ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដល់​២​ស​ប្តា​ហ៍​ទៀត​ទេ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី JESSIE J នឹង​ចាប់ផ្តើម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ

8 ឆ្នាំ មុន

នៅ​សល់​រយៈពេល​មិន​ដល់​២​ស​ប្តា​ហ៍​ទៀត​ទេ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ Jessie J ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ Smart នៅ​ថ្ងៃ​ទី​១២ ធ្នូ ២០១៥ ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ធ្វើ​ឲ្យ​កក្រើក​ទស្សនិកជន​ដែល​និយម​ចូល​ចិត្ត​តន្ត្រី​។

នៅ​សល់​រយៈពេល​មិន​ដល់​២​ស​ប្តា​ហ៍​ទៀត​ទេ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ Jessie J ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ Smart នៅ​ថ្ងៃ​ទី​១២ ធ្នូ ២០១៥ ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ធ្វើ​ឲ្យ​កក្រើក​ទស្សនិកជន​ដែល​និយម​ចូល​ចិត្ត​តន្ត្រី​។ នេះ​បើ​យោង​តាម​ទូរទស្សន៍ PNN ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា ។

ក្នុង​បទ​សម្ភាសន៍​កាលពី​ពេល​ថ្មី​ៗ​របស់​ទូរទស្សន៍ PNN នៅ​តាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ ក្រុម​អ្នកគាំទ្រ​តារាចម្រៀង​អន្តរជាតិ Jessie J បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​របស់​ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ ។ ក្រុម​អ្នកគាំទ្រ​ដែល​ភាគច្រើន​ជា​យុវវ័យ​នោះ បាន​ប្រាប់​ទូរទស្សន៍ PNN ថា ពួក​គេ​ចង់​ស្តាប់​បទ​ចម្រៀង​របស់ Jessie J ដោយ​ផ្ទាល់ ជា​ពិសេស​បទ Flashlight និង Pricetag ។

កញ្ញា លន់ ស្រី​នុ​ត ដែល​ជា​អ្នកគាំទ្រ​ម្នាក់​របស់​តារាចម្រៀង Jessie J បាន​ប្រាប់​ទូរទស្សន៍ PNN ដូច្នេះ​ថា «​ខ្ញុំ​ចូល​ចិត្ត​បទ Pricetag របស់​គាត់ ហើយ​ចាប់តាំងពី​គាត់​ចេញ​បទ​ហ្នឹង​មក ខ្ញុំ​ក្លាយជា​អ្នកគាំទ្រ​គាត់ រហូត​ដល់​ពេល​បច្ចុប្បន្ន ។ មិត្តភក្តិ​របស់ខ្ញុំ​ធ្លាប់​ច្រៀង​ត្រាប់​តាម​បទ​នេះ​ដែរ (Pricetag) ហើយដោយ​ឥឡូវ​យើង​ដឹង​ថា គាត់​នឹង​មក​ប្រទេស​កម្ពុជា​ទៀត ដូច្នេះ​ខ្ញុំ​កាន់តែ​សប្បាយចិត្ត​ថែម​ទៀត​» ។

អ្នកគាំទ្រ​ម្នាក់​ទៀត​របស់​តារាចម្រៀង Jessie J គឺ​កញ្ញា សំរិត សិលា បាន​ឲ្យ​ដឹងផង​ដែរ​ថា «​យើង​ដឹង​ថា Smart នឹង​មានការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ ។ ដូច្នេះ​យើង​ប្រាកដជា​ចូលរួម​នៅ​ថ្ងៃ​ទី​១២ ធ្នូ នេះ ពីព្រោះ​យើង​ចូល​ចិត្ត​តារាចម្រៀង Jessie J» ។  ចំណែកឯ​អ្នកគាំទ្រ​ដទៃ​ទៀត​ក៏​បាន​ប្រាប់​ទូរទស្សន៍ PNN ផង​ដែរ អំពី​មោទនភាព​របស់​ពួក​គេ​ជុំវិញ​ការ​មក​កាន់​ប្រទេស​កម្ពុជា​របស់​តារាចម្រៀង​អន្តរជាតិ​ល្បី​រូប​នេះ ។

លោក​អ៊ុ​ក សា​រឿ​ន បាន​និយាយ​ថា «​ខ្ញុំ​សប្បាយ​រីករាយ​ណាស់ និង​មាន​មោទនភាព​ដោយ​ដឹង​ថា Jessie J នឹង​មក​សម្តែង​នៅ​កោះ​ពេជ្រ ។ ខ្ញុំ​នឹង​ចូលរួម​ការ​ប្រគំ​តន្ត្រី​នៅ​ទីនោះ​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​» ។

យោង​តាម​លោក​ស្រ៊ុ​ន ម៉េ​ង​គាង អ្នកគ្រប់គ្រង​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍ PNN ព្រឹត្តិការណ៍​នេះ អាច​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​ប្រចាំឆ្នាំ​។
លោក​ម៉េ​ង គាង បាន​មាន​ប្រសាសន៍​ថា «Jessie J គឺជា​តារាចម្រៀង​អន្តរជាតិ​ដ៏​ល្បី​ម្នាក់ ក្នុង​ចំណោម​តារាចម្រៀង​អន្តរជាតិ​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ដែល​នឹង​មក​កាន់​ប្រទេស​កម្ពុជា​។ ដូច្នេះ​យើង​រំពឹង​ថា នឹង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​កម្មវិធី​នោះ​» ។

ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart លោក Yap Kokleong បាន​មាន​ប្រសាសន៍​ថា «​ដូច​ការ​រំពឹង​ទុក​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Jessie J ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Smart ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១២ ធ្នូ នេះ បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ យើង​រំពឹង​ថា ព្រឹត្តិការណ៍​នេះ នឹង​មាន​អ្នកចូលរួម​ទស្សនា​ចំនួន​ជាង​៣​ម៉ឺន​នាក់​» ។

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Jessie J នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃ​ទី​១២ ធ្នូ នេះ គឺជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ធំ​លើក​ទី​២ ដែល​ក្រុមហ៊ុន Smart Axiata បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ  ដោយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ធំ​លើក​ទី​១ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពីដើម​ឆ្នាំ​នេះ ក្រោម​ការ​ចូលរួម​សម្តែង​ពី​តារាចម្រៀង​អន្តរជាតិ Demi Lovato ។ ទូរទស្សន៍ PNN ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើការ​ថត និង​ចាក់​ផ្សាយ​កម្មវិធី​ប្រគំ​តន្ត្រី Jessie J នា​ថ្ងៃ​ទី​១២ ធ្នូ​នេះ ។

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Jessie J ថ្ងៃ​ទី​១២ ធ្នូ នេះ គឺជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ចំនួន​ជាង​២០​លើក ដែល​ក្រុមហ៊ុន​បាន​រៀបចំ​ធ្វើ​ឡើង និង​បន្ត​ប្រព្រឹត្ត​ទៅ​ទូ​ទាំង​ប្រទេស​។ ព្រឹត្តិការណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Smart I am the Fastest ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ PNN វេលា​ម៉ោង​៦​ល្ងាច​រៀងរាល់ថ្ងៃ​សៅរ៍ ។