ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង សុទ្ធ បញ្ច​កា ប្តូរ​ចិត្ត​ឈប់​ប្តឹង ប៉ុន្តែ​លោក អេ​ដ​វី​ន ជាប់​បណ្ដឹង​ម្តាយ​គូស្នេហ៍ និង​បុរស​ឈ្មោះ រតនា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក អេ​ដ​វី​ន មានឈ្មោះ​ពិត យិ​ត មាស​ឧស្សាហ៍ អាយុ​២៦​ឆ្នាំ ដែល​ជាតា​រា សម្តែង​មួយ​រូប…

រាជធានី​ភ្នំពេញ ៖ លោក អេ​ដ​វី​ន មានឈ្មោះ​ពិត យិ​ត មាស​ឧស្សាហ៍ អាយុ​២៦​ឆ្នាំ ដែល​ជាតា​រា សម្តែង​មួយ​រូប ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​កាន់ ពន្ធនាគារ​ព្រៃ​ស នា​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

លោក អេ​ដ​វី​ន ត្រូវ​បាន​សមត្ថកិច្ច នៃ​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី ថ្ងៃ​ទី​២០ មិថុនា ២០២១ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ភាគី​នារី​រង​គ្រោះជា អតីត​សង្សារ គឺ​អ្នក​នាង សុទ្ធ បញ្ច​កា ពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ បង្ក​ឲ្យ​មាន​របួស​ស្នាម ជា​ច្រើន​កន្លែង និង​បំផ្លិចបំផ្លាញ​នូវ​ទ្រព្យសម្បត្តិ ក្នុង​លំនៅ​ដ្ឋា​ន​ជន​រង​គ្រោះ ស្នាក់​នៅ ដែល​លំនៅ​ដ្ឋា​ន​នេះ គឺជា​កម្មសិទ្ធិ​របស់​ម្តាយបង្កើត​ជន​រង​គ្រោះ ។

តាម​ពាក្យបណ្តឹង​របស់​អ្នក​នាង សុទ្ធ បញ្ច​កា បាន​រៀបរាប់​ថា កាលពី​ឆ្នាំ​២០១៤ ខ្លួន​បាន​រៀន​ចប់​អនុ​បណ្ឌិត​ផ្នែក​គ្រប់គ្រង ។ នៅ​ឆ្នាំ​២០១៥ ខ្លួន​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់ រហូត​បានកូន​ស្រី​០២​នាក់ ។ ដោយ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា នៅ​ឆ្នាំ​២០១៨ ខ្លួន​បាន​លែងលះ​ជាមួយ​ប្តី ដោយ​ចែក​កូនស្រី​ម្នាក់​មួយ ។ នៅ​ឆ្នាំ​២០១៩ ខ្លួន​បាន​ចាប់ផ្តើម​ស្គាល់ យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វី​ន ហើយ​ក៏​បាន​ស្រឡាញ់​គ្នា និង រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ ដោយ​ស្នាក់​នៅផ្ទះ​របស់ អេ​ដ​វី​ន ។ ក្នុងអំឡុងពេល​រស់នៅ​ជាមួយ​គ្នា ពួក​ខ្លួន​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ពេល​ខ្លះ អេ​ដ​វី​ន បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​មក​លើ​ខ្លួន បណ្តាល​ឲ្យ​មាន​ស្នាក​ស្នាម​ពេញ​ខ្លួន​ផង​ដែរ បើ​សរុប​មក​ដល់​ពេល​នេះ គឺ​ចំនួន ៧​ដង​មក​ហើយ ។

ក្នុង​ពាក្យបណ្តឹង​ដដែល បង្ហាញ​ថា នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ រូប​ខ្លួន និង អេ​ដ​វី​ន បាន​ចែកផ្លូវ​គ្នា និង​លែង​រស់នៅ​ជាមួយ​គ្នា​ជា​បន្ត​ទៀត ។ ក្រោយ​បែក​គ្នា​បាន ០៣​ថ្ងៃ អេ​ដ​វី​ន បាន​បង្ហោះ​សារ​ជា​អក្សរ​តាម​បណ្តាញ​សង្គម ថា ខ្លួន​មាន​សាហា​យ​ជាមួយ​អ្នក​ផ្សេង និង​មានការ​ជេរ​ប្រមាថ​មក​លើ​រូប​ខ្លួន តែ​ខ្លួន​ឃើញ​ដូច្នោះ ក៏​មិន​តបត​ដែរ ។ ក្រោយមក​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ខ្លួន​បាន​ចូល​ទៅ​ស្នាក់​នៅផ្ទះ​ម្តាយបង្កើត ក្នុង​បុរី​ឈូក​វ៉ា​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្នុង​ពាក្យបណ្តឹង បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ០៤​និង​១០​នាទី​ទាប​ភ្លឺ ខ្លួន​បាន​វិល​ត្រឡប់​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ និង​បាន​ពឹង​មិត្ត​ម្នាក់​ឈ្មោះ រតនា ជួយ​ជូន​ខ្លួន​មក​ផ្ទះ ពេល​នោះ​ខ្លួន​ស្រវឹង​ខ្លាំង​ពេក ក៏​បាន​ចូល​ដេក​ក្នុង​បន្ទប់ លុះ​មួយសន្ទុះ​ក្រោយមក ខ្លួន​ក៏​ភ្ញាក់​ឡើង ឃើញ​មិត្ត​ខ្លួន​ឈ្មោះ រតនា កំពុង​តែ​វាយ​គ្នា ជាមួយ អេ​ដ​វី​ន ហើយ អេ​ដ​វី​ន បាន​អុកឡុក​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ អស់​ជា​ច្រើន (​ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោក អេ​ដ​វី​ន បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា គូស្នេហ៍​របស់​ខ្លួន​បាន​នាំ​ប្រុស​មក​លេង​ចាក់ទឹកដូង​ដល់​បន្ទប់ ហើយ​លោក​តាម​ទាន់​។ លោក​ថា ក្នុង​ពេល​នះ គូស្នេហ៍​របស់​លោក​ថែម​ទាំង​បោះ​សោ​ឡាន​អោយ​បុរស​នោះ​បើក​គេចខ្លួន ខណៈ​ពេល​បុរស​នោះ​ក៏​បាន​ហក់​មក​វាយ​លោក បណ្តាល​អោយ​ជា​ភ្នែក​ម្ខាង​ផង​ដែរ​) ។

ខណៈនោះ​អ្នក​នាង សុទ្ធ បញ្ច​កា ដោយ​មានការ​ភ័យ​ស្លន់ស្លោរ មិនដឹង​ធ្វើ​យ៉ាងម៉េច ខ្លួន​ក៏​បាន​បើកឡាន​ចេញពីផ្ទះ​មួយ​ជុំ ក៏​ត្រឡប់​មក​វិញ ឃើញ​ពួក​គេ​ទាំង​២​នាក់ ឈប់​វាយ​គ្នា ខ្លួន​ក៏​ហៅ អេ​ដ​វី​ន ឲ្យ​ចូល​ក្នុងផ្ទះ ស្រាប់តែ​អេ​ដ​វី​ន ទះ​ខ្លួន​ចំនួន ៣​ដៃ ហើយ​ច្រាន​ខ្លួន ដួល​ទៅ​លើ​ឥដ្ឋការ៉ូ និង​ដក​យក​ខ្សែ​ក្រ​វ៉ា​ត់របស់​គាត់ មក​វាយ​លើ​រូប​ខ្លួន​ជា​ច្រើន​ខ្សែ​ក្រ​វ៉ា​ត់ ត្រូវ​ចំ​ក្បាល ចំ​ដៃ ចំ​ខ្លួន ចំ​ជើង ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចុកចាប់​ជា​ខ្លាំង ។ ពេល​វាយ​មក​លើ​ខ្លួន​រួច​ហើយ អេ​ដ​វី​ន បាន​ចាប់បង្ខំ​ឲ្យ​ខ្លួន​រួម​ភេ​.​ទ រហូត​បាន​សម្រេច ទាំង​ខ្លួន​កំពុង​មាន​ស្នាម​របួស​ពេញ​ខ្លួន បន្ទាប់​មក​ចាប់​បោច​សក់​ខ្លួន អូស​ចុះ​ពី​កាំជណ្តើ​ដាក់​លើ​ម៉ូតូ ដឹក​ទៅ​ផ្ទះ​ម្តាយ​ខ្លួន​មួយទៀត នៅ​ម្តុំ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដើម្បី​ឲ្យ​អ្នក​ផ្ទះ​ខ្លួន​បានដឹង ។

នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ អ្នក​នាង សុទ្ធ បញ្ច​កា បាន​ចូល​ដាក់​ពាក្យបណ្តឹង នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្តឹង​លោក យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វី​ន ថា​បាន​ធ្វើ​សកម្មភាព​ហិង្សា មក​លើ​ខ្លួនប្រាណ​របស់​អ្នក​នាង បណ្តាល​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ ថែម​ទាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ បណ្តាល​ឲ្យ​ខូចខាត​អស់​មួយ​ចំនួន ។

នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ លោក យិ​ត មាស​ឧស្សាហ៍ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ មនុស្ស ធ្វើការ​ឃាត់ខ្លួន ហើយ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​នាង សុទ្ធ បញ្ច​កា ក៏​បាន​ប្តូរ​ចិត្ត​សុំ​ដក​ពាក្យបណ្តឹង ឈប់​ប្តឹង លោក អេ​ដ​វី​ន ដោយ​មិន​ទាមទារ​សំណង​អ្វី​ទាំងអស់ ។

ព្រម​ជាមួយ​គ្នា​នោះ ដោយ លោក អេ​ដ​វី​ន នៅ​ជាប់​បណ្តឹង របស់ ម្តាយបង្កើត​អ្នក​នាង សុទ្ធ បញ្ច​កា ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​បណ្តឹងមួយទៀត​របស់ ឈ្មោះ ហ៊ា​ង រតនា ពី​បទ​បង្ក​របួស​ស្នាម ផង​នោះ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វី​ន ទៅ​កាន់​តុលាការ​ដើម្បី​ផ្តន្ទាទោស ។

ទោះបីជា​យ៉ាងនេះ​ក្តី អ្នក​នាង សុទ្ធ បញ្ច​កា ក៏​មិន​បាន​បញ្ឈប់​នូវ​បំណង​ដក​ពាក្យបណ្តឹង​វិញ​នោះ​ដែរ ដោយ​អ្នក​នាង​បាន​ព្យាយាម ស្នើ​សុំ​ដក​ពាក្យបណ្តឹង​ម្តង​ហើយ​ម្តងទៀត នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

តែ​នៅ​ទីបំផុត លោក យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វី​ន នៅ​តែ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឱ្យ​ស្ថិត ក្រោម​ការ​ពិនិត្យ ពី​បទ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ ឬ​អ​និ​តិ​សង្វាស​ជន និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​សម្រេច​ឱ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ​៖ ៤៤៣៥ “​ញ​”​ដ​.​ឃ​.​ដ ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ