រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លើសំណុំរឿងនាយកគ្រប់គ្រងក្រុមហ៊ុនមួយ ដែលស៊ីដាច់ប្រាក់ថៅកែជនជាតិចិនប្រមាណ៧៦ម៉ឺនដុល្លារអាមេរិកថា យកទៅរត់ការចូលសញ្ញាតិខ្មែរ ដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ ពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន២០០លានរៀល និងសងសំណងរដ្ឋបវេណី ២៧ម៉ឺនដុល្លារអាមេរិក ។
សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុកមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។
ជនជាប់ចោទខាងលើមានឈ្មោះ ស៊ិន ដាវុធ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខB១០ ផ្លូវលំ ភូមិបឹងឈូក ស្ថិតក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ មុខរបរជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួន និងបញ្ជូនជនសង្ស័យជានាយកគ្រប់គ្រងក្រុមហ៊ុននេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងរបស់ថៅកែជនជាតិចិន៣នាក់ប្តឹងរឿងស៊ីដាច់ប្រាក់៧៦ម៉ឺនដុល្លារអាមេរិក ដែលយកទៅរត់ការឲ្យចូលសញ្ញាតិខ្មែរ តែមិនបានសម្រេច។
តាមប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ ស៊ិន ដាវុធ យកជូនលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ដើម្បីធ្វើការសាកសួរជុំវិញពាក្យបណ្តឹងរបស់ថៅកែចិន៣ នាក់នោះ ។
ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនម្នាក់ជានាយកក្រុមហ៊ុន បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឲ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ចំពោះជនជាតិចិន៣នាក់ ក្នុងមានប្រុស២នាក់ និងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ ។ បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានតម្រូវឲ្យថៅកែចិន ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារអាមេរិក មកឲ្យគេ (ស៊ិន ដាវុធ) ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល ។ ពេលនិយាយត្រូវរ៉ូវគ្នាហើយថៅកែចិនជា (នាយកក្រុមហ៊ុន) បានប្រគល់សែក១០សន្លឹករបស់ធនាគារសហពាណិជ្ជ.ក.អ មានទឹកប្រាក់សុរបចំនួន៧៦ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ ។
លុះដល់ថ្ងៃកំណត់ ស្រាប់តែមិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ព័ន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិតាមបែបបទរដ្ឋបាលដែលធ្លាប់ធ្វើកន្លងមកនោះទេ ដោយសារតែមូលហេតុយ៉ាងដូច្នេះ ហើយ ទើបដើមបណ្តឹងបានទាក់ទងទៅឈ្មោះ ស៊ិន ដាវុធ តែជននេះបានគេចវេស និងមិនបានជួបចរចាគ្នាដូចការសន្យា មុនពេលទទួលយកប្រាក់នោះទេ ថែមទាំងព្យាយាមគេចខ្លួនទៀតផង ។
លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នាយកក្រុមហ៊ុនបានតាមរកឃើញឈ្មោះ ស៊ិន ដាវុធ ពេលនោះឈ្មោះ ស៊ិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថា នឹងសងប្រាក់នោះទាំងអស់វិញ ប៉ុន្តែរហូតដល់ថ្ងៃចាប់ខ្លួននៅតែមិនសង ។
អង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបនាយកក្រុមហ៊ុន (ថៅកែចិន) សម្រេចចិត្តពឹងពាក់មេធាវីការពារក្តីដោយអាណត្តិ គឺលោក លី តៃសេង ដើម្បីប្តឹងជនសង្ស័យឈ្មោះ ស៊ិន ដាវុធ នាយកគ្រប់គ្រងក្រុមហ៊ុនឲ្យចាត់ការតាមផ្លូវច្បាប់ ។
រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួង បានឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ តែជនសង្ស័យនៅមិនព្រមសងប្រាក់ទៅដើមបណ្តឹងដដែល ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ នៅពេលសវនាការជនជាប់ចោទបានទទួលស្គាល់ថា ពិតជាបានយកប្រាក់ពីថៅកែចិននោះមែន ប៉ុន្តែទទួលត្រឹម៦០ម៉ឺនដុល្លារ មិនមែន៧៦ម៉ឺនដុល្លារអាមេរិកនោះទេ ។ ចំពោះការកាត់ក្តីនេះ ជនជាប់ចោទ បាននិងកំពុងសិក្សាជាមួយមេធាវី ដើម្បីប្តឹងឧទ្ធរណ៍ ៕
ចែករំលែកព័តមាននេះ