ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តារាចម្រៀង​កាលពី​ជិត​២០​ឆ្នាំ​មុន សែ​ម សង្វាត ប្រឹង​លក់​ផ្លែ​ឈើ​ទាំង​ខ្លួន​មាន​ជំងឺ​ក្នុង​សម័យ​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ល្បីល្បាញ​កាលពី​ជិត​២០​ឆ្នាំ​មុន លោក សែ​ម សង្វាត បាន​និង​កំពុង​តែ​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​ការ​រកស៊ី​ទទួលទាន ដើម្បី​ចិញ្ចឹមជីវិត ដោយ​បច្ចុប្បន្ន​លោក​លក់​ផ្លែ​ក​ឈើ​តាម​អន​ឡាញ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ល្បីល្បាញ​កាលពី​ជិត​២០​ឆ្នាំ​មុន លោក សែ​ម សង្វាត បាន​និង​កំពុង​តែ​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​ការ​រកស៊ី​ទទួលទាន ដើម្បី​ចិញ្ចឹមជីវិត ដោយ​បច្ចុប្បន្ន​លោក​លក់​ផ្លែ​ក​ឈើ​តាម​អន​ឡាញ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ បើ​ទោះបីជា កំពុង​ញាំញី​ដោយសារ​ជំងឺ​ជា​ច្រើន​មុខ​ក៏​ដោយ ប៉ុន្តែ​តារាចម្រៀង​រូប​នេះ ហាក់​មិន​បាន​ដេក​ដួល​នោះ​ឡើយ ពោល​គឺ​លោក​នៅ​តែ​តស៊ូ​នៅ​ក្នុង​ការ​ប្រកប​អាជីព​លក់​ផ្លែ​ឈើ​នេះ​ស្ទើរ​រៀងរាល់ថ្ងៃ​។

ដោយ​មិន​ផ្តេកផ្តួល​តែ​ទៅ​លើ​ជំនួយ កន្លង​មក លោក សែ​ម សង្វាត បាន​បើ​តូប​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ឆ្លង​ចូល​សហគមន៍​បូក​រួម​នឹង​អាជ្ញាធរ​បាន​បិទ​ផ្សារ​ផង​នោះ លោក​ក៏​បាន​ផ្លាស់​ប្តូរ​មក​លក់​ផ្លែ​ឈើ​តាម​អន​ឡាញ​នៅ​ក្នុង​គេហដ្ឋាន​វិញ​។

យ៉ាងណា បើ​ទោះបីជា​មុខរបរ​នេះ ហាក់​មិនសូវ​ផ្តល់​ចំណូល​អោយ​លោក​បាន​ច្រើន​ក៏​ដោយ ប៉ុន្តែ​វា​អាច​ជួយ​លោក​បាន​មួយ​កម្រិត​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង​ដែរ​។ ក្រៅពី​ការ​លក់​ផ្លែ​ឈើ​នេះ លោក សែ​ម សង្វាត ក៏​មានឱកាស​ចេញ​ច្រៀង​នៅ​តាម​ទីកន្លែង​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វី​ដ រូប​លោក​ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​ទៀត បាន​បាត់បង់​ចំណូល​ពី​អាជីព​សិល្បៈ​នេះ​ដូច​គ្នា ។

គួរ​បញ្ជាក់​ថា ម្ចាស់​បទ​ជីវិត​កម្មករ​ឆ្លង​ដែន និង​បទ​សំបុត្រ​ស្នេហ៍​ក្នុង​សៀវភៅ​អូន ដែល​ល្បីល្បាញ​កាលពី​ជាង​១០​ឆ្នាំ​មុន លោក សែ​ម សង្វាត បាន​ធ្លាក់ខ្លួន​ក្រលំបាក ជាមួយនឹង​ការ​រួមរឹត​ដោយ​ជំងឺ​ដែល​បាន​ធ្វើ​អោយ​លោក​ស្លេកស្លាំង​ស្គមស្គាំង​ស្រអាប់​ពណ៌​ស្ទើ​មើល​មិន​យល់​។ បន្ទាប់​ពី​បាត់​វត្តមាន​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ លោក សែ​ម សង្វាត ត្រូវ​បាន​ក្រុម​អ្នកសិល្បៈ អ្នក​ស្គាល់​រូប​លោក​បាន​ទាញ​រូប​លោក​អោយ​វិល​មក​កាន់​វិស័យ​សិល្បៈ​ខ្លះ​ៗ​ឡើង​វិញ ដើម្បី​បាន​ថវិកា​គ្រាន់​មើលជំងឺ និង​ចិញ្ចឹមជីវិត​ចុង​ក្រោយ​។ ក្រៅពី​ការ​ច្រៀង​បាន​ខ្លះ​ៗ​នោះ លោក សែ​ម សង្វាត ក៏​បាន​ខិតខំ​តស៊ូ​រកស៊ី​លក់​ផ្លែ​ឈើ​បន្ថែម​ទៀត ដោយ​រូប​លោក​មិន​បាន​ដេក​ដួល និង​រង់​ចាំតែ​ជំនួយ​នោះ​ឡើយ​។

តារាចម្រៀង​លោក សែ​ម សង្វាត បាន​សំងំ​រស់នៅ​បែប​សាមញ្ញ​ជន​ជាមួយនឹង​កូនប្រុស​ចំនួន​៣​នាក់ នៅ​ក្រោម​ដំបូលផ្ទះ​ជួល ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម នៃ​រាជធានី​ភ្នំពេញ ក្រោយ​ពី​បាន​បែកបាក់​ពី​ប្រពន្ធ​ដែល​រស់នៅ​ឯ​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត​អស់​រយៈពេល​៣-៤ ឆ្នាំ​មក​នោះ​។ អតីត​តារាចម្រៀង​ប្រុស​នៃ​ក្រុម EV លោក សែ​ម សង្វាត បង្ហាញ​វត្តមាន​ជា​ថ្មី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បានឃើញ ក្រោយ​ពី​លោក​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ចម្រៀង​មួយ​នេះ​អស់​រយៈពេល​យ៉ាង​យូរ គឺ​ចាប់តាំងពី​លោក​បាន​រៀប​ការ​ប្រពន្ធ​ទី​២ នា​អំឡុង​ឆ្នាំ ២០០៣ មក និង​ស្រប​ពេល​ដែល​ក្រុម​បែក​គ្នា ចំ​ពេល​ផលិតកម្ម​ធ្លាប់​ច្រៀង​ក៏​ត្រូវ​បាន​បិទ​មក​ផង​ដែរ​នោះ​។

ទោះបី​ក្រោយ​ពី​ដឹង​ឮ និង​មានការ​សហការ​គ្នា​ពី​សំណាក់​ក្រុម​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ ដើម្បី​ផ្តល់​ជូន​ជា​ថវិកា​ជា​ហូរហែ​អាច​ជួយ​សម្រួល​ជីវភាព និង​កង្វះខាត​របស់​លោក សែ​ម សង្វាត និង​កូនប្រុស​ទាំង​៣ ដែល​កំពុង​តែ​រស់​ក្រោម​ដំបូលផ្ទះ​ជួល​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ហើយ​លោក​ក៏​កំពុង​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង គឺថា​ជួយ​បាន​តែ​មួយ​រយៈ​តែ​ប៉ុណ្ណោះ ខណៈ​កូន​ៗ​លោក​ក៏​នៅ​ក្មេង​មិន​ទាន់​អាច​ចិញ្ចឹម​ខ្លួន​បាន​ឡើយ​។

លោក សែ​ម សង្វាត ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន​មុខ​ដូច​ជា ក្រពះ ពោះវៀន និង​ជា​ចុង​ក្រោយ​មាន​ជំងឺ​ក្រិន​ថ្លើម ទើបតែ​ធូរស្បើយ​បន្តិច ក្រោយ​ពី​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ដោយសារ​មានការ​ជួយ​អន្តរាគមន៍​ពី​សមាគម​សិល្បៈ និង​ក្រុម​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ហើយ​បច្ចុប្បន្ន​នេះ លោក សែ​ម សង្វាត មាន​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ និង​ធ្លាប់​រៀប​ការ​២​ដង គឺ​ប្រពន្ធ​ដំបូង​មានកូន​ប្រុស​ម្នាក់ បច្ចុប្បន្ន​វ័យ​ប្រមាណ​២០​ឆ្នាំ និង​កូនប្រុស​២​នាក់​ទៀត​ជាមួយ​ប្រពន្ធ​ទី​២ ដែល​បាន​រៀប​ការ​កាលពី​ឆ្នាំ​២០០៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ