ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​តក់ស្លុត​! វរ​ព្រឹទ្ធ​សិល្ប​ការិនី ទេវ​នាដ​និ​មិ្ម​ត ឯម ធា​យ ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

វរ​ព្រឹទ្ធ​សិល្ប​ការិនី ទេវ​នាដ​និ​មិ្ម​ត ឬ​សំនៀងពីរោះ​គ​ន្ធា ឯម ធា​យ បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោង​១២:២០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ វរ​ព្រឹទ្ធ​សិល្ប​ការិនី ទេវ​នាដ​និ​មិ្ម​ត ឬ​សំនៀងពីរោះ​គ​ន្ធា ឯម ធា​យ បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោង​១២:២០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ឣ​ង្គា​រ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ​។ ដំណឹង​មរណភាព​របស់​ព្រឹទ្ធ​សិល្ប​ការិនី​រូប​នេះ គឺជា​ការ​បាត់បង់​នូវ​ធនធាន​ដ៏​កម្រ​មហាសាល​មួយ​ក្នុង​វិស័យ​សិល្បៈ​បុរាណ​។

វរ​ព្រឹទ្ធ​សិល្ប​ការិនី ឯម ធា​យ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំ​ងរ​លាក​តម្រងនោម និង​ខ្វះ​ឈាម​កាលពី​ពេល​កន្លង​ទៅ​។ បន្ទាប់​ពី​សម្រាក​ព្យាបាល ដោយ​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ អាការ​របស់​ព្រឹទ្ធាចារ្យ​បាន​ត្រឡប់​មក​ធូរស្បើយ​បន្តិច ប៉ុន្តែ​ស្ថិត​ក្នុង​ការ​តាម​ដាម​ពី​ក្រុម​គ្រូពេទ្យ​ដដែល​។

យ៉ាងណា ដោយសារ​ការ​ពើបប្រទះ​នូវ​ជំងឺ​ជា​ច្រើន​ប្រភេទ រួម​ទាំង​ភាព​ជរាពាធ​ផង​នោះ ព្រឹទ្ធ​សិល្ប​ការិនី ឯម ធា​យ ក៏​បាន​ទទួល​មរណភាព​តែ​ម្តង​។ ក្នុង​អាយុ​៨៨​ឆ្នាំ ព្រឹទ្ធាចារ្យ ឯម ធា​យ ដែល​ជា​ទេវ​នាដ​និ​មិ្ម​ត​ខ្មែរ បាន​ទទួល​ងារ «​មរតក​មនុស្ស​រស់​» ផ្តល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អង្គការ​យូ​ណេ​ស្កូ​កម្ពុជា​។

ស្នាដៃ​របស់​លោកស្រី​ព្រឹទ្ធាចារ្យ ឯម ធា​យ ត្រូវ​បាន​ទទួលស្គាល់​តាម​រយៈ​ភាព​អស្ចារ្យ​នៃ​ការ​សម្តែង​នូវ​របាំ​ព្រះរាជ​ទ្រព្យ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់ ក៏​ដូច​ជា​ការ​ចែករំលែក​នូវ​ចំណេះដឹង​ទាំងនេះ​ដល់​យុវជន​ជំនាន់​ក្រោយ​។

ព្រឹទ្ធាចារ្យ ឯម ធា​យ ដែល​ជា សិល្ប​ការិនី ដែល​មាន​ជំនាញ​ពិសេស​នៃ​របាំ​ព្រះរាជ​ទ្រព្យ បាន​រួច​ផុត​ជីវិត​ពី​សម័យ​សង្គ្រាម ហើយ​ក៏​បាន​ផ្ទេរ​បន្ត​ចំណេះដឹង​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ព្រឹទ្ធាចារ្យ ឯម ធា​យ បាន​ចាប់កំណើត​នៅ​ក្នុង​ព្រះ​បរមរាជវាំង នៅ​ពេល​ម្ដាយ​របស់​លោក ជា​សិល្ប​ការិនី​មួយ​រូប នៅ​ក្នុង​ព្រះ​បរមរាជវាំង​។

បើ​ទោះបីជា​បម្រើ​សិល្បៈ​បុរាណ​ខ្មែរ​ស្ទើរ​ពេញ​មួយ​ជីវិត​ហើយ​មិន​បាន​សល់​ទ្រព្យធន​អ្វី​ជា​ដុំ​កំភួន​នោះ​ឡើយ តែ​លោកយាយ​ធ្លាប់​លើក​​ឡើង​ថា លោកយាយ​មិន​ស្តាយក្រោយ​នោះ​ទេ នៅ​ក្នុង​ជីវិត​ជា​អ្នក​បន្ត​មរតក​របាំ​ព្រះរាជ​ទ្រព្យ​មួយ​នេះ​។ មហាជន​បាន​សម្តែង​ការ​សោកស្តាយ និង​បាន​បួងសួង​ទេវតា បណ្ដាល​ឲ​ដួង​វិញ្ញាណក្ខន្ធ​លោកយាយ​បាន​ទៅ​កាន់​ទីឋាន​សុ​គិ​តិ​ភព កុំបី​អាក់ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ