រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងជាចាងហ្វាងផលិតកម្មតាំងពីសង្គមលោក ហ៊ុយ សាន់ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ នៅឯទឹកដីសហរដ្ឋអាមេរិក។
ដំណឹងមរណភាពរបស់លោក ហ៊ុយ សាន់ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់កូនប្រុសរបស់លោក ហើយមានការចែករំលែកពីម្នាក់ទៅម្នាក់ផងដែរ ។ អ្នកដែលធ្លាប់ស្គាល់ការសម្តែងរបស់លោកបានចូលរួមការសោកស្តាយជាពន់ពេក នៅពេលដែលបានបាត់បងវីរៈសិល្បករជើងចាស់រូបនេះ។
យ៉ាងណាក៏ដោយព័ត៌មានលម្អិតនៃមរណភាពរបស់អតីតតារាសម្តែងតួអង្គកាចរូបនេះមិនត្រូវបានក្រុមគ្រួសាររបស់លោកបញ្ជាក់ឱ្យបានលម្អិតឡើយ គ្រាន់តែមានការជូនដំណឹង និងបញ្ជាក់ពីការធ្វើបុណ្យ និងការបញ្ចុះសពតែប៉ុណ្ណោះ។
បើតាមការបញ្ជាក់នៅក្នុងគណនេយ្យហ្វេសប៊ុករបស់លោក ដេវីដ ចាន់ណាយវ៉ា ដែលជាកូនប្រុសរបស់លោក ហ៊ុយ សាន់ បានឲ្យដឹងថា ឪពុករបស់លោកបានទទួលមរណភាពកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃច័ន្ទ ទី២៦ តុលា ២០១៥ ក្នុងជន្មាយុ៧៧ឆ្នាំ។
លោកបន្តថា ពិធីបញ្ចុះសពឪពុករបស់លោកប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី២៩ តុលា ២០១៥ វេលាម៉ោង៩ព្រឹក នៅ DOLAN FUNERAL HOME, INC សហរដ្ឋអាមេរិក។
បើតាមឲ្យដឹងពីលោក ចាន់ណាវ៉ា លោក ហ៊ុយ សាន់ កើតនៅថ្ងៃទី១១ ធ្នូ ១៩៣៨ ។ លោកបញ្ជាក់ថា កាលពីជំនាន់សង្គមរាស្ត្រនិយមមកដល់សម័យយើងសព្វថ្ងៃនេះឪពុករបស់លោកជាគ្រូក្បាច់គុនដំបងខ្មែរ បុរាណ ជាកីឡាករជើងឯកទទួលពានរង្វាន់អូឡាំពិច ជាតារាភាពយន្ត និងជាអ្នកផលិតខ្សែភាពយន្ដផងដែរ៕




ចែករំលែកព័តមាននេះ