រាជធានីភ្នំពេញ ៖ បើតាមប្រភពព័ត៌មានបានអោយដឹងថា តួលេខភ្ញៀវទេសចរណ៍ ដែលមានគម្រោងទៅលេងកម្សាន្តឡើងភ្នំខ្នងផ្សារ និងខ្នងក្រពើ នៅថ្ងៃទី១៨,១៩ និង២០ ខែមិថុនា ដែលជាថ្ងៃឈប់សម្រាប់ខាងមុននេះ មានចំនួនលើសពី ១ពាន់នាក់ ។
មានភ្ញៀវទេសចរណ៍សម្រុកទៅច្រើនបែបនេះហើយ ទើបសហគមន៍ទេសចរណ៍ខ្នងផ្សា បានប្រកាសឲ្យដឹងនៅថ្ងៃទី១៦ មិថុនានេះថា ខាងសហគមន៍ ក៏សុំអធ្យាស្រ័យចំពោះភ្ញៀវដែលចង់មកលេងកម្សាន្តនៅតំបន់នេះ ដោយសារតែខាងសហគមន៍យើង អស់ហើយអ្នក(មគ្គទេសក៍ ឫហ្គាយ)ជាអ្នកនាំផ្លូវ និងគោយន្តសម្រាប់ធ្វើដំណើរ ដូច្នេះហើយ ទើបធ្វើអោយបងប្អូនភ្ញៀវមួយចំនួន ត្រូវផ្អាក់គម្រោង ឬផ្លាស់ប្តូរទីតាំង ទៅកន្លែងផ្សេងវិញ ហើយក៏មានភ្ញៀវមួយចំនួនទៀត ត្រូវធ្វើដំណើរឡើងភ្នំ ដោយគោយន្ត និងគ្មាន(ហ្គាយ)នាំផ្លូវ ឬជួយសម្រួលកិច្ចការផ្សេងៗ ។
កត្តាភ្ញៀវច្រើន នាំឲ្យខាងសហគមន៍ អាចមានការលំបាកក្នុងការគ្រប់គ្រងអនាម័យ សំរាម សុវត្ថិភាពភ្ញៀវ និងចន្លោះខ្វះខាតតិចតួចមួយចំនួន ដូច្នេះ សហគមន៍ទេសចរណ៍ខ្នងផ្សា សូមជំរាបទៅកាន់បងប្អូនដែលជាភ្ញៀវទាំងអស់ សូមមេត្តាចូលរួមគោរពនូវការសំណូមពរ ដូចខាងក្រោម ៖
-សូមមេត្តា បោះតង់អោយត្រឹមត្រូវ រកកន្លែង ឬទីតាំងណា ដែលមានសុវត្ថិភាព បញ្ជៀសនូវការបោះតង់កន្លែងក្បែរមាត់ព្រៃ កន្លែងមានស្មៅច្រើន និងក្រាស់ខ្លាំង ព្រោះវាអាចមានសត្វផ្សេងៗ ដែលអាចបង្កអោយមានគ្រោះថ្នាក់ ។
-ជៀសវាង ការបោះតង់នៅកន្លែងណា ដែលនៅជិតមាត់ច្រាំង ឬក្បែរចំណោត ខ្ពស់ៗ
-សូមមេត្តា កុំបើកឧបករណ៍តន្ត្រីតម្លើងសំឡេងឮៗ ដែលជាផលរំខានដល់ភ្ញៀវដទៃ
-ក្នុងករណី បងប្អូនបោះជំរំឆ្ងាយពីទីតាំងបង្គន់ បងប្អូនគួរត្រៀមកូនពែលសម្រាប់ប្រើប្រាស់ពេលបន្ទោបង់ ជៀសវាងការបន្ទោបង់ ពាសវាលពាសកាល ។
-មេត្តា ទុកដាក់សំរាមរបស់បងប្អូនអោយត្រឹមត្រូវ សំរាមដែលអាចដុតបាន សូមដុតអោយរួចរាល់ មុនចុះមកវិញ សំរាមដូចជាកំពុងត្រីខ ដបកែវ ឬសំរាមណា ដែលដុតមិនចេះ សូមយកចុះមកក្រោម និងអាចប្រគល់ជូនខាងបរិស្ថាន ។ ជាពិសេសក្នុងករណីបងប្អូន ឡើងដោយគ្មាន(ហ្គាយ) ជាកាព្វកិច្ចដែលត្រូវគោព ។
-សូមបងប្អូន មេត្តាកុំប៉ះបោចផ្កាចាហួយ ឬផ្កាផ្សេងៗ នៅតំបន់ខ្នងក្រពើ និងខ្នងផ្សារ ព្រោះវានឹងធ្វើអោយបាត់បង់សោភ័ណ្ឌភាពក្នុងតំបន់ និងបង្ហាញគម្រូអាក្រក់ដល់ភ្ញៀវដទៃទៀតផងដែរ ។
-សូមធ្វើដំណើរកម្សាន្តដោយភាពរីករាយ និងប្រកបដោយទំនួលខុសត្រូវ ដើម្បីលើកស្ទួយតំបន់អេកូទេសចរណ៍ក្នុងស្រុក ។
ជាចុងក្រោយ សូមជូនពរថ្ងៃដំណើរកម្សាន្តឡើងភ្នំរបស់បងប្អូន ជួបតែសំណាងល្អ សុវត្ថិភាព និងភាពរីករាយ និងសូមអរគុណបងប្អូនជាភ្ញៀវទាំងអស់ទុកជាមុន ពីសហគមន៍ទេសចរណ៍ខ្នងផ្សារ ៕








ចែករំលែកព័តមាននេះ