ខេត្តកណ្តាល ៖ បុរសជាឃាតករមុខស្រស់ដែលចាក់សម្លាប់សង្សាររបស់ខ្លួនជាគ្រូបង្រៀនដូចគ្នាដោយសារតែចង់ដោះដៃពីនាង មិនទទួលស្គាល់រឿងរ៉ាវស្នេហាដែលបានសាងជាមួយគ្នាកន្លងមកនោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោកសាយ សម្ភស្សសេរី ចេញដីកាបង្គាប់ឱ្យនាំខ្លួនទៅឃុំនៅពន្ធនាគារខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ វិច្ឆិកា ដោយចោទពីបទឃាតកម្មគិតទុកជាមុន។
មន្ត្រីសាលាដំបូងខេត្តកណ្តាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះរម្យ សុងហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង មានទីលំនៅសព្វថ្ងៃ ស្នាក់នៅផ្ទះជួលភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។
ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរចោទពីបទឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ គឺជននេះអាចប្រឈមនឹងការដាក់គុកអស់មួយជីវិត។
ក្រោយពីនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២០ វិច្ឆិកា ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនរៀបចំផែនការសម្លាប់សង្សាររបស់ខ្លួនឈ្មោះផែន សុធារី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលជិតគ្នា និងជាគ្រូបង្រៀនសាលាអង់គ្លេស ដោយសារតែខ្លួនខឹងនាងពូកែប្រចណ្ឌខ្លាំងពេក និងព្យាយាមបបួលខ្លួនទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធនឹងគ្នា តែរូបគេបានអស់ចិត្តឈប់ស្រឡាញ់នាង។
ដោយសារតែនាងតាមខ្លួនស្អិតខ្លាំងពេកដោះដៃមិនរួចទើបរៀបចំផែនការសម្លាប់នាងចោលកុំឱ្យមានទាក់ទងនឹងគ្នាទៀត។ ជនសង្ស័យបានសារភាពទៀតថា នៅយប់ថ្ងៃទី១៩ វិច្ឆិកា ខ្លួនបានបបួលនាងថា ទៅស្រុកកំណើតនាងដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា។
ពេលនាងឭខ្លួនបបួលដូចនេះមានអារម្មណ៍ត្រេកអរជាខ្លាំងក៏ព្រមរៀបចំទៅភ្លាម ដោយខ្លួនជិះម៉ូតូឌុបនាង និងមានលាក់កូនកាំបិតចុងស្រួចមួយទុកជាស្រេច។ ពេលធ្វើដំណើរទៅដល់ស្រុកស្អាងចំណុចភូមិស្វាយតានី ខ្លួនបានធ្វើពុធជាឈឺពោះ ហើយប្រាប់នាងថា ចង់បត់ជើងធំ។
លុះនៅវេលាម៉ោងជាង៨យប់ខ្លួនបានឌុបនាងចុះពីផ្លូវជាតិតាមផ្លូវក្រួសក្រហមបានចម្ងាយជាង២០០ម៉ែត្រពីផ្លូវជាតិខ្លួនក៏បានឈប់ម៉ូតូនៅផ្លូវលំជាកន្លែងស្ងាត់ ពេលនោះខ្លួនបានធ្វើជាដើរទៅបត់ជើង ដោយឱ្យនាងនៅអង្គុយចាំលើម៉ូតូ ពេលត្រឡប់មកវិញខ្លួនបានកាន់កូនកាំបិតនៅនឹងដៃរួចជាស្រេច ហើយបានចាក់ចំបំពង់.កនាងបណ្តាលឱ្យដួលប្រកាច់លើដីរួចចាក់ទៅលើនាងច្រើនកាំបិតទៀត។
ក្រោយពីសម្លាប់នាងរួចហើយជនសង្ស័យបានឡើងមកផ្លូវជាតិ ដោយមិនបានយកម៉ូតូនាងមកទេ ហើយឡើងជិះរថយន្តឈ្នួលមកក្រុងតាខ្មៅវិញដោយបានគប់កាំបិតទៅក្នុងព្រៃក្បែរសពនាង។ លុះដល់ម៉ោង៩ព្រឹកថ្ងៃទី២០ វិច្ឆិកា មានសមត្ថកិច្ចជាច្រើននាកក់ហៅជនសង្ស័យទៅសួរ តែភ្លាមៗនោះគេមិនបានសារភាពទេ តែដោយនគរបាលមានភស្តុតាង រូបគេក៏ឆ្លើយសារភាពតែម្តងទៅ៕
ចែករំលែកព័តមាននេះ