ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ ជំហាន ពិសេស​ដើម្បីចាប់ផ្តើម​អាជីវកម្ម​ដំបូង ​!

2 ខែ មុន

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ឱ្យ​ជោគជ័យ គឺ​ផ្អែក​លើ​គំនិត ​និង​ការ​វិនិយោគ​ល្អ​ៗ បុគ្គល​ជា​ច្រើនបាន​តស៊ូ​ស្វាះ​ស្វែងរក​ប្រាក់​ ឬ​សន្សំ​ប្រាក់​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួក​គេ ប៉ុន្តែ​វា​មិនមែន​ត្រឹមតែ​ជា​ការ​រក​ថវិកាដើម្បី​ធ្វើ​អាជីវកម្ម​នោះ​ទេ ក្នុង​ន័យ​របស់​អ្នក​ធ្វើ​អាជីវកម្ម ត្រូវ​បាន​គេ​មាន​ជំនឿ​ទូទៅ​មួយ​ថា អ្នក​ត្រូវ​មាន ​ឬ​ស្វែងរក​គំនិត​ដែល​អាច​ទទួលយក​បាន…

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ឱ្យ​ជោគជ័យ គឺ​ផ្អែក​លើ​គំនិត ​និង​ការ​វិនិយោគ​ល្អ​ៗ បុគ្គល​ជា​ច្រើនបាន​តស៊ូ​ស្វាះ​ស្វែងរក​ប្រាក់​ ឬ​សន្សំ​ប្រាក់​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួក​គេ ប៉ុន្តែ​វា​មិនមែន​ត្រឹមតែ​ជា​ការ​រក​ថវិកាដើម្បី​ធ្វើ​អាជីវកម្ម​នោះ​ទេ ក្នុង​ន័យ​របស់​អ្នក​ធ្វើ​អាជីវកម្ម ត្រូវ​បាន​គេ​មាន​ជំនឿ​ទូទៅ​មួយ​ថា អ្នក​ត្រូវ​មាន ​ឬ​ស្វែងរក​គំនិត​ដែល​អាច​ទទួលយក​បាន និង​ចំណេះដឹង​ហិរញ្ញវត្ថុ​ផង​ដែរ ដែល​មើលទៅ​រៀង​ពិបាក​បន្តិច​សម្រាប់​អ្នក​ទើប​ចាប់​ដំបូង ​។

ជា​ការ​ពិត​ដែល​យើង​មិន​អាច​ប្រកែក​បាន​នោះ គឺ​អ្នក​ដែល​ទទួល​បាន​ភាព​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន ពី​មុន​មក​មិនមែន​មិន​ធ្លាប់​បរាជ័យ​នោះ​ទេ មាន​សេដ្ឋី​ខ្លះ​ធ្លាប់​បរាជ័យ​ច្រើន​លើក​ច្រើន​សារ​ទៀត​ផង​ ។ បើ​អ្នក​គ្រាន់តែ​គិត​ថា ចង់​បើក​អាជីវកម្ម​ហើយ​ធ្វើ​ភ្លាម​នោះ នោះ​វា​អាច​មាន​ភាគរយ​ច្រើន​នឹង​បរាជ័យ ប៉ុន្តែ​ប្រសិនជា​អ្នក​បាន​គិតគូ​យ៉ាង​ល្អិតល្អន់ និង​បាន​រៀនសូត្រ​ជា​ច្រើន​ពី​អ្នកជំនួញ​ផ្សេង​ឬ​អ្នក​នៅ​ជុំវិញ​អ្នក ទីផ្សារ ផែនការអាជីវកម្ម ចំណេះដឹង​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង នោះ​វា​ជា​ចំណេះដឹង​ដែល​អាច​ជួយ​អ្នក​បាន​ខ្លះ ​។ យោង​តាម​សារព័ត៌មាន Forbes បាន​ណែនាំ​វិធីសាស្ត្រ មួយ​ចំនួន​សម្រាប់​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម ដូចនេះ​អ្នក​ត្រូវ​មាន​ជំហាន​ទាំង​អស់នេះ ​៖

ជំហាន​ទី ​១- បំផុសគំនិត​ថ្មី​ៗរបស់​អ្នក ​៖ ការ​បំផុសគំនិត ​គឺជា​បច្ចេកទេស​ដ៏​មាន​ឥទ្ធិពល​មួយ នៅ​ពេល​និយាយ​អំពី​គំនិត​អាជីវកម្ម​ថ្មី​ៗ ប៉ុន្តែ​មុន​ពេល​អ្នក​បំផុសគំនិត​នេះ អ្នក​ត្រូវ​កំណត់ និង​សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំងនេះអ្វី​ដែល​ខ្ញុំ​ពូកែ ? អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ ? និងអ្វី​ដែល​ខ្ញុំ​ចង់​ផ្តល់ឱ្យ​ពិភពលោក និង​អតិថិជន​របស់ខ្ញុំ នៅ​ពេល​ខ្ញុំ​ធ្វើ​អាជីវកម្ម​មួយ​នេះ ? និង​មូលហេតុ​អ្វី​ដែល​អ្នក​ពិតជា​ចង់​ធ្វើ​អាជីវកម្ម​មួយ​នេះ ? នៅ​ពេល​អ្នករក​ឃើញ​ឬ​មាន​ចម្លើយ​ទាំង​អស់នេះ នោះ​វា​នឹង​ជួយ​ឱ្យ​អ្នកមាន​គំនិតល្អ​ៗ ក្នុង​ទិស​ដៅ​អាជីវកម្ម​ដែល​ងាយស្រួល​សម្រាប់​អ្នក ​។ វា​ចាំបាច់​ណាស់​ក្នុង​ការ​បង្កើត​គំនិត​មុន​ពេល​ការ​ចាប់ផ្តើម​មក​ដល់ ដែល​វា​នឹង​ជួយ​ផ្នែក​ស្មារតី​របស់​ម្ចាស់​អាជីវកម្ម​នោះ​ ។

Picture

ជំហាន​ទី ​២- បញ្ចូល​គំនិត​ពីរ​ទៅ​ជា​គំនិត​តែ​មួយ ​៖ តាម​ទស្សនៈ​របស់​ជំនាញ​បានឱ្យ​ដឹង​ថា ការ​បង្កើត​គំនិត​អាជីវកម្ម​ថ្មី និង​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ហើយ​នោះ វា​អាច​នឹង​មាន​ផល​លំបាក ប៉ុន្តែ​ប្រសិនបើ​អ្នក​ព្យាយាម​បញ្ចូល​គ្នា​នូវ​គំនិត​ទាំង​ពីរ​នេះ គឺ​វា​ដូច​ជា​អ្នក​ផ្តល់​កំណើត ​ឬ​ផ្តល់​ពន្លឺ​អ្វីមួយ ដែល​មើលទៅ​ប្លែក​បំផុត ដូច​ជា​ខ្មៅ​ដៃ​ជាមួយ​គ្រាប់​រុក្ខជាតិ​ ។ គំនិត​នេះ​គឺជា​ការ​រួម​បញ្ចូល​គ្នា នៃ​ឧស្សាហកម្ម​ទាំង​ពីរ​ដែល​ខុស​គ្នា គឺ​កសិកម្ម​និង​ការិយាល័យ ​។ ឧទាហរណ៍​ថា ​អ្នក​ធ្វើ​នំ​សូកូឡា ដែល​គ្របដណ្ដប់​ដោយ​សាច់​បន្ទះ នោះ​អ្នក​នឹង​បាន​ផលិតផល​ខុស​គ្នា​ពីរ​យ៉ាង ដែល​មាននៅ​ក្នុង​ចាន​ឬ​ម្ហូប​តែ​មួយ ​។ ចង់​មាន​ន័យ​ថា ក្នុង​ម្ហូប​មួយ​ចាន់​មាន​ច្រើន​រសជាតិ មាន​ច្រើន​ពណ៌ គឺ​ដូច​ទៅ​នឹង​ជីវិត​រសនៅ​បច្ចុប្បន្ន ប្រសិនបើ​អាជីវកម្ម​យើង​ដដែល​ៗ ឬ​ដូច​ៗ​គ្នា នោះ​ប្រាកដជា​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​អតិថិជន​ប៉​ន្មា​ន​ទេ ​។

ជំហាន​ទី​ ៣- ស្រាវជ្រាវ​ទៅ​លើ​តម្រូវការ​សាធារណៈ ​៖ ក្នុង​ករណី​នេះ​អ្នក​ត្រូវ​សម្រេចចិត្ត​ថា តើ​ទស្សនិកជន​ ឬ​អតិថិជន ដែល​ជា​គោលដៅ​របស់​អ្នកជា​នរណា និង​ក្រុម​អាយុ​របស់​អតិថិជន មាន​ន័យ​ថា​គោលដៅ​អតិថិជន​របស់​អ្នក ទៅ​លើ​យុវជន វ័យ​កណ្តាល ឬ​មនុស្ស​ចាស់ ឬ​ក៏​តម្រូវ​គ្រប់​វ័យ និង​គ្រប់​ភេទ ​។ អ្នក​គួរ​ដឹង​ដែរ​ថា មនុស្ស​ទាំងអស់​មាន​ចំណាប់អារម្មណ៍​ និង​អាកប្បកិរិយា​មិន​ដូច​គ្នា​ទេ ដូចនេះ​ហើយ​បានជា​អ្នក​ត្រូវ​ប្រាកដ​ថា អាជីវកម្ម​របស់​អ្នក​សំដៅ​ទៅ​លើ​មនុស្ស​ប្រភេទ​ណា មុន​ពេល​អ្នក​ធ្វើ​អាជីវក​ម្ម្​ ។ ឧទាហរណ៍​ថា ​អ្នក​ចង់​ធ្វើ​អាជីវកម្ម​ខាង​ផ្នែក​អាហារ ដូចនេះ​ក្នុង​សម័យ​កូ​វី​ដ​ ១៩ អ្នក​ប្រហែលជា​អាច​ប្រើ​មធ្យោបាយ​លក់​តាម​អន​ឡាញ ឬ​បង្ហាញ​តាម​បណ្តាញ​សង្គម​នានា ការ​វេច​ខ្ចប់​បែប​អេកូ​ឬ​មាន​សេវា​ដឹក​ជញ្ជូន និង​មួយវិញទៀត អ្នក​ត្រូវការ​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស​យក​គ្រឿងផ្សំ​ដើម្បី​ចម្អិន​អាហារ​ឱ្យ​មាន​រសជាតិ​ប្លែក​ពី​គេ​ឬ​ចង់​ដូច​គេ​ដូច​ឯង (​អាស្រ័យ​លើ​អ្នក​) ​។ ហើយ​ប្រសិនជា​អ្នក​ទើប​បើកហាង​ថ្មី​ៗ និង​មិន​ធ្លាប់​ធ្វើ​អាជីវកម្ម​ពី​មុន​មក អ្នក​ត្រូវ​តែ​ទទួលយក​មតិ​ឬ​សួរ​ទៅ​អតិថិជន​របស់​អ្នក អំពី​រសជាតិ​នៃ​អាហារ​នេះ និង​សេវាកម្ម​នានា ។​ល​។ ដែល​អ្នក​ផ្តល់​ឱ្យ​អតិថិជន​ ។ វិធី​មួយទៀត អ្នក​អាច​រក​មើល​អ្នក​ដែល​ធ្លាប់​មានបទពិសោធន៍ ធ្វើ​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ សួរ​យោបល់​ពួក​គាត់​ក៏​បាន ​។

ជំហាន​ទី ​៤- អ្នក​ត្រូវ​តែ​ស្តាប់​ហេតុផល និង​បង្ហាញ​ការ​ចាប់អារម្មណ៍​ចេញពី​ខ្លួនឯង ​៖ ជា​ការ​ពិត​មាន​ម្ចាស់​អាជីវកម្ម​ជា​ច្រើន គឺ​តម្រូវ​តាម​អតិថិជន ជា​ជាង​ការ​ដែល​ខ្លួនឯង​ចង់​ផ្តល់​ឱ្យ​អតិថិជន (​មាន​ន័យ​ថា ចង់​ធ្វើ​អ្វី​ប្លែក​ៗ​សម្រាប់​អតិថិជន ប៉ុន្តែ​មាន​អតិ​ជន​ខ្លះ គាត់​មិន​ព្រម​ទទួលយក​នោះ​ទេ​) ​។ សម្រាប់​អ្នកជំនាញ​ម្នាក់​បាន​និយាយ​ថា ចំពោះ​រូប​លោក វិធីសាស្ត្រ​នេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​សហគ្រិន​ទាំងនេះ គ្មាន​គំនិត​ច្នៃប្រឌិត​និង​ផ្តល់​ផលិត​ ឬ​សេវា ត្រឹមតែ​អតិថិជន​ចង់​ទិញ​ចង់បាន​ប៉ុណ្ណោះ ក៏​ព្រោះថា​ម្ចាស់​អាជីវកម្ម​ថ្មី​មិន​អាច​រក​ទំនិញ​ឬ​សេវាកម្ម​ល្អ​ឥត​ខ្ចោះ​ផ្សេង​ទៀត​ឱ្យ​អតិថិជន​របស់​ខ្លួន​បាន (​មាន​ន័យ​ថា​មាន​អាជីវកម្ម​ជា​ច្រើន​បើក​ដូច​ៗ​គ្នា លក់​ដូច​ៗ​គ្នា នៅ​កន្លែង​ជិត​ៗ​គ្នា​) ដែល​ជា​ការ​ពិត​តម្រូវការ​លើ​ទីផ្សារ គឺ​មាន​វិធី​ច្រើន​ដើម្បី​ទាក់ទាញ​ចិត្ត​ភ្ញៀវ ​។ ហើយ​អ្វី​ជា​គន្លឹះ​និង​គំនិត​សំខាន់​ៗ ដើម្បី​ទាញ​ចំណាប់អារម្មណ៍​អ្នក​ដទៃ​នោះ គឺ​ការ​ច្នៃប្រឌិត​របស់​ម្ចាស់​អាជីវកម្ម​ខ្លួនឯង​នឹង​ហើយ ព្រោះថា​អ្នក​អាច​ជា​អ្នករៀន​អំពី​ប្រវត្តិសាស្ត្រ​នានា និង​បាន​រៀន​នូវ​ចំណេះដឹង​នេះ​ផ្សេង​ៗ ជាមួយនឹង​បទ​ពិសោធន៍​ជា​ច្រើន ដែល​នេះ​ជា​គំនិត​អាច​ឱ្យ​អ្នក​បង្កើត​ការ​ចាប់ផ្តើម​ថ្មី​មួយ​ដោយ​ខ្លួនឯង ដែល​មិន​មានការ​ចម្លង​ពី​នរណា​ម្នាក់ ហើយ​វា​ក៏​ជា​សញ្ញា​នៃ​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​របស់​អ្នក​ ។ ប្រសិនជា​អ្នក​មានការ​ប្តេជ្ញា​ចិត្ត និង​មាន​ចំណង់​ចំណូលចិត្ត​ខ្លាំង​ហើយ អ្នក​មិន​ត្រូវ​ស្តាប់​ពាក្យ​ថា ទៅ​មិន​រួច​នោះ​ទេ អ្នក​ត្រូវ​តែ ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​ទីផ្សារ​ក្នុងស្រុក​ថា​វា​នៅ​ខ្វះខាត​ឬ​នៅ​មាន​ចន្លោះ​អ្វី ហើយ​រក​ឱ្យ​ថា​ហេតុ​អ្វីបានជាវា​ខ្វះ​ខាត ។

Picture

ជំហាន​ទី ​៥- មើលទៅ​អនាគត ​ឬ​មាន​ចក្ខុវិស័យ​វេ​ង​ឆ្ងាយ ​៖ បច្ចេកវិទ្យា​ព័ត៌មាន គឺជា​ឧបករណ៍​មួយ ដែល​អភិវឌ្ឍ​ល្បឿន​ឬ​ជួយ​ពន្លឺ​នូវ​កិច្ចការ​ជា​ច្រើន ដែល​យើង​មិន​អាច​នឹក​ស្មាន​ដល់​កាលពី ៥ ឬ ១០ ឆ្នាំ​មុន តែ​ឥឡូវ​វា​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​សម្រាប់​ការ​កម្សាន្ត ដូច​ជា​កម្មវិធី AI-driven face-swap ជាដើម ប្រសិនបើ​អ្នក​ប្រឡូក​ក្នុង​វិស័យ​ដូច​ជា​បច្ចេកវិទ្យា ឬ​ព័ត៌មានវិទ្យា អ្នក​អាច​ស្រាវជ្រាវ​ថា តើ​បច្ចេកវិទ្យា និង​វេទិកា​អ្វីខ្លះ កំពុង​ទទួល​បាន​ប្រជាប្រិយភាព​និង​មុខងារ​អ្វីខ្លះ​ដែល​បង្កើត​ឱ្យ​មាន​អ្វី​ៗ​ប្លែក​ ។ ទោះបីជា​វា​ត្រូវការ​ពេលវេលា​បន្តិច​សម្រាប់​អ្នករៀន​ពី​វា​ក្តី ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ដឹង​ថា បណ្តាញ​សង្គម និង​កម្មវិធី​ទាំងនេះ អ្នក​ត្រូវ​តែ​ទាញ​ផលប្រយោជន៍​ពី​វា​ឱ្យ​បាន ជា​ពិសេស​ការ​ទាញ​យក​ទីផ្សារ និង​ការ​រក​ប្រាក់​តាម​បច្ចេកវិទ្យា​នេះ ​។

ជំហាន​ទី ​៦- ប្រើ​ភាព​ច្នៃប្រឌិត​របស់​អ្នក ​៖ អ្នក​មិន​ចាំបាច់​ជា​សិល្បករ ក្នុង​ការ​មានគំនិត​ច្នៃប្រឌិត​នោះ​ទេ តែ​អ្នក​គ្រាន់តែ​ត្រូវការ​គំនិត​នៃ​ការ​ចាប់ផ្តើម គិត​អំពី​របៀប​ធ្វើ​ធម្មតា​ៗ ដែល​អាច​អនុវត្ត​បាន នៅ​ក្នុង​បរិយាកាស​មិនធម្មតា​ទៅ​បាន​ហើយ ​។ និយាយ​រួម​ព្យាយាម​យកគំនិត ដែល​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​នៅ​ក្នុង​ឧស្សាហកម្ម​មួយ ហើយ​ដាក់​វា​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​ផ្សេង​ទៀត​។ ឧទាហរណ៍​ជាក់ស្តែង​មួយ គឺ​ការ​បោះពុម្ព 3D បច្ចេកវិទ្យា​ប្រភេទ​នេះ អាច​ត្រូវ​បាន​ប្រើ ក្នុង​វិស័យ​ថែទាំ​សុខភាព និង​វិស័យ​សំណង់ សូ​ម្បី​តែ​ឧស្សាហកម្ម​ម្ហូបអាហារ​ក៏​ត្រូវការ​វា​ដែរ ​។ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ពិត​អ្នក​មិន​អាច​ត្រឹមតែ​បើកហាង​បោះពុម្ព ហើយ​ចប់​នោះ (​ធ្វើ​តែ​ប៉ុណ្ណឹង​បាន​ហើយ​) ព្រោះ​អ្នក​ត្រូវ​ដឹង​ថា​បច្ចេកវិទ្យា​វា​ថ្មី​ជា​និច្ច ដូចនេះ​ប្រសិនជា​អ្នក​បើក​អាជីវកម្ម​ត្រឹមតែ​បោះ​ពុ​ម្ភ​បែប 3D ហើយ​រោង​ពុ​ម្ភ​ផ្សេង​គេ​បោះ​ដល់ 5D ហើយ​យើង​ត្រូវធ្វើ​យ៉ាង​មិច ប្រាកដ​ណាស់​ថា​ត្រូវ​តែ​អ​ភ​វិ​ឌ្ឍ​ន៍​ឱ្យទាន់​សម័យកាល ​។ សរុប​មក​អ្នក​ត្រូវ​មើល​លើ​បច្ចុប្បន្នភាព និង​អនាគត ប្រសិនជា​អ្នក​អាច​ដៅ​ទិស​ដៅ​សម្រាប់​ការ​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​បាន​មុនគេ នោះ​អាជីវកម្ម​របស់​អ្នក​នឹង​ល្អ​ប្រសើ​រជាងគេ ​។

ជំហាន​ទី​ ៧- មើល​ជុំវិញ​ខ្លួន​អ្នក ​៖ ជា​ការ​ពិត គំនិត​មាននៅ​គ្រប់​ទីកន្លែង វា​អាច​មាននៅ​ក្នុង​បរិយាកាស​ធម្មជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ តន្ត្រី នៅផ្ទះ កន្លែងធ្វើការ ភោជនីយដ្ឋាន ឬ​កន្លែង​ដែល​អ្នក​ចូល​ចិត្ត​ទៅ​ទស្សនា​ជា​រៀងរាល់ថ្ងៃ ​។ ទីកន្លែង​ទាំងនេះ អាច​បណ្តុះបណ្តាល​ចិត្តគំនិត ការ​ស្រមើស្រមៃ របស់​អ្នកជំនាញ អ្នកជំនួញ ព្រោះថា​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ អ្នក​ត្រូវ​ធ្វើការ​កត់សំគាល់​ចាប់ពី​រឿង​តូច ឬ​បន្តិចបន្តួច​ក្តី អ្នក​គួរ​វិភាគ​និង​បកស្រាយ នៅ​ក្នុង​បរិបទ​ខុស​គ្នា រវាង​ជំនាញ ជីវិត និង​អាជីវកម្ម​ ។ ប្រសិនជា​អ្នក​នៅ​ក្នុង​ពិភព​ជំនួញ អ្នក​ត្រូវ​តែ​ពោរពេញ​ទៅ​ដោយ​គំនិត ហើយ​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​បង្កើត​អ្វី​ប្លែក និង​ច្នៃប្រឌិត​បាន​ទាំងស្រុង​ដោយ​ខ្លួនឯង ​។ ទោះជា​យ៉ាងណា​ក៏​ដោយ មនុស្សជាតិ​និង​បច្ចេកវិទ្យា នៅ​តែ​បន្ត​វិវឌ្ឍន៍​ជា​និច្ច និង​មិន​មាន​នរណា​ម្នាក់​អាច​កំណត់​ដែន​របស់​វា​បាន​នោះ​ទេ (​មនុស្ស​ក៏​កើត​រាល់ថ្ងៃ បច្ចេកវិទ្យា​ក៏​មាន​ថ្មី​ជា​និច្ច​ដែរ​) យើង​គិត​ត្រឹម​ថា កាលពី​៥០​ ឆ្នាំ​មុន មានរឿង​ជា​ច្រើន​ដែល​មិន​អាច​ទៅ​រួច តែ​បច្ចុប្បន្ន​វិញ​វា​បាន​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ។
នៅ​ពេល​ដែល​អ្នក​បញ្ចូល​ចំណេះដឹង ជំនាញ ចំណង់​ចំណូលចិត្ត និង​និន្នាការ​នា​ពេល​អនាគត នោះ​វា​នឹង​មិន​មាន​បញ្ហា​ក្នុង​ការ​ស្វែងរក​គំនិត​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​នោះ​ទេ ហើយ​វា​អាច​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​ថ្មី និង​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នក​រីក​ចម្រើន និង​រឹង​មាំ​ថែម​ទៀត​ផង ​៕