ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតេស្ត​អ្នកភូមិ​ភូមិ​តា​ណេង ក្នុង​ក្រុង​កំពង់ចាម ជាង ២០០​នាក់ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១១​នាក់ អាជ្ញាធរ សម្រេច​បិទ​ខ្ទប់​

2 ឆ្នាំ មុន
  • កំពង់ចាម

​ខេត្តកំពង់ចាម​៖ ដោយសារតែ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជាច្រើន​នាក់ អាជ្ញាធរ​សម្រេច​បិទ​ភូមិ​តា​ណេង ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មួយផ្នែក ដែលមាន​ប្រមាណ ៧០​គ្រួសារ​។ ជាមួយ​នោះ…

​ខេត្តកំពង់ចាម​៖ ដោយសារតែ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជាច្រើន​នាក់ អាជ្ញាធរ​សម្រេច​បិទ​ភូមិ​តា​ណេង ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មួយផ្នែក ដែលមាន​ប្រមាណ ៧០​គ្រួសារ​។ ជាមួយ​នោះ មន្ត្រី​សុខាភិបាល បានធ្វើ​តេស្ត​តាម​ឧបករណ៍​រហ័ស លើ​ប្រជាពលរដ្ឋ​ជាង ៣០០ នាក់ ដើម្បី​រក​អ្នក​វិជ្ជមាន​កូ​វីដ​១៩​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ប្រមាណ ១៧០​គ្រួសារ នា​ព្រឹក​ថ្ងៃទី​៣​កក្កដា ឆ្នាំ​២០២១ នៅ​សួន​គ្រញូង ក្នុង​ក្រុង​កំពង់ចាម​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍ ដោយ​គូសបញ្ជាក់ថា ទោះបីជា​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់ នៅក្នុង​ខេត្តកំពង់ចាម រហូតមកដល់​ពេលនេះ គឺ​អាជ្ញាធរ និង​ជំនាញ​សុខាភិបាល​ខេត្ត គឺអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ ប្រសិនបើ​រកឃើញ​មាន​លើ​សមាជិក​ក្រុមគ្រួសារ​ណាមួយ​នោះ អ្នក​ផ្សេងទៀត នៅក្នុង​ក្រុមគ្រួសារ មិនបាន​ចេញទៅ​ប្រកប​របរ​លក់ដូរ ដើម្បី​ដោះស្រាយ​ជីវភាព​នោះទេ ដូច្នេះ​នឹងត្រូវ​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​។ ជាមួយ​នោះ គឺមាន​ចៅសង្កាត់ នាយប៉ុស្តិ៍ ក្រុមគ្រូពេទ្យ មេភូមិ​។ អង្គ​ទាំង​បួន​នេះ គឺមាន​សារៈសំខាន់​ណាស់ ប្រសិនណាបើ​រកឃើញ​អ្នកណាម្នាក់ វិជ្ជមាន​វីដ​១៩ គឺ​ត្រូវ​ប្រញាប់​យកទៅ​ព្យាបាល​ជាបន្ទាន់​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍​បន្តថា តាមរយ​:​មេភូមិ ត្រូវតែ​យកចិត្តទុកដាក់​តាមដាន​អ្នក​ចំណូលស្រុក​ពិសេស​លើ​បុគ្គល ដែល​មកពី​តំបន់​ក្រហម ជា​កន្លែង ដែល​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩​។​ បើសិនជា​ឃើញ​ម្នាក់​នោះ ចូលមក​ស្នាក់​នៅផ្ទះ​សាច់ញាតិ​ណាមួយ ត្រូវ​ប្រញាប់ នាំមក​ធ្វើតេស្ត​តាម​ឧបករណ៍​រហ័ស ប្រសិនបើ​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ ត្រូវ​បញ្ជូនទៅ​ព្យាបាល​ជាបន្ទាន់​។ ការធ្វើ​របៀបនេះ គឺ​ដើម្បី​កាត់បន្ថយ​អត្រា​មរណៈ និង​សង្គ្រោះ​អ្នកជំងឺ​បាន​ទាន់ពេលវេលា និង​មួយវិញទៀត មិន​ឲ្យ​ជំងឺ​នេះ ឆ្លង​ចូលក្នុង​សហគមន៍​។

សូមបញ្ជាក់ថា នៅក្នុង​ក្រុង​កំពង់ចាម គឺមាន​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​កន្លែង ក្នុងនោះ រួមមាន​៖ ១.​មន្ទីរពេទ្យ​ខេត្ត ២.​មន្ទីរពេទ្យ​មេគង្គ​ក្រុង​កំពង់ចាម និង​៣.​វិទ្យាល័យ​ព្រះសីហនុ​។​ ​ប្រសិនណា​បើ​មន្ត្រី​សុខាភិបាល ធ្វើតេស្ត​រកឃើញ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ លើ​បុគ្គល​ណាមួយ ដែលមាន​លក្ខណៈ​ស្រាល ត្រូវ​បញ្ជូនមក​ព្យាបាល​នៅ​វិទ្យាល័យ​ព្រះសីហនុ ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ ត្រូវបញ្ជូន​ព្យាបាល នៅ​មន្ទីរពេទ្យ​មេគង្គ​។ មួយវិញទៀត ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស មិន​គោរព តាម​វិធាន​របស់​ក្រសួងសុខាភិបាល ជំងឺ​កូ​វីដ​១៩ នឹង​ឆ្លង​មកដល់​រូបយើង​ ​ហើយ​អាច​នឹង​បន្ត​ឆ្លង​​ដល់​​សមាជិក​ក្រុមគ្រួសារ​។ សំខាន់ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ពេល​មុននឹង​ចេញទៅ​ខាងក្រៅ​ជួប​អ្នកណាម្នាក់ ត្រូវតែ​ពាក់​ម៉ាស​ឱ្យបាន​ជាប្រចាំ ឬ​មាន​អាល់កុល សម្រាប់​លាងដៃ ហើយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ គឺ​វា​ច្រើនតែ​ឆ្លង​នៅ​កន្លែង ដែលមាន​មនុស្ស​ច្រើន ក្នុងនោះ មានដូចជា​ទីប្រជុំជន​ផ្សារ ជាដើម​។

សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ អាកា​រៈ​នៃ​ជំងឺ​កូ​វីដ មិនបាន​ចេញ​រក​សញ្ញា​ឲ្យ​យើង​បានដឹង ដូចជា​ក្អក ក្តៅខ្លួន​លើសពី ៣៧​អង្សារ ដូច​គ្រា​មុន​ទៀត​នោះទេ ដែល​មើលទៅ​ហាក់បីដូចជា មាន​សុខ​ភាពល្អ​ធម្មតា លុះ​ពេលដែល​តេស្ត តាម​ឧបករណ៍​រហ័ស ទើប​ដឹង​វិជ្ជមាន​កូ​វីដ​១៩​។

​លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់ថា ដំបូង មានកម្ម​ករ​នៅ​ភូមិ​តា​ណេង បាន​ទៅ​លើក​ត្រី​ចំហុយ ឲ្យ​គេ​គេ ក៏ត្រូវ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​។ ក្រោយមកទៀត មាន​បុរស​ម្នាក់ បើករថយន្ត​ដឹក​ដី​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បាន​មួយខែ ពេលដែល​ឈឺ មិន​ស្រួលខ្លួន ក៏​ត្រឡប់មកផ្ទះ​នៅ​ភូមិ​តា​ណេង លុះ​ពេល​មន្ត្រី​សុខាភិបាល ពិនិត្យ ក៏​ឃើញ​វិជ្ជមាន​កូ​វីដ​។ ដោយ​ឡែក នៅ​ថ្ងៃទី​២ កក្កដា ក្មេងស្រី អាយុ ៥​ឆ្នាំ​ម្នាក់ ក្តៅខ្លួន ពេល​ពិនិត្យ ឃើញ​វិជ្ជមាន​កូ​វីដ​។ ក្នុងនោះ មាន​អ្នក​ប៉ះពាល់​ផ្ទាល់ ម្នាក់ ក៏​ឆ្លង​កូ​វីដ រីឯ​មនុស្ស ៩​នាក់ ត្រូវបាន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

លោក​អភិបាលក្រុង បន្តថា នៅ​យប់​ថ្ងៃទី​២​កក្កដា អាជ្ញាធរខេត្ត សម្រេច​បិទ​ខ្ទប់​ភូមិ​តា​ណេង​មួយផ្នែក ដើម្បី​កុំ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត រហូតមកដល់​ព្រឹក​ថ្ងៃទី​៣ កក្កដា មន្ត្រី​សុខាភិបាល បានធ្វើ​តេស្ត​ដោយ​ឧបករណ៍​រហ័ស លើ​ប្រជាពលរដ្ឋ​ជាង ២០០​នាក់ ក្នុងនោះ គេ​ឃើញ​មាន​វិជ្ជមាន ១១​នាក់ សរុប​ទាំង​មុន និង​ក្រោយ អ្នក​ផ្ទុក​វិជ្ជមាន​កូ​វីដ មាន​ជាង ២០​នាក់ ត្រូវបាន​នាំទៅ​សម្រាក​ព្យាបាល​នៅ​វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម​៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ