ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មោទកភាព​កម្ពុជា​៖ កូន​ខ្មែរ​ពីររូប បញ្ចប់​ការសិក្សា​ផ្នែក​នុយក្លេអ៊ែរ​ស៊ីវិល ប្រកបដោយ​ជោគជ័យ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ពីររូប គឺ​លោក កែវ មករា និង​លោក កឹម ចាន់​ប៉ា​លី…

រាជធានី​ភ្នំពេញ​៖ អតីត​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ពីររូប គឺ​លោក កែវ មករា និង​លោក កឹម ចាន់​ប៉ា​លី ទើបបាន​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ជំនាញ Nuclear Power Engineering and Thermal Physics (​ជំនាញ​នុយក្លេអ៊ែរ​ស៊ីវិល​) ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី​។

សមាគមនិស្សិត​ខ្មែរ ប្រចាំ​សហព័ន្ធរុស្ស៊ី ឲ្យ​ដឹងថា និស្សិត​ទាំងពីរ បានបញ្ចប់​ការសិក្សា ជំនាញ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល ជំនា​ន់ទី​០១ នៃ​គម្រោង​អភិវឌ្ឍ​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អាចឈាន​ទៅ​សម្រេចបាន​ការអភិវឌ្ឍ​វិស័យ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល​នៅ​កម្ពុជា នាពេល​ខាង​មុន​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងបរិស្ថាន លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បានបង្ហាញ​មោទកភាព ដែល​កម្ពុ​ជាមាន​ធនធានមនុស្ស​ដ៏​កម្រ​លើ​ជំនាញ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល ក្នុងសម័យ​តេ​ជោ​សែន​។

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ដោយសារ​តែមាន​សុខសន្តិភាព​ពេញលេញ កម្ពុជា​មានឱកាស​គ្រប់គ្រាន់ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​ផ្សេងៗ ដើម្បី​ចូលរួម​បង្កើនល្បឿន​អភិវឌ្ឍ​ជាតិ​។ ទន្ទឹមនឹង​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​សាស្ត្រាចារ្យ​សាលា​តិច​ណូ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​កម្ពុជា លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សហព័ន្ធ​រុស្សី ដែល​បានផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា​ជា ពិសេស​ជំនាញ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល​នេះ​។

​លោក​រដ្ឋមន្ត្រី បន្តថា ប្រទេស​កម្ពុជា ត្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យនេះ​បន្ថែមទៀត​។ ការសិក្សា​ស្រាវជ្រាវ ការអនុវត្ត និង​ការលើកកម្ពស់​ការយល់​ដឹង​អំពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​មាន​សារៈសំខាន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា ហេតុដូច្នេះ បានជា​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ជាមួយ​សាជីវកម្ម​ថាមពលបរមាណូ​រដ្ឋ​រុស្ស៊ី (Rosatom) និង​សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិចិន (CNNC) ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ សម្រាប់​បម្រើឱ្យ​គោលបំណង​សន្តិភាព ក្នុងទិសដៅ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស ការលើកកម្ពស់​ការយ​ល់​ដឹង​ជា​សាធារណៈ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ក្នុង​វិស័យ​អាទិភាព ដូចជា ឧ​ស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាព​ចំណីអាហារ ថាមពល សំណង់ បរិស្ថាន ជាដើម​។

​នៅក្នុង​ទិសដៅ និង​កម្មវិធី​ការងារ​វិស័យ​ថាមពលនុយក្លេអ៊ែរ នៅ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហព័ន្ធរុស្ស៊ី មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​នុយក្លេអ៊ែរ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នាពេល​អនាគត​។ ជា​មួយ​គ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាជីវកម្ម​នុយក្លេអ៊ែរ​ចិន ក្នុងការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ការលើកកម្ពស់​ការយ​ល់​ដឹង​ជា​សាធារណៈ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ សម្រាប់​បម្រើឱ្យ​គោលបំណង​សន្តិភាព​ក្នុង​វិស័យ​ឧស្សាហកម្ម វេជ្ជសាស្ត្រ និង​សុខភាព​។​

​ក្នុង​ក្របខណ្ឌ​ការងារ​របស់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៧-២០២៣ ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) កម្ពុជា​យកចិត្តទុកដាក់​លើ​វិស័យ​អាទិភាព​រួមមាន ការកសាង​ក្របខណ្ឌ​ច្បាប់ សុវត្ថិភាព​នុយក្លេអ៊ែរ និង​ការ​សាយភាយ​កាំរស្មី សុខភាព​មនុស្ស កសិកម្ម ការចិញ្ចឹម​សត្វ សុវត្ថិភាព​ចំណីអាហារ ការគ្រប់គ្រង​ធនធានទឹក ការធ្វើផែនការ​និង​កម្មវិធី​អនុវត្ត​ការងារ​ក្នុង​វិស័យ​ថាមពល កិច្ចការពារបរិស្ថាន ត្រួតពិនិត្យ​និង​ការគ្រប់គ្រង​សំណល់​វិទ្យុសកម្ម ការប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ការរក្សា​កេរ​មរតក​វប្បធម៌ ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការអប់រំ ជាដើម​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ