ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Bank : សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ងើប​ឡើង​វិញ ក្នុង​ភាព​មិន​ប្រាកដប្រជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ចេញផ្សាយ​ថ្ងៃ​ទី​១៧​មិថុនា​២០២១​នេះ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​បន្តិច​ម្តង​ៗ​ហើយ ជាមួយ​ការ​ព្យាករណ៍​ទុក​ថា​វា​នឹង​ទទួល​បាន​កំណើន​ជិត ៤​ភាគរយ ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​រួញ​ទំហំ​អស់ ៣,១​ភាគរយ ក្នុង​ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ​៖ យោង​តាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ចេញផ្សាយ​ថ្ងៃ​ទី​១៧​មិថុនា​២០២១​នេះ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​បន្តិច​ម្តង​ៗ​ហើយ ជាមួយ​ការ​ព្យាករណ៍​ទុក​ថា​វា​នឹង​ទទួល​បាន​កំណើន​ជិត ៤​ភាគរយ ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​រួញ​ទំហំ​អស់ ៣,១​ភាគរយ ក្នុង​ឆ្នាំ​២០២០ ។ យ៉ាងណា​ក្តី ការ​រើប​ឡើង​វិញ​នេះ​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ​នៅ​តាម​ផ្នែក​នានា​នៃ​សេដ្ឋកិច្ច ហើយ​វា​ក៏​ស្ថិត​នៅ​ក្នុង​សភាព​ផុយ​ស្រួយ​នៅឡើយ​ដែរ មួយ​ផ្នែក​ដោយសារ​តែ​វិធានការ​បិទ​ខ្ទប់​ត្រូវ​បាន​ដាក់​អនុវត្ត​ម្តងទៀត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ។

ក្នុង​របាយការណ៍​មួយ​របស់​ធនាគារពិភពលោក​ឱ្ដឹ​ង​ថា ខណៈ​វិស័យ​មួយ​ចំនួន​មានការ​រីក​ចម្រើន ផ្នែក​ដទៃ​ទៀត​នៅ​គាំង​ទ្រឹង ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ ។ វិស័យ​កសិកម្ម​នៅ​រក្សា​ភាព​ធន់​បាន​គួរសម​ដោយសារ​តែ​មាន​តម្រូវការ​ខ្លាំង អម​ដោយ​ការ​នាំ​ចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​។ ផ្នែក​ឧស្សាហកម្ម​ផលិត​ក៏​បាន​រើប​ឡើង​វិញ​ជា​បណ្តើរ​ៗ​ដែរ ដោយ​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​លក្ខខណ្ឌ​ប្រែប្រួល​នៅ​ខាងក្រៅ​។ អាជីវកម្ម​បោះ​ដុំ​និង​លក់រាយ​បាន​ប្រឹង​រើប​ឡើង​វិញ​យឺត​ៗ​ដែរ នៅ​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ងើបឡើង​វិញ​បន្តិច​ម្តង​ៗ​។ ផ្ទុយ​ទៅ​វិញ ផ្នែក​នានា​នៃ​វិស័យ​សេវា ដូច​ជា​ផ្នែក​ស្នាក់​នៅ​, ភោជនីយដ្ឋាន និង​ផ្នែក​ដឹក​ជញ្ជូន នៅ​តែ​បន្ត​រង​ការ​ប៉ះទង្គិច​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​ទេសចរណ៍​ក្នុងស្រុក​និង​អន្តរជាតិ​។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​តែ​ហូរ​ចូល​ឥត​ដាច់ ព្រមទាំង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ក្រៅប្រទេស​ផង​ដែរ​។

ទៅ​មុខ​ទៀត ចក្ខុវិស័យ​សម្រាប់​កំណើន​របស់​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ខ្លាំង ក្នុង​នោះ​ទ្រង់ទ្រាយ និង ល្បឿន​នៃ​ដំណើរ​រើប​ឡើង​វិញ​នេះ​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​ទៅ​លើស​ភាព​របស់​វីរុស និង​ទៅ​លើ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​។ របាយការណ៍​ក៏​បាន​ពិនិត្យ​មើល​សេណា​រី​យោ​អវិជ្ជមាន​ដែរ ដែល​ក្នុង​នោះ​អាច​ថា​កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ភាព​យឺតយ៉ាវ ហើយ​វិធានការ​បិទ​ខ្ទប់​ទូ​ទាំង​ប្រទេស​នៅ​តែ​មាន​ញឹកញាប់​និង​អូស​បន្លាយ​យូរ​។ ក្រោម​លក្ខខណ្ឌ​បែប​នេះ សេដ្ឋកិច្ច តាម​ការ​ព្យាករណ៍ នឹង​មាន​កំណើន​តែ ១​ភាគរយ ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២១​។

របាយការណ៍​បច្ចុប្បន្នភាព​នេះ​ផ្តល់​អនុសាសន៍​ថា កម្ពុជា​គួរតែ​ចាត់វិធានការ​ភ្លាម​ៗ​ដើម្បី​លើកកម្ពស់​ភាព​ជឿជាក់​របស់​ទីផ្សារ តាម​រយៈ​ការ​ព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំង ទន្ទឹម​គ្នា​នឹង​ការ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​វីរុស និង ការ​ស្លាប់ ឱ្យ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត​។ ដោយសារ​តែ​កម្ពុជា​នៅ​មាន​សមត្ថភាព​ហិរញ្ញវត្ថុ​ល្មម​ដែរ រដ្ឋាភិបាល​អាច​បន្ត​ការ​គាំទ្រ​ដល់​កម្មវិធី​សង្គ្រោះ​, ស្តារ​ឡើង​វិញ និង​កំណើន ដោយ​ធ្វើការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ​, ផ្តល់​កម្មវិធី​គាំពារ​សង្គម និង​ជំរុញ​ការ​វិនិយោគសាធារណៈ និង​កំណើនសេដ្ឋកិច្ច​ដែល​គិតគូរ​ដល់​អ្នក​ក្រីក្រ​។ ដើម្បី​រក្សា​បាន​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ ជា​រឿង​សំខាន់​មួយ​ដែរ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​បន្ត​តាមដាន​ឱ្យ​បាន​ដិត​ដល់​លើ​ភាព​ងាយ​រង​គ្រោះ ដែល​អាច​បណ្តាល​មក​ពី​ការ​ពុះកញ្ជ្រោល​យូរ​ពេក​របស់​វិស័យ​អចលនទ្រព្យ និង ការ​ផ្តល់​ឥណទាន​កាន់តែ​ច្រើន​ឡើង​ចំពោះ​វិស័យ​សំណង​។

លោកស្រី អ៊ិ​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគា​ពិភពលោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ដូច​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​ដែរ កម្ពុជា​បាន​រង​ការ​ប៉ះទង្គិច​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​លើ​សកលលោក​ដោយសារ​តែ​កូ​វី​ដ​១៩​។ ប៉ុន្តែ​ដំណឹង​ល្អ​នៅ​ត្រង់​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ក្នុង​ប្រទេស​បាន​ជាង ៣​លាន​នាក់ រួច​ហើយ ដែល​ជា​អត្រា​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់​។​” លោកស្រី​បាន​បន្ថែម​ទៀត​ថា​៖ “​ធនាគារពិភពលោក​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ជួយ​ប្រទេស​នេះ​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ និង​ជួយ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឱ្យ​មាន​ភាព​ធន់​រឹង​មាំ​ឡើង​វិញ​។​”

របាយការណ៍​នេះ​មាន​ជំពូក​ពិសេស​មួយ​ពិនិត្យ​មើលទៅ​លើ​មេរៀន​ដែល​គួរ​រៀនសូត្រ​បាន​ពី​កម្មវិធី​អន្តរាគមន៍​ផ្នែក​សង្គម ដែល​កម្ពុជា​មិន​ត្រឹមតែ​ដាក់​ចេញ​យ៉ាង​រហ័ស​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ពង្រីក​និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៀត​ផង ជា​ពិសេស​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ទៅ​ឱ្យ​គ្រួសារ​ក្រីក្រ​។ កម្មវិធី​ផ្ទេរ​សាច់ប្រាក់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមិថុនា ឆ្នាំ​២០២០ ហើយ​គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២១ មានគ្រួសារ​ក្រីក្រ​ជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥​ភាគរយ នៃ​ចំនួន​ផ្ទះ​គ្រួសារ​សរុប​ទូ​ទាំង​ប្រទេស ទទួល​បាន​សាច់ប្រាក់​ផ្ទេរ​ពី​រដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ