ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ម្រេច​កំពត​នៅ​ថេរ​ ខណៈ​តម្រូវការ​កើនឡើង​តិចតួច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជិត​ផុត​រដូវ​ប្រមូល​ផល ម្រេច​កំពត​ឆ្នាំ​នេះ​អាច​នឹង​មាន​ទិន្នផល​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០​កន្លង​ទៅ​ដែរ គឺ​ប្រមាណ​៩០​តោន ខណៈ​ទីផ្សារ​ម្រេច​កំពត​ឆ្នាំ​២០២១​នេះ មានការ​កើនឡើង​តិចតួច​ទៅ​លើ​ប្រភេទ​ម្រេច​ក្រហម ។ នេះ​បើ​តាម​លោក​ងួ​ន ឡាយ​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ ជិត​ផុត​រដូវ​ប្រមូល​ផល ម្រេច​កំពត​ឆ្នាំ​នេះ​អាច​នឹង​មាន​ទិន្នផល​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០​កន្លង​ទៅ​ដែរ គឺ​ប្រមាណ​៩០​តោន ខណៈ​ទីផ្សារ​ម្រេច​កំពត​ឆ្នាំ​២០២១​នេះ មានការ​កើនឡើង​តិចតួច​ទៅ​លើ​ប្រភេទ​ម្រេច​ក្រហម ។ នេះ​បើ​តាម​លោក​ងួ​ន ឡាយ​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០៥ កក្កដា ២០២១​នេះ ។

លោក​ងួ​ន ឡាយ​បានឱ្យ​ដឹង​ថា តាម​ពិត​ទៅ​រាល់​ឆ្នាំ​ចូល​ដល់​ខែកក្កដា​គឺ​កសិករ​ប្រមូល​ផល​ស្ទើរតែ​ចង់​អស់​ទៅ​ហើយ ព្រោះ​ម្រេច​ចាប់ផ្ដើម​ប្រមូល​ផល​តាំង​មេ​សា ឬ​ឧសភា ម្ល៉េះ ប៉ុន្តែ​ដោយសារ​តែ​អាកាសធាតុ មាន​ម្រេច​ខ្លះ​ផ្លែ​មុន​ខ្លះ​ផ្លែ​ក្រោយ​ទើប​ឱ្យ​ការ​ប្រមូល​ផល​ម្រេច​អូស​បន្លាយ​ដល់​ខែកក្កដា​ហើយ​នៅ​តែ​មិន​ទាន់​បញ្ចប់​។ លោក​ថា​៖«​រហូត​មក​ដល់​ពេល​នេះ ចំការ​ម្រេច​មួយ​ចំនួន​បាន​បញ្ចប់​ការ​ប្រមូល​ផល និង​មួយ​ចំនួន​ទៀត​នៅ​បន្ត​ប្រមូល​ផល​ដដែល ដោយ​ខ្លះ​ទើបតែ​បាន​៣០​ភាគរយ​ខ្លះ​ទៀត​បាន​៥០​ភាគរយ ពីព្រោះ​កសិករ​ចង់​ទុក​ម្រេច​ឱ្យ​ទុំ ដែល​ខុស​ពី​ឆ្នាំ​មុន​ពេល​ចាស់​ល្មម​ពួក​គាត់​បេះ​មក​ផ្ទះ​ហើយ » ។

លោក​បន្ត​ថា ដោយសារ​តែ​តម្រូវការ​ទីផ្សារ​ម្រេច​ឆ្នាំ​នេះ​គឺ​ពួក​ម្រេច​ក្រហម​ច្រើន ដូច្នេះ​ហើយ​កសិករ​ត្រូវ​ពន្យារ​ការ​ប្រមូល​ផល​ទុក​ឱ្យ​វា​ទុំ ហើយ​ការ​ទុំ​ឱ្យ​ទុំ​នេះ មិនសូវ​ជា​ល្អ​ដូច​ឆ្នាំ​មុន​ៗ​ដែរ ព្រោះ​អាកាសធាតុ​មិន​ទៀងទាត់ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ការ​ប្រមូល​ផល​នៅ​អូស​បន្លាយ​បែប​នេះ ។

លោក​បន្ថែម​ថា​ទិន្នផល​ឆ្នាំ​នេះ យើង​រំពឹង​ថា​ប្រហាក់​ប្រហា​ល​នឹង​ឆ្នាំ​មុន​ដែរ គឺ​ជុំវិញ​៩០​តោន ខណៈ​តម្រូវការ​រាល់​ឆ្នាំ​គឺ​ប្រមាណ​៧០​តោន តែ​ឆ្នាំ​នេះ​អាច​នឹង​លើស​នេះ​តិចតួច ។​លោក​ថា​៖«​ឆ្នាំ​២០២១​នេះ ផ្ទះ​ដី​ប្រមូល​ផល​នៃ​ម្រេច​កំពត​បាន​ធ្លាក់​ចុះ​ប្រមាណ​៥០​ហិច​តា​ទៅ​ហើយ ហើយ​ក៏​មិន​មាន​ផ្ទៃដី​ដាំ​ថ្មី​ដែរ គឺ​មាន​តែ​ផ្ទៃដី​ថែទាំ​ប៉ុណ្ណោះ ។ ការ​បាត់បង់​ផ្ទៃដី​ចំការ​ម្រេច​ភាគច្រើន​ទៅ​លើ​កសិករ​ខ្នាត​ធំ​ៗ ហើយ​សម្រាក់​កសិករ​ខ្នាត​តូច​វិញ​មិនជា​បញ្ហា​ចោទ​ក្នុង​ការ​បោះបង់​ចោល​នោះ​ឡើយ ពីព្រោះ​គេ​ថែទាំ​ខ្លួនឯង​ចំណាយ​ទុន​ខ្លួនឯង » ។

លោក​ងួ​ន ឡាយ​បាន​បញ្ជាក់​ថា ទោះបីជា​ទីផ្សារ​មាន​តម្រូវការ​ជាង​ឆ្នាំ​មុន​បន្តិច​ក្ដី តែ​តម្លៃ​ម្រេច​កំពត​គឺ​នៅ​តែ​ដដែល គឺ​ខ្មៅ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ក្រហម ២៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម និង​ម្រេចស​តម្លៃ​២៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម ។​សមាគម​ក៏​មិន​ទាន់​មាន​ផែនការ​ក្នុង​ការ​ដំឡើង​តម្លៃ​ម្រេច​នោះ​ដែរ តែ​សមាគម​នឹង​រក​ទីផ្សារ​សម្រាប់​ម្រេច​កំពត​បន្ថែម​ទៀត ជា​ពិសេស​ទីផ្សារ​ប្រទេស​ថ្មី​ៗ បន្ថែម​ទី​លើ​ទីផ្សារ​ដែល​យើង​មាននៅ​ពេល​បច្ចុប្បន្ន​នេះ ។

ប្រជា​កសិករ​ដាំ​ម្រេច​ជា​ច្រើន​បាន​និយាយ​ស្រ​ដៀង​ៗ​គ្នា​ថា ម្រេច​ជា​ដំណាំ​ពិបាក​ថែ ហើយ​បើ​ណា​មាន​ចំការ​ម្រេច​គឺ​ប្រៀប​ដូច​ជា​អ្នកមាន​កូនង៉ែត​មួយ​អ​ញ្ចឹ​ង​ត្រូវ​ទៅ​មើល​ព្រឹក​ទៅ​មើល​ល្ងាច ហើយ​បើសិនជា​មាន​ព្យុះ​មាន​ភ្លៀង​ខ្លាំង​ក៏​ត្រូវ​ទៅ​មើល​វា​ទាំង​ភ្លៀង​ដែរ ។

ទោះបីជា​ម្រេច​កំពត​មាន​សមាគម​ដែល​អាច​រក​ទីផ្សារ​ជូន​កសិករ​ក្ដី តែ​តម្រូវការ​នៅ​មាន​តិច​ជាង​ការ​ផ្គត់ផ្គង់​និង​ការ​បង់លុយ​ទៅ​កសិករ​យឺតយ៉ាវ ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​បង្ខំចិត្ត​លក់​ម្រេច​របស់​ខ្លួន​ទៅ​ឈ្មួញ​ក្រៅ​សមាគម ដែល​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ក្នុង​សមាគម​ដើម្បី​បាន​ប្រាក់​កម្រៃ​ខ្លះមក​ដោះស្រាយ​ជីវិត​និង​សម្រាប់​សង​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ព្រោះ​កសិករ​ខ្លះ​បាន​យក​ទុន​ពី​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​មក​ចំណាយ​លើ​ដំណាំ​ម្រេច ។

កសិករ​ខ្លះ​ទៀត បាន​ដក​ជន្លង់ម្រេច​មក​ទុក​នៅផ្ទះ​វិញ ដោយសារ​តែ​កាលពី​ប៉ុន្មាន​ឆ្នាំ​ផលិត​ម្រេច​អត់​មាន​អ្នកទិញ និង​មាន​តម្លៃ​ទាប ទោះបីជា​សមាគម​បាន​ប្រាប់​ថាឱ្យ​មាន​អត់ធ្មត់​និង​រង់ចាំ​បន្តិច​ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ