រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC ទើបអនុម័តឲ្យមានដំណើរការរោងចក្រចំនួនពីរបន្ថែមទៀត នៅក្នុងខែកុម្ភៈនេះ ។ ទីមួយគឺរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ទី ២ គឺរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ។
រោងចក្រទី ១ ដែលផលិត ជារោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាលមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង ។ ចំណែករោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៤៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង ។
បើតាម CDC ស្ថានភាពវិនិយោគពីក្រៅប្រទេសនៅកម្ពុជាក្នុងឆ្នាំ ២០២១នេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំ ២០២០ ។ តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងដែលថា នៅឆ្នាំ ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨,២ពាន់លានដុល្លារ ថយចុះប្រមាណ ១២% ធៀប ឆ្នាំ២០១៩ ។ ដោយឡែកក្នុងមួយខែឆ្នាំ ២០២១នេះ គឺពេញមួយខែមករាកន្លងមកនេះ អង្គភាពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ ទទួលបានគម្រោងវិនិ យោគចំនួន ២០ មានទុនវិនិយោគប្រមាណ ៦២១លានដុល្លារមានកើងឡើងពីឆ្នាំ ២០២០ ដែលមានការវាយលុកខ្លំាងពីកូវីដ ១៩ នោះ ៕
ចែករំលែកព័តមាននេះ