ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ជំរុញក្រុមស្ថាបនាច្រាំង​ព្រែកអន្លង់គគីរ ឲ្យបានឆាប់រួចរាល់ និងមានគុណភាព

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ព្រែកពោធិ៍អន្លង់គគីរ ស្ថិតនៅក្នុងឃុំស្ដៅ ស្រុកកងមាស ដែលបានបាក់ស្រុតច្រាំង យកទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នង។ មកដល់ពេលនេះ ច្រាំង​ព្រែកនេះ​ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម…

ខេត្តកំពង់ចាម៖ ព្រែកពោធិ៍អន្លង់គគីរ ស្ថិតនៅក្នុងឃុំស្ដៅ ស្រុកកងមាស ដែលបានបាក់ស្រុតច្រាំង យកទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នង។ មកដល់ពេលនេះ ច្រាំង​ព្រែកនេះ​ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម កំពុងតែសម្រុកជួសជុលឲ្យទាន់មុនរដូវទឹកទន្លេឡើង មកចូលព្រែក ធ្វើយ៉ាងណា ដើម្បីកុំអោយច្រាំងបន្តបាក់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយព្រែក។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស ប្រាប់ឲ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្តជាច្រើនរូប នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២១ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅព្រែកអន្លង់គគីរ ដែលកំពុងតែដំណើរការសាងសង់ ច្រាំងព្រែកឡើងវិញ ដោយរសង់បៀបកាំជណ្ដើរ មានដាក់តម្រៀបថ្ម នៅក្នុងសំណាញ់ ហើយចាក់គ្រឹះខាងក្រោមចូលទៅក្នុងដីជម្រៅ៦ម៉ែត្រ ដើម្បីឲ្យសំណង់រឹងមាំ។ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ៣៥% លើបណ្ដោយព្រែក ប្រវែង ៤៩៥ ម៉ែត្រ។

អភិបាលស្រុកកងមាស ប្រាប់បន្តហើយដឹងទៀតថា នៅក្នុងអំឡុងឆ្នាំ២០១៩ ទឹកទន្លេមេគង្គ បានឡើងហូរ​ចូលមកតាមព្រែក និងបានចាក់ទៅបឹងបួនានា ក្នុងស្រុកកងមាស លុះពេលដែលទឹកទន្លេចាប់ផ្ដើមស្រកទៅវិញ លឿនខុសពីធម្មតា ដែលជាហេតុធ្វើឲ្យច្រាំង នៅតាមបណ្ដោយព្រែក ត្រូវបានបាក់ស្រុតក្នុងនោះ រួមមានទាំងផ្ទះរបស់ប្រជាពលរដ្ឋ ជាង ៣០ខ្នង ត្រូវទទួលរងការខូចខាត។ 

ចំពោះមុខការខូចខាតនេះ ត្រូវបានឯកឧត្តមបណ្ឌិត ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានស្នើសុំទៅឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួសជុលច្រាំង នៅតាមបណ្ដោយព្រែកអន្លង់គគីរ ក្នុងឃុំស្ដៅ។ រហូតមកដល់ខែមេសា ឆ្នាំ២០២១ ក្រុមការងាររបស់ក្រសួងធនធានទឹក បានចាប់ផ្ដើមដំណើរការស្ថាបនាច្រាំង តាមបណ្ដោយព្រែក ដោយញាប់ដៃជើង ធ្វើយ៉ាងណា ឲ្យ​សំណង់នេះ ធានាបានគុណភាពល្អ និងរួចរាល់ មុនរដូវទឹកទន្លេឡើង មកចូលតាមបណ្ដោយព្រែក។

សមិទ្ធិផល ដែលសម្រេចបាននេះ គឺដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមជាងធ្វើយ៉ាងណា ប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យសំណង់ឆាប់រួចរាល់មុនទឹកទន្លេឡើង។

គួររំលឹកថា ច្រាំងនៅត្រើយម្ខាងទៀត ក្នុងភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ដែលបានបាក់ស្រុតរងការខូចខាតក្រោយពីទឹកទន្លេបានស្រកទៅវិញនោះ ធ្វើឱ្យខូចខាតបាក់ស្រុតច្រាំង រួមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវបានក្រុមការងាររបស់ក្រសួងធនធានទឹក បាន​ជួសជុលរួចរាល់១០០% ដែលមានប្រវែង ២៥០ម៉ែត្រ។

សូមបញ្ជាក់ថា មុនពេលអញ្ជើញចុះពិនិត្យការដ្ឋានសំណង់នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល​ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយអនុប្រធានអចិន្ត្រៃយ៍សាខា អាជ្ញាធរស្រុកកងមាស និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ដែលរបើកជញ្ជាំង របើកដំបូលផ្ទះ ចំនួន ៦៨គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកកងមាស ក្នុងនេះ នៅឃុំព្រែកកុយ ៤៧ គ្រួសារ, ឃុំរាយប៉ាយ ២០គ្រួសារ និងឃុំព្រែកក្របៅ ១គ្រួសារ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ជៀសអោយផុតពីការឆ្លងជំងឺកូវីដ-១៩  ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ”  ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩  បម្លែងថ្មី ក្នុងសហគមន៍។

សម្រាប់អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនគ្រួសាររងគ្រោះ ទាំង ៦៨គ្រួសារ គឺ​ក្នុង ១គ្រួសារៗទទួលបាន​៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ី​វ ១យួរ ត្រីខ ១០កំប៉ុង ឃីត ១ និង អាវយឺត ២។ ចំពោះពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្ងន់ជាងគេ ចំនួន ១០គ្រួសារ គឺទទួលបានថវិកាសរុប ៣លានរៀល ក្នុង ១គ្រួសារ និងកម្រិតមធ្យម ១៩គ្រួសារ ទទួលបាន​ថវិកាសរុប ៣,៨៥០,០០០ រៀលផងដែរ៕  ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ