តារាម៉ូដែលវ័យ២០ឆ្នាំ នាងសាម៉េនថា ម៉កខ្លុង បានគ្រងមកុដបវរកញ្ញាចក្កវាឡនូវែលសេឡង់២០១៥ ក្រោយពីឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាលដែលមានបេក្ខនារីច្រើនជាង២០០នាក់ចូលរួម ។ ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រធ្វើឡើងនៅសាលមហោស្រព SkyCity កាលពីថ្ងៃទី២៤ តុលា ២០១៥ ប្រទេសនូវែលសេឡង់ ។
នាងហាណា ហ៊ែនដឺសុន ជាប់ចំណាត់ថ្នាក់លេខ២ និងចំណាត់ថ្នាក់លេខ៣ បានទៅលើនាង ហ្គាប្រ៊ីល ម៉ាណាឡូតូ ។ ការកាត់សេចក្តីធ្វើឡើងដោយគណៈកម្មការអន្តរជាតិ និងការបោះឆ្នោតពីទស្សនិកជន ហើយនៅដំណាក់កាលផ្តាច់ព្រ័ត្រនេះមានតែបេក្ខនារីចំនួន២០រូបប៉ុណ្ណោះ ។
តារាម៉ូដែលកម្ពស់១,៧៩ម៉ែត្រ នាងសាម៉េនថានិយាយថា «នាងខ្ញុំពិតជារំភើបចិត្តណាស់ពេលគ្រងមកុដតំណាងឱ្យជាតិរបស់ខ្លួនត្រៀមទៅប្រកួតលើឆាកអន្តរជាតិនេះ» ។
នាងសាម៉េនថានឹងចូលរួមប្រលងបវរកញ្ញាចក្កវាឡ២០១៥ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ៕




ចែករំលែកព័តមាននេះ