ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​ជា​ច្រើន​ចំពោះ​តារាចម្រៀង​ច្រៀង​តាម​ផាប់ នា​សម័យកាល​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ខំចិត្ត​អោយ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ខ្សែចម្លង​នៃ​ជំងឺ​ដ៏​

រាជធានី​ភ្នំពេញ ៖ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ខំចិត្ត​អោយ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ខ្សែចម្លង​នៃ​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​។ ជា​ការ​ពិត​វិធានការ​ទាំងអស់​នោះ បាន​ធ្វើ​អោយ​មានការ​ប៉ះពាល់​ទៅ​លើ​វិស័យ​ជា​ច្រើន ដោយ​ក្នុង​នោះ​អ្នក​ប្រកប​អាជីព​សិល្បៈ​ក៏​ទទួល​រង​ប៉ះពាល់​មួយ​ផ្នែក​ផង​ដែរ​។

វិធានការ​បិទ​ជា​បណ្តោះអាសន្ន​នូវ​ភោជនីយដ្ឋាន រង្គសាល និង​រោង​សិល្បៈ​ផ្សេង​នោះ​បាន​ធ្វើ​អោយ​អ្នក​ប្រកប​អាជីព​លើ​ផ្នែក​នេះ​ជួប​នូវ​ហានិភ័យ ក្នុង​នោះ​មួយ​ចំនួន​បាន​បាត់បង់​ការងារ និង​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃមួយ​ផ្នែក​ធំ​របស់​ពួក​គេ​ផង​ដែរ​។ ជា​ផ្នែក​មួយ​ក្នុង​អាជីព​សិល្បៈ អ្នក​ដែល​ប្រកបការងារ​នៅ​ក្នុង​រង្គសាល និង PUB បាន​និង​កំពុង​សម្តែង​ក្តី​បារម្ភ ត្បិត​ពួក​គេ​ខ្លះ​បាន​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​មុខរបរ​មួយ​នេះ ខណៈ​ពេល​បម្រាម​នៃ​ការ​បិទ​នៅ​បន្ត​នៅឡើយ​។

ប្រកប​អាជីព​អស់​ជា​ច្រើន និង​មួយ​ផ្នែក​ពី​ការ​រក​ចំណូល​ពី​ការ​ច្រៀង​នៅ​ផាប់ តារាចម្រៀង​លោក និមិត្ត ហៅ Ting Tong បាន​អះអាង​ថា ក្រៅពី​អាជីព​សម្តែង ពិធីករ លោក​ក៏​ជា​តារាចម្រៀង​មួយ​រូប​ដែល​ច្រៀង​នៅ​ផាប់​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​បញ្ជាក់​ថា ក្រោយ​ពី​កន្លែង​ផាប់ ដែល​លោក​ច្រៀង​ត្រូវ​បាន​បិទ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នោះ​មក លោក ក៏​ដូច​តារាចម្រៀង​ដែល​ច្រៀង​ជាមួយ​គ្នា​បាន​បាត់បង់​ចំណូល​មួយ​ផ្នែក​។​លោក​បន្ថែម​ថា សម្រាប់​រូប​លោក​អាច​និយាយ​បាន​ថា ចំណូល​ដែល​លោក​បាន​បាត់​ក្នុង​ពេល​បិទ​នេះ គឺ​អាច​មួយ​ខែ​ខ្ទង់ពាន់​ដុល្លារ ដោយសារ​លោក​ច្រៀង​ជា​ច្រើន​កន្លែង​។ យ៉ាងណា បើ​តាម​លោក និមិត្ត រហូត​មក​ទល់​នា​ពេល​នេះ លោក​ក៏​មិនសូវ​មាន​ហានិភ័យ​សម្រាប់​កា​រក​ចំណូល​ផ្សេង​ឡើយ ដោយ​លោក​នៅ​មានការ​ងារ​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​ប៉ះពាល់​។

ដោយឡែក​តារាចម្រៀង​ដែល​ល្បីល្បាញ​តាម​រយៈ​ច្រៀង Cover ឡើង​វិញ​នូវ​បទ «​ស្រឡាញ់​ប្តី​ក្មេង​» នាង យ៉ា​នុ​ត បាន​ទទួលស្គាល់​ពី​ការ​បាត់បង់​ចំណូល និង​ការងារ ក្រោយ​ពី​ការ​បិទ​ហាង​ដែល​នាង​ធ្លាប់​ច្រៀង​នោះ​ដែរ​។

នាង​លើក​ឡើង​ថា ក្រោយ​ពី​ហាង​បាន​បិទ​នាង​ពិតជា​មានការ​ពិបាក​ខ្លាំង​នៅ​ក្នុង​ការ​រក​ប្រាក់​ចំណូល ខណៈ​ការងារ​ផ្សេង​ក៏​ពិបាក​នឹង​រក​ផង​ដែរ សម្រាប់​រូប​នាង​។ នាង​បញ្ជាក់​ថា ជា​ធម្មតា​ការងារ​ដែល​នាង​ច្រៀង​ប្រចាំ​ភោជនីយដ្ឋាន​នោះ គឺ​អាច​រក​ប្រាក់​បាន​ប្រមាណ​ជា​២៥០​ដុល្លារ ឬ​លើស​នឹង​តិចតួច​សម្រាប់​រយៈពេល​មួយ​ខែ​។ យ៉ាងណា យ៉ា​នុ​ត បាន​បន្ថែម​ថា បច្ចុប្បន្ន​នាង​ក៏​នៅ​មាន​យូ​ធូប​ជាមួយ​ក្រុមការងារ​សម្រាប់​ច្រៀង​បញ្ចូល​ផង​ដែរ ប៉ុន្តែ​ចំណូល​ក៏​មិនសូវ​បាន​ច្រើន​នោះ​ឡើយ​។

ជា​អ្នកចម្រៀង​ច្រៀង​នៅ​ផាប់​មួយ​កន្លែង កញ្ញា ចាន់ សុ​ភ័​ក្រ បានអោយ​ដឹង​ដែរ​ថា នៅ​ក្នុង​ដំណាក់កាល​នេះ នាង​ក៏​មាន​ផល​ប៉ះពាល់​ពី​ការ​រក​ប្រាក់​ចំណូល​មួយ​ផ្នែក​ពី​ការ​ច្រៀង​នេះ​ដែរ​។ នាង​បន្ត​ថា ចា៎ បង សម្រាប់​ខ្ញុំ​នៅ​ក្នុង​សម័យកាល​កូ​វី​ដ​នេះ វា​ប៉ះពាល់​បន្តិចបន្តួច តែ​អាច​ទប់​បាន ដោយសារ​តែ​នៅ​មានការ​ងារ​ផ្សេង​ទៀត​។

យ៉ាងណា​នាង​ទទួលស្គាល់​ថា តាម​រយៈ​ការ​បិទ​ហាង​នេះ​បាន​ធ្វើ​អោយ​នាង​បាន​បាត់បង់​ចំណូល​មួយ​ផ្នែក​ធំ​បង​ដែរ ក្រៅពី​ចំណូល​ពី​ប្រាក់ខែ​រដ្ឋ​។ នាង​សង្ឃឹមថា នៅ​ពេល​ឆាប់​ៗ ហាង​នឹង​អាច​បើក​ដំណើរការ​ធម្មតា​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​ជំងឺ​កូ​វី​ដ ដែល​អាច​អោយ​រូប​នាង និង​តារាចម្រៀង​ផ្សេង​ទៀត​មានឱកាស​បន្តការងារ​ក្នុង​ការ​រក​ប្រាក់​ចំណូល​។

ចំណែក​តារាចម្រៀង​លោក ចំរើន បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​បរិប​ថ​សម័យ​កូ​វី​ដ​នេះ គឺ​រូប​លោក និង​តារាចម្រៀង​មួយ​ចំនួន​ទៀត គឺ​ពិបាក និង​បាត់​ចំណូល​ស្ទើរ​ទាំងស្រុង​តែ​ម្តង​។ លោក​បញ្ជាក់​ថា សម្រាប់​រូប​លោក​ក្រៅពី​ការ​ច្រៀង​រាំ គឺ​លោក​មិន​មានការ​ងារ​អ្វី​ផ្សេង​ឡើយ ដោយសារ​លោក​នៅ​កំពុង​សិក្សា​នៅឡើយ​។ ខុស​ពី​តារាចម្រៀង​ផ្សេង​ទៀត ដែល​គេ​មានការ​ងារ​ផ្សេង​ក្រៅពី​ការ​ច្រៀង​នេះ​។

យ៉ាងណា​លោក​រំពឹង​ថា ការ​រីក​រាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​អាច​ឆាប់​ធូរស្បើយ ដែល​អាច​អនុញ្ញាត​អោយ​ហាង​នានា​បើក​ដំណើរការ​ធម្មតា​ឡើង​វិញ ដើម្បី​អោយ​រូប​លោក និង​តារាចម្រៀង​ផ្សេង​ទៀត​បន្តការងារ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវ​ភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ