ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​និង​អ្នកសិល្បៈ​រិះគន់​ការ​វិភាគ​របស់​អ្នកនិពន្ធ​កែវ ច័ន្ទ​បូ​រណ៍ ប្រៀបធៀប​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត ជាមួយ​លោក​អ៊ា​ម វ​ន្នី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហាជន និង​អ្នកសិល្បៈ​មួយ​ចំនួន​បាន​រិះគន់​ខ្លាំង​ចំពោះ​អ្នកនិពន្ធ កែវ ច័ន្ទ​បូ​រណ៍ ដែល​ប្រៀបធៀប​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ដែល​គួរ​សិក្សា​ដើម្បី​ផ្តល់​ជា​មេរៀន​បណ្តុះបណ្តាល

រាជធានី​ភ្នំពេញ ៖ មហាជន និង​អ្នកសិល្បៈ​មួយ​ចំនួន​បាន​រិះគន់​ខ្លាំង​ចំពោះ​អ្នកនិពន្ធ កែវ ច័ន្ទ​បូ​រណ៍ ដែល​ប្រៀបធៀប​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ដែល​គួរ​សិក្សា​ដើម្បី​ផ្តល់​ជា​មេរៀន​បណ្តុះបណ្តាល​ដល់​សិល្បករ​ជំនាន់​ក្រោយ ដូច​ជា អ៊ា​ម វ​ន្នី បេក្ខជន​ទើប​ធ្លាក់​ពី​កម្មវិធី​ប្រឡង​ចម្រៀង Cambodia Idol ។

មហាជន ក៏​ដូច​ជា​អ្នកសិល្បៈ​ចាត់​ទុក​ការ​វិភាគ​របស់​អ្នកនិពន្ធ​កែវ ច័ន្ទ​បូរ​ណ៌ ថា​មិន​ត្រឹមត្រូវ ដែល​យក​អធិរាជ​សំឡេង​មាស​លោក​ស៊ី​ន ស៊ី​សា​មុត ប្រៀបធៀប​ជាមួយ​តារាចម្រៀង​ស្រករ​ក្រោយ​ដូច​ជា​លោក​អ៊ា​ម វ​ន្នី ខណៈ​ពេល​ការ​វិភាគ​របស់​អ្នកនិពន្ធ​រូប​នេះ​ទាញ​ទម្លាក់​គុណ​តម្លៃ​អធិរាជ​សំឡេង​មាន​លោក​ស៊ី​ន ស៊ី​សា​មុត ។

អ្នកនិពន្ធ​កែវ ច័ន្ទ​បូ​រណ៍ បាន​សរសេរ​ការ​វិភាគ​របស់​ខ្លួន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ដែល​យើង​គួរ​សិក្សា​ដើម្បី​ផ្តល់​ជា​មេរៀន​បណ្តុះបណ្តាល​ដល់​សិល្បករ​ជំនាន់​ក្រោយ ដូច​ជា អ៊ា​ម វ​ន្នី ឱ្យ​ក្លាយជា​អធិរាជ​តាម​បែប​ទេព​កោសល្យ​របស់​ខ្លួន​ដែល​ប្លែក​ពី​គេ ៖

១-​ចំណុចខ្លាំង​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ៖
សំឡេង​ស្រាល​ស្រទន់ ផ្អែម ចូល​ចិត្ត​ច្រៀង​បទ​ប្រលោម​មនោសញ្ចេតនា ច្រៀង​បាន​ច្រើន​រយ​បទ ប្លែក​ៗ តាំងពី​ភ្លេង​មហោរី ភ្លេង​ការ និង​ភ្លេងសម័យ ចេះ​ប្រគំ​តន្ត្រី និង​និពន្ធ​ចម្រៀង ដោយ​ខ្លួនឯង ចេញផ្សាយ​បាន​ចំនួន​៣​កាស្សែត នៅ​មុខ​ឆ្នាំ​១៩៧៥ ។ ក្នុង​មួយ​កាស្សែត​មាន​១៦​បទ ។ អាច​ច្រៀង​បទ​លាវ និង​ថៃ​បាន​យ៉ាង​ងាយ ជួនកាល​ច្រៀង​ពីរោះ​ជាង​ម្ចាស់​បទ​ដើម​ផង ។​មានការ​ព្យាយាម​មិន​លះបង់ មិន​បាក់កម្លាំង​ចិត្ត ងាយ​ៗ ពេល​គេ​បន្តុះបង្អាប់ ។

តម​មិន​បរិភោគ​ស្រា ឬ​ប្រហុក ទឹកត្រី​ឱ្យ​ខូច​សំឡេង​នៅ​មុន​ពេល​ឡើង​ច្រៀង និង​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​សង្គម​ខ្មែរ​ពី​ពលរដ្ឋ​គ្រប់​វ័យ ។

ដោយឡែក​ចំណុចខ្សោយ​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ៖
ចូល​ចិត្ត​ច្រៀង​បទ​ចម្លង​ពី​បរទេស ច្រើន​ជាង​បទ​និពន្ធ​ដោយ​ខ្លួនឯង បាន​ត្រូវ​ប្រទេស​គេ​ផាក​ច្រើន​ដង ដោយសារ​ការ​យក​បទ​គេ​មក​ច្រៀង ដោយ​ពុំ​មានការ​សុំ​អនុញ្ញាត ។
ភាគច្រើន​ចូល​ចិត្ត​ច្រៀង​បទ​ដែល​អ្នក​ដទៃ​និពន្ធ មាន​លោក​ម៉ា ឡៅ​ពី​, ពៅ ស៊ី​ផូ​, ហាស់​សាឡ​ន​, វ៉ោ​យ ហូរ​, គ​ង្គ ប៊ុ​ន​ឈឿ​ន ជាដើម ។
ទើបតែ​ចេញ​កាស្សែត​ចម្រៀង និពន្ធ​ដោយ​ខ្លួនឯង​បាន​បី នៅ​សម័យ​លន់ ន​ល់ ។ ប្រលង​ធ្លាក់​ច្រើន​ដង​នៅ​លើ​ផ្ទៃ​អន្តរជាតិ ។

នៅ​ឆ្នាំ​១៩៦៩ លោក​មាស តឹក បាន​ទទួល​ពានរង្វាន់​លេខ​១ នៅ​ឥណ្ឌា ដោយសារ​អាច​ច្រៀង Rock ស្រែក​បាន​ខ្ពស់​មិន​ដាច់​សំឡេង តែ​លោក​សា​មុត សំឡេង​ស្រាល មិន​បាន​ជាប់​លេខ ។ ចូល​ចិត្ត​ច្រៀង​បទ​មនោសញ្ចេតនា​ប្រលោម​ស្នេហ៍ ជា​ជាង​បទ​បង្ហាញ​នូវ​កំហឹង និង​ការ​ឈឺចាប់ ព្រោះ​សំឡេង​លោក​មិន​អាច​ស្រែក​ឱ្យ​ខ្ពស់​បាន​ដល់​សំឡេង សម្រាប់​ចង្វាក់ Hard Rock ។ ពុំ​មាន​អំនួត​ខ្ពស់​ចំពោះ​ខ្លួនឯង​។ មិន​ចូល​ចិត្ត​ច្រៀង​គោក ជា​ពិសេស​នៅ​ក្នុង​ជំនុំ​ចំណោម ។

ចំពោះ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​លោក​ស៊ី​ន ស៊ី​សា​មុត តើ​យើង​ជា​ពលរដ្ឋ​ទាំងឡាយ​អាច​មាន​មតិយោបល់​អ្វី គំនិត​អ្វី មធ្យោបាយ​អ្វីខ្លះ សម្រាប់​ជួយ​ជំរុញ និង
បណ្តុះបណ្តាល​សិល្បករ​ជំនាន់​ក្រោយ ឱ្យ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ទីផ្សារ ប្រកបដោយ​មោទនភាព និង​សេចក្តី​ថ្លៃថ្នូរ សម្រាប់​មុខមាត់​រុងរឿង​របស់​ប្រទេស​ខ្មែរ ?

តាម​រយៈ​ការ​វិភាគ​នោះ តារាចម្រៀង​អ្នក​នាង យុង ច័ន្ទ​កន្និកា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ដែល​យក​អធិរាជ​សំឡេង​មាស​លោក​ស៊ី​ន ស៊ី​សា​មុត មក​ប្រៀប​ជា​ធៀប​ជាមួយ​តារាចម្រៀង​ស្រករ​ក្រោយ និង​លើកយក​ហេតុផល​មិន​សម​ស្រប​បន្តុះបង្អាប់​កិត្តិយស និង​តម្លៃ​លោក​ស៊ី​ន ស៊ី​សា​មុត ដែល​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ។

តារាចម្រៀង​រូប​នេះ​សរសេរ​ថា «​ហេតុ​អ្វី​ក៏​និយាយ​អី​ុ​ចឹ​ង ? តើ​មាន​បំណង​អ្វី ? ក្នុង​នាម​ខ្ញុំ​ជា​អ្នកសិល្បៈ​មួយ​រូប ខ្ញុំ​មិន​យល់​ស្របតាម​អ្វី​ដែល​គាត់​និយាយ​ឡើយ ថ្វី​ដ្បិត​រូប​ខ្ញុំ​មិន​បាន​កើតមក​ទាន់សម័យ​នោះ​ក៏​ដោយ ក៏​នៅ​តែ​ជឿជាក់​លើ​សិល្បៈ​ជំនាន់​មុន​ថា​ពិតជា​ល្អ តាំងពី​កើតមក​ដល់​ពេល​នេះ ទើបតែ​ឃើញ​គាត់​មួយ​ដែល​និយាយ​អីុចឹ​ង !

ហេតុ​អី​យក​លោកតា​ស៊ី​ន ស៊ី​សា​មុត មក​ប្រៀបធៀប​នឹង​អ្នក​ជំនាន់​ក្រោយ​វិញ ។ តាម​ពិត​អ្នក​ជំនាន់​ក្រោយ​គ្នា​អត់​ដឹង​អី​សោះ ធ្វើ​នេះ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្នា​ទៅ​វិញ​ទេ​! បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យក​ជើង​មក​រាទឹក​អី កុំមក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ដែល​គ្នា​មិនដឹង​ច្បាស់​មក​ជឿ​តាម​អ្នក​អី ។

ខ្ញុំ​មិន​យល់​ពី​គាត់​សោះ បើ​គាត់​ចង់​ណែនាំ​លោក​អ៊ា​ម វ​ន្នី គឺ​មាន​វិធី​ច្រើន​ណាស់​ដែល​អាច​ផ្តល់​កម្លាំងចិត្ត​ដល់​គ្នា តែ​ចាំបាច់​អី​យក​លោកតា​ស៊ី​ន ស៊ី​សា​មុត ដែល​ជា​អធិរាជ​សំឡេង​មាស​ដែល​ខ្មែរ​ទូ​ទាំង​ពិភពលោក​គេ​ទទួលស្គាល់​គ្រប់​គ្នា​យក​មក​សរសេរ​បែប​ក្នុង​ន័យ​បង្អាប់​បន្ថោក​ឱ្យ​ធ្លាក់​តម្លៃ​សិល្បៈ​ជំនាន់​មុន​អស់ ។ ខ្ញុំ​ជា​អ្នកសិល្បៈ​ជំនាន់​ក្រោយ តែង​ខំ​រក​បទ​ចម្រៀង​ដែល​កប់​ជា​យូរណាស់​មក​ហើយ​ដែល​គេ​ពុំ​សូវ​ស្គាល់​យក​មក​ច្រៀង​ក្នុង​ន័យ​ចង់​ថែរក្សា​កុំឱ្យ​បាត់បង់ ប៉ុន្តែ​អ្នក​មីង​គាត់​បែរជា​មក​ពន្លិច​ទៅ​វិញ»។

ចំណែក​ម្ចាស់​ទំព័រ​ឈ្មោះ Suy Socheata បាន​ចូលរួម​បញ្ចេញមតិ​ថា «​ខ្ញុំ​មិន​បានដឹង​ថា អ្នកស្រី​បាន​ស្តាប់​បទ​ចម្រៀង​របស់​លោក​ស៊ី​ន ស៊ី​សា​មុត បាន​ច្រើន​បទ​ប៉ុនណា​ទេ ។ ខ្ញុំ​មិនមែន​ជា​អ្នកសិល្បៈ​មិន​បានដឹង​កម្រិត​សំឡេង​ទេ តែ​សូម​លោកស្រី​ពិចារណា​លើ​សំឡេង​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ម្តងទៀត​ដូច​ជា អាល់​ប៊ុ​ម​«​រាត្រី​នៅ​ហុងកុង​» ដែល​មាន​បទ​ដូច​ជា មេឃ​និង​ដី​, វិល​តាម​សន្យា​, ខ្ញុំ​រង់ចាំ​, សែន​ស្រឡាញ់​… ជាដើម ហើយ​លោកស្រី​ប្រៀបធៀប​ទៅ​មើល​តើ​សំឡេង​គាត់​ធ្ងន់ ឬ​ស្រាល ។

បើ​អ្នកស្រី​ថា សំឡេង​គាត់​ស្រទន់​ខ្ញុំ​គាំទ្រ តែ​ថា​សំឡេង​គាត់​ស្រាល​ខ្ញុំ​មិន​ថា​ខុស​ទេ តែ​តាម​គំនិត​ខ្ញុំ​ថា​មិនមែន​ទេ លោកស្រី​អាច​ស្តាប់​បទ «​ខ្ញុំ​រង់ចាំ​, វ័យ​ពេញក្រមុំ​, ចិត្ត​ផិតក្បត់​, ចាំ​រាល់​រាត្រី​, យប់មិញ​អូន​ញញឹម​» ជាដើម ទើប​ដឹង​ថា​សំឡេង​គាត់​ធ្ងន់​ប៉ុនណា ដោយ​ផ្ទៀង​នៅ​វគ្គ​ទម្លាក់​សំឡេង​ចុង​ក្រោយ​ផង ។

អ្នកចម្រៀង​គេ​មិន​ខ្លាច​ទេ​អ្នក​ដែល​ស្រែក​បាន​ខ្ពស់ តែ​គេ​ខ្លាច​បន្ធូរ​សំឡេង​ចុះ​មក​ក្រោម​ហើយ​នៅ​តែ​សំឡេង​រលក ហើយ​មិន​ដាច់​ដោយ​គ្រហឹម​នៅ​ជាប់ និង​ឮ​ខ្លាំង ។

ចំពោះ​ចំណុច​នេះ​ខ្ញុំ​បាន​ផ្ទៀង​រាល់​អ្នកចម្រៀង​នានា​មិន​ថា​បរទេស ឬ​ជនជាតិ​ខ្មែរ​យើង​ទេ មិន​ទាន់​មាន​នរណា​អាច​ធ្វើ​បាន​ដូច​លោក​ស៊ី​ន ស៊ី​សា​មុត ទេ ខ្ញុំ​ឃើញ​មាន​សំឡេង​លោក Elvis Presley ដែល​លោក​គ្រហឹម​បាន​ល្អ អ្នកស្រី​អាច​ស្តាប់​បទ «The Girl Of My Best Friend» របស់​លោក Elvis Presley ដើម្បី​ផ្ទៀង​សំឡេង​គាត់​បាន ។ មិនមែន​លោក​ស៊ី​ន ស៊ី​សា​មុត ស្រែក​មិន​បាន​ខ្ពស់​ទេ អ្នក​ទាំងអស់​គ្នា​អាច​ស្តាប់​បទ «​ទ្រព្យ​គាប់​ចិន្តា​» បទ «Sony Sony» បាន​ថា តើ​សំឡេង​គាត់​ខ្ពស់​ប៉ុនណា ។

តែ​ខ្ញុំ​ក៏​ទទួលស្គាល់​ដែរ ថា​មាន​អ្នក​ខ្ពស់​ជាង​សំឡេង​របស់​លោក ។ សំឡេង​ខ្ពស់​មិនមែន​បាន​ន័យ​ថា សំឡេង​ស្រែក​បាន​វែង ហើយ​ខ្លាំង​ទេ ។ បើ​ចង់​ដឹង​សំឡេង​ខ្ពស់​ប៉ុនណា អាច​ស្តាប់​សំឡេង​របស់​លោក​កែវ សា​រ៉ាត់ ទើប​ដឹង ។

ចំពោះ​រឿង​ចម្លង​អត្ថបទ​ចម្រៀង​ពី​គេ​ខ្ញុំ​ក៏​មិន​បាន​កើត​ទាន់​ដែរ ហើយ​ក៏​មិន​បាន​ស្រាវជ្រាវ​ឲ្យ​ច្រើន​ដែរ​លើ​ផ្នែក​នេះ ខ្ញុំ​គ្រាន់តែ​ធ្លាប់​បានឃើញ​ទូរទស្សន៍ និង​កម្មវិធី​មួយ​ចំនួន​បាន​បង្ហាញ​ថា ភាគច្រើន​សម័យ​នោះ​គេ​ចម្លង​ពី​យើង​ច្រើន​ជាង​យើង​ចម្លង​ពី​គេ ហើយ​បើ​យើង​ចម្លង​ពី​គេ​ក៏​ទិញ​កម្មសិទ្ធិ​ត្រឹមត្រូវ និង​សរសេរ​ដាក់​ច្បាស់​ថា ជា​ការ​ចម្លង​បទ​បរទេស​។ ចំពោះ​ពាក្យ​ដែល​លោកស្រី​បង្ហាញ​ថា ត្រូវ​គេ​ប្តឹង​រឿង​កម្មសិទ្ធិបញ្ញា​នោះ គឺ​មាន​មែន​ដែល​កម្មវិធី​ទូរទស្សន៍​មួយ​បាន​លើក​ឡើង តែ​គឺ​មិន​ទាន់​ទាំង​បាន​ថត​ជា​ចម្រៀង​ទេ​គ្រាន់តែ​ច្រៀង​សាកល្បង​ប៉ុណ្ណោះ ព្រោះ​ចូល​ចិត្ត ។ ចំពោះ​ចំណុច​នេះ​ខ្ញុំ​មិន​ទាន់​ឃើញ​មាន​ឯកសារ​ណា​និយាយ​ឲ្យ​ច្បាស់លាស់​ទេ តែ​ក៏​អាច​មក​ពី​ខ្ញុំ​បាន​អាន​ឯកសារ​តិច​ក៏​ថា​បាន ។

ទោះជា​យ៉ាងណា​ក្តី នរណា​ក៏​មាន​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត​ដែរ ទោះ​លោក​ស៊ី​ន ស៊ី​សា​មុត ឬ​អ្នកសិល្បៈ​ដទៃ​ទៀត​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ដែរ តែបើ​អ្នកសិល្បៈ​យើង​សព្វ​ថ្ងៃនេះ​អាច​មាន​សមត្ថភាព​ត្រឹម​អ្នកសិល្បៈ​ជំនាន់​ដើម​នោះ​គឺ​ប្រសើរ​ហើយ ។

សរុបសេចក្តី​ទៅ​ខ្ញុំ​និយាយ​នេះ​មិនមែន​ចង់បាន​អ្វី ឬ​ចង់​អួត​ពី​អ្វី​ដែល​ដឹង ឬ​ចង់​លើកតម្កើង​តែ​អ្នក​បុរាណ​អ្វី​ទេ គ្រាន់តែ​ចង់​បង្ហាញ​នូវ​គំនិត​ផ្ទាល់ខ្លួន​ពេល​ដែល​ឃើញ​គេ Share នូវ​អ្វី​ដែល​លោកស្រី​បាន post នេះ​តែ​ប៉ុណ្ណោះ​។ យើង​គួរ​ថែរក្សា​នូវ​អ្វី​ដែល​យើង​ធ្លាប់​ល្អ និង​កុំ​ព្យាយាម​លុប​បំបាត់​វប្បធម៌ ឬ​ធនធាន​ដែល​យើង​មាន ក៏​ព្រោះតែ​ដោយសារ​ចង់​បង្កើត ឬ​បណ្តុះបណ្តាល​ធនធាន​ថ្មី ។ អ្វី​ដែល​ល្អ​ហើយ​គេ​ទទួលស្គាល់​គួរ​ជួយ​ថែរក្សា និង​លើកតម្កើង​អ្វី​ដែល​ថ្មី​ក៏​បណ្តុះបណ្តាល ។ បើ​ខ្មែរ​មិន​លើក​ស្ទួយ​ខ្លួនឯង​ទេ នោះ​បរទេស​នឹង​មើលងាយ​» ។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកនិពន្ធ កែវ ច័ន្ទ​បូ​រណ៍ អះអាង​ថា មាន​មួយ​ចំនួន​សរសេរ​សួរ​អ្នកស្រី​ថា ៖ «​តើ​យើង​ឱ្យ​រហស្សនាម អ៊ា​ម វ​ន្នី ថា ជា​អធិរាជ​សិល្បៈ​ខ្មែរ ត្រូវ​ឬ​ខុស​» ?

ត្រង់​ចំណុច​នេះ​អ្នកស្រី​ច័ន្ទ​បូ​រណ៍​បញ្ជាក់​ថា សិល្បៈ​តន្ត្រី ចម្រៀង និង​និពន្ធ​ទំនុកច្រៀង​ជា​ផ្នែក​មួយ​នៃ​សិល្បៈ​ខ្មែរ តែ​មិនមែន​ជា​តំណាង​សិល្បៈ​គ្រប់​ផ្នែក ដូច្នេះ​ពលរដ្ឋ​ទូទៅ​អាច​ហៅ អ៊ា​ម វ​ន្នី បាន​ថា ជា​អធិរាជ «​មួយ​រូប​» នៃ​សិល្បៈ​តន្ត្រី និង​ចម្រៀង​សម័យ​២០១៥ តែ​ពុំ​អាច​ហៅ​លោក​ថា ជា​អធិរាជ​នៃ​សិល្បៈ​ខ្មែរ​ទាំងមូល​បាន​ឡើយ ។

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ហេតុ​ដែល​អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ ហាក់ដូចជា​លើកតម្កើង​អា​៊​ម វ​ន្នី ដែល​ជ្រុះ​ចេញពី​កម្មវិធី​ខេ​ម​បូ​ឌា​ន អាយ​ដល ព្រោះតែ​សំឡេង​គាំទ្រ​តិច​ជាង​បេក្ខជន​ដទៃ​នោះ ដោយសារ​តែ​ជា​រឿង «​សាច់ឈាម​» គឺ​អ្នកស្រី​មានស្រុក​កំណើត​នៅ​បាត់ដំបង​ដូច​អ៊ាម វ​ន្នី ដែរ ៕