។ កូនស្រីរបស់លោកបានចម្រើនវ័យកាន់តែស្រស់ស្អាត ជាមួយនឹងការសិក្សាមួយដ៏ល្អ ក្នុងនោះលោកក៏បានអោយកូនស្រីរបស់លោកហាត់របាំបុរាណខ្មែរផងដែរ។
ក្នុងនាមជាអតីតអ្នកសិល្បៈមួយរូបលោក យស់ បូវណ្ណៈ ក៏នៅមិនទាន់បោះបង់ចោលវិស័យសិល្បៈរបស់លោកនៅឡើយទេ ពោលគឺលោកក៏នៅបន្តជាអ្នកសម្តែង និងច្រៀង ហើយក៏ជាប្រធានសមាគមសិល្បៈខ្មែរប្រចាំរដ្ឋមួយនៅសហរដ្ឋអាមេរិកផងដែរ។ លើសពីនេះ កាលពីពេលថ្មីៗនេះលោកក៏បានចុះមកស្រុកខ្មែរ ដើម្បីចូលរួមថតភាពយន្តជាថ្មីឡើងវិញ ឆ្លើយតបជាមួយនឹងការចង់ឃើញសម្រាប់ទស្សនិកជនដែលធ្លាប់គាំទ្រការសម្តែងរបស់លោកនាពេលកន្លងមក។
ចំណែកអតីតតារាសម្តែងមាឌធំសម្បុរខ្មែរអង្គរលោក រឹទ្ធ ឧត្តម ក៏ត្រូវបានគេដឹងថា លោកកំពុងកសាងគ្រួសារមួយតូចយ៉ាងមានសុភមង្គលលើកទឹកដីអាមេរិក មិនខុសពីលោក យស់ បូវណ្ណៈ ដូចគ្នា។ ជាទូទៅលោកបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីបង្ហោះរូបភាពជាបន្តបន្ទាប់ បង្ហាញការជួបជុំគ្រួសារតាមរយៈការដើរកំសាន្ត និងការញ៉ាំអាហារផ្សេងៗ។

លោក រឹទ្ធ ឧត្តម បានរៀបការមានភរិយានៅលើកដីអាមេរិក ដែលបច្ចុប្បន្នលោកទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ។ កូនស្រីរបស់បានចម្រើនវ័យពេញក្រមុំ ជាមួយនឹងរូបសម្រស់ស្រស់ស្អាតផងដែរ។ យ៉ាងណា បើទោះបីជាអតីតតារាភាពយន្តរូបនេះ ហាក់មិនបាននឹកនាវិលមករកការសម្តែជាថ្មីឡើងវិញដូចលោក យស់ បូវណ្ណៈ ក៏ដោយ ប៉ុន្តែកន្លងមកលោកក៏ធ្លាប់ចុះមកស្រុកខ្មែរជាញឹកញាប់ ដើម្បីជួបជុំគ្រួសារ និងមិត្តភក្តិចាស់ៗរបស់លោកផងដែរ។

ជាការកតសម្គាល់ អតីតតារាសម្តែងជើងចាស់ដែលបានចេញទៅរស់នៅ និងសាងជីវិតគ្រួសារនៅក្រៅប្រទេសនោះ ភាគច្រើនគឺហាក់មិនសូវនឹកនាវិលមករកការសម្តែងជាថ្មីឡើងវិញឡើយ បើទោះបីបច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ហើយវិស័យភាពយន្តក៏កំពុងមានភាពលូតលាស់ជាបណ្តើរៗក៏ដោយ។ តែទោះជាយ៉ាងណា ពួកគេក៏នៅតែមានការនឹករលឹកដល់ទស្សនិកជនខ្មែរ ជាពិសេសបណ្តាអ្នកធ្លាប់គាំទ្ររាល់ការសម្តែងរបស់ពួកគេកន្លងមក៕













ចែករំលែកព័តមាននេះ