រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជានាយទាហានជើងទឹករួម និងមិត្តភក្ដិបានចូលទៅហូបអីនៅភោជនីយដ្ឋានមួយកន្លែងផឹកស្រវឹងដកកាំភ្លើងខ្លីចេញមកអួតអាងពេញតុផឹកស៊ី និងថែមទាំងអាំម៉េបញ្ចូលគ្រាប់ធ្វើឲ្យម្ចាស់ហាងភ័យខ្លាចមានរឿងក្នុងហាងរបស់គាត់ បានប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ចំពោះហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដានេះ នៅក្នុងភោជនីយដ្ឋាន យីហោ 18ថ្មី2 ផ្លូវOCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បុរសដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ឡាយ សាកន មុខរបរទាហាន ឋានៈនាយក្រុម១ អនុសេនាតូចការពារអង្គភាពបញ្ជាការដ្ឋាន ការពារកោះឆ្នេរ កងទ័ពជើងទឹក ។

ប្រភពពីម្ចាស់ហាងបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺបុរសខាងលើ និងមិត្តភក្ដិគាត់ម្នាក់ទៀតបានមកអង្គុយហូបអីនៅក្នុងភោជនីយដ្ឋានខាងលើ រំលងបានជាងមួយម៉ោងបុរសនោះស្រវឹងស្រឿងៗ ស្រាប់តែគាត់បានដកកាំភ្លើងខ្លី ម៉ាក K59 មកដាក់សំញ៉ែងលើតុ និងអាំម៉េបញ្ចូលគ្រាប់ធ្វើអោយបុគ្គលិកគាត់មានការភ័យខ្លាចក៏មកប្រាប់គាត់ដោយឃើញដូច្នោះ រូបគាត់ខ្លាចមានរឿងរ៉ាវក្នុងហាងគាត់ ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។ ចំណែកមិត្តភក្ដិបុរសបង្កម្នាក់ទៀតគេចខ្លួនទៅបាត់មុនពេលសមត្ថកិច្ចមកដល់ ។

ប្រភពដដែល បានបញ្ជាក់ថា បុរសកាន់កាំភ្លើងនោះគាត់គ្មានជម្លោះជាមួយភ្ញៀវណាទេ គឺគាត់ស្រវឹងស្រាចេញចរិកអួត បានដកកាំភ្លើងខ្លីសំញ៉ែងគេ និងអាំម៉េបញ្ចូលគ្រាប់ច្រើនដងពេក ដោយខ្លាចមានរឿងទើបពួកគាត់ប្តឹងសមត្ថកិច្ច ។
បន្ទាប់ពីបង្កការភ្ញាក់ផ្អើល បុរសខាងលើត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌជ្រោយចង្វារឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វារ នាំខ្លួនទៅប៉ុស្តិ៍នគរបាលចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ