ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​កម្សាន្ត​ផ្សងព្រេង អតិថិជន​ហ្វ​ដ បញ្ចប់​ដោយ​ភាព​រីករាយ និង​អនុស្សាវរីយ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដំណើរ​កម្សាន្ត​របស់​អតិថិជន​ហ្វ​ដ រយៈពេល​បួន​ថ្ងៃ​បី​យប់ កាលពីស​ប្ដា​ហ៍​មុន​នេះ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ធ្នូ ដែល​ធ្វើ​ដំណើរ​កាត់​តាម​ខេត្តបាត់ដំបង ប៉ៃលិន និង​ចូល​ទៅ​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ ដំណើរ​កម្សាន្ត​របស់​អតិថិជន​ហ្វ​ដ រយៈពេល​បួន​ថ្ងៃ​បី​យប់ កាលពីស​ប្ដា​ហ៍​មុន​នេះ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ធ្នូ ដែល​ធ្វើ​ដំណើរ​កាត់​តាម​ខេត្តបាត់ដំបង ប៉ៃលិន និង​ចូល​ទៅ​ប្រទេស​ថៃ បាន​បញ្ចប់​ដោយ​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្ត​ច​ន្ថា​បុរី ប្រទេស​ថៃ ជា​ពិសេស​នោះ អនុស្សាវរីយ៍​នៃ​ការ​បោះជំរំ​ស្នាក់​នៅ​ក្នុង​តង់​លើ​វាលស្មៅ នៃ​តំបន់​ភ្នំ​ខេត្ត​ប៉ៃលិន និង​ការ​បោះជំរំ​នៅ​ជាប់​សមុទ្រ​នៃ​ប្រទេស​ថៃ​ផង​ដែរ ។

បន្ទាប់​ពី​បាន​បោះជំរំ​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​១​យប់ ក្បួន​ដំណើរ​កម្សាន្ត​ផ្សងព្រេង​បាន​ចូល​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ ដោយ​បាន​បោះជំរំ​នៅ​រមណីយដ្ឋាន​មាត់សមុទ្រ​មួយ​ឈ្មោះ​ថា រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ឆៅ​ឡៅ ។ មិន​ត្រឹមតែ​ការ​បោះជំរំ​នៅ​ក្នុង​ទឹកដី​ថៃ​ប៉ុណ្ណោះ​ទេ ដំណើរ​កម្សាន្ត​ដែល​មាន​អ្នកចូលរួម​ជាង​៣០០​នាក់ និង​រថយន្ត​ប្រមាណ​ជាង​៥០​គ្រឿង ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់ ព្រៃកោងកាង និង​មើល​ត្រី​ក្នុង​ពិភព​សមុទ្រ ព្រមទាំង​បទ​ពិសោធន៍​ដើរ​ឡើង​ភ្នំ​ផង​ដែរ ។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ អតិថិជន​ហ្វ​ដ ក៏​បាន​ចូល​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​ទាប​មិន​គួរ​ឱ្យ​ជឿ បើ​ធៀប​នឹង​តម្លៃ​ទំនិញ​នៅ​តាម​បណ្ដា​ផ្សារ​នានា​ក្នុង​ប្រទេស​ថៃ និង​កម្ពុជា នោះ​គឺ​ផ្សារ​លក់ទំនិញ​បោះ​ដុំ​ម៉ា​ក្រូ​ក្នុង​ខេត្ត​ច​ន្ថា​បុរី ។

តំណាង​ក្រុមហ៊ុន អ អិ​ម អេ កម្ពុជា  លោក ញ៉ែ​ម រឹ​ទ្ធី បានឱ្យ​ដឹង​ថា ដំណើរ​កម្សាន្ត​ផ្សងព្រេង​របស់​អតិថិជន​ហ្វ​ដ បាន​រៀបចំ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៧​មក ដោយ​ក្នុង​ឆ្នាំ​២០០៧​ក្រុមហ៊ុន​បាន​នាំ​អតិថិជន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី ឆ្នាំ​២០០៨ ទៅ​ខេត្ត​រតនគីរី ឆ្នាំ​២០០៩​ទៅ​ខេត្ត​ប៉ៃលិន ឆ្នាំ ២០១០​និង​ឆ្នាំ​២០១១ ធ្វើ​ដំណើរ​ទៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ឆ្នាំ​២០១២ ទៅ​ខេត្ត​មណ្ឌល​គី​រី ឆ្នាំ​២០១៣ ទៅ​ប្រទេស​ឡាវ​សា​ជា​ថ្មី និង​ឆ្នាំ ២០១៤ ទៅ​កាន់​ខេត្ត​ត្រា​ត ប្រទេស​ថៃ ហើយ​អ្នកចូលរួម​បាន​កើន​ឡើងជា​បន្តបន្ទាប់ ។

អតិថិជន​ហ្វ​ដ​មួយ​រូប ដែល​នាំ​គ្រួសារ​ចូលរួម​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​ដែរ​បាន​និយាយ​ថា គ្រួសារ​គាត់​បាន​ចូលរួម​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុមហ៊ុន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​គាត់​បាន​ទិញ​រថយន្ត​ហ្វ​ដ​ប្រើប្រាស់​ក្នុង​អាជីវកម្ម​និង​ការ​ធ្វើ​ដំណើរ​នានា ។ តែ​រាល់​ការ​រៀបចំ​ដំណើរ​កម្សាន្ត​របស់​ក្រុមហ៊ុន​ហ្វ​ដ តែងតែ​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​សម្រាប់​រូប​គាត់ ជាក់ស្ដែង​បទ​ពិសោធន៍​នៃ​ការ​បើកបរ​ផ្លូវ​ឆ្ងាយ​ៗ ផ្លូវ​ពិបាក ឡើង​ភ្នំ និង​អាច​បញ្ជាក់​ពី​កម្លាំង​ម៉ាស៊ីនរថយន្ត​ហ្វ​ដ​បាន​ផង​ដែរ ។ ម្យ៉ាងទៀត អតិថិជន​ទាំងអស់​ដែល​បាន​ចូលរួម​ក៏​អាច​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​បោះ​តង់​ស្នាក់​នៅ​លើ​វាលស្មៅ លើ​ភ្នំ និង​នៅ​មាត់សមុទ្រ ខុស​ពី​ផ្ទះ​ដែល​យើង​ស្នាក់​នៅ​ជា​ប្រចាំ ។

អតិថិជន​រូប​នេះ​បន្ត​ថា អ្វី​ដែល​ពិសេស​ទៀត​នោះ អតិថិជន​ហ្វ​ដ​ទាំងអស់​ក៏​អាច​បង្កើត​ទំនាក់ទំនង​រវាង​គ្នា​ក្នុង​ន័យ​ទំនាក់​ទំនងជា​មិត្តភក្ដិ និង​ក្នុង​ន័យ​ទំនាក់ទំនង​អាជីវកម្ម​ផង​ដែរ​។ ដូចនេះ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្សងព្រេង​ជាមួយ​ក្រុមហ៊ុន​ហ្វ​ដ អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន ទោះបីជា​មានការ​ហត់នឿយ​បន្តិច​ក្តី  ៕