ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋថៃ បានមកដាំដុះដំណាំលើតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ ឬព្រំដែន.ស ហើយក៏ត្រូវបានហាមឱ្យបញ្ឈប់រាល់សកម្មភាពនោះ នៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែនភូមិសាស្ត្រ ភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត។
បើតាមកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៩១១ បានប្រាប់ថា នៅពេលកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី និងទប់ស្កាត់ពលករដែលលួចឆ្លងដែនគេចវេសធ្វើចត្តាឡីស័ក និងទប់ស្កាត់បទល្មើសលួចឆ្លងដែននានា ខណៈពេលកំពុងតែល្បាតក៏ប្រទះឃើញប្រជាពលរដ្ឋថៃលួចគាស់ និងដាំដំណាំកសិកម្មមានដូចជា ដើមប្រេងខ្យល់ ដើមឫស្សី ដើមចេក ដើមស្វាយលើផ្ទៃប្រវែងតាមបន្ទាត់ព្រំដែនប្រមាណ២២០ម៉ែត្រ។
កម្លាំងនគរបាលបានបញ្ជាក់ថា ចំណុចដែលពលករដ្ឋលួចគាស់ព្រៃដាំដំណាំកសិកម្មនោះ មានយាមការ IND 02402 56-1516755 ដល់ 0240058-1516673 ដែលជាព្រំមិនទាន់ច្បាស់លាស់ ឬព្រំដែន.ស ក្រោយចេញល្បាតឃើញ ក៏ត្រូវបានហាមឃាត់ពលរដ្ឋទាំងនោះអោយបញ្ឈប់ការដាំដំណាំ និងលួចគាស់ធ្វើសកម្មភាពបន្តទៀត។
កម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថា ជាការណែនាំដាក់វិធានការពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ត្រូវការពារបូរណភាពទឹកដី និងបទល្មើសតាមបន្ទាត់ព្រំដែន និងពលករលួចឆ្លងដែនគេចវេសធ្វើចត្តាឡីស័ក ដើម្បីការពារទប់ស្កាត់កូវីដ១៩ មិនអោយរីករាលដាលក្នុងសហគមន៍៕
ចែករំលែកព័តមាននេះ