ខេត្តសៀមរាប ៖ កាលពីវេលាព្រឹកថ្ងៃទី២៨ តុលា ២០១៥ នេះ ជំនួយការតំណាងលោកស្រី Angelina Jollie ដែលជាតារាហូលីវូត បានចូលជួបសម្តែងការគួសម ជាមួយលោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីសុំការអនុញ្ញាតទីតាំងក្នុងការថតខ្សែរភាពយន្តថ្មីខ្នាតធំនៅកម្ពុជា ដែលមានចំណងជើងថា «ដំបូងគេសម្លាប់ឪពុកខ្ញុំ» First they killed my father ដែលផលិត និងដឹកនាំដោយតារាសម្តែងខ្មែរ-អាមេរិកកាំង គឺអ្នកស្រី Angelina Jollie ។
ចំពោះគម្រោងនៃការថតខ្សែភាពយន្តនេះ ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី១៧ កញ្ញា ២០១៥ រួមនិងមន្ត្រីតំណាងស្ថាប័នរដ្ឋាភិបាលផ្សេងៗទៀតដែលពាក់ព័ន្ធ ។
អ្វីដែលជាការកត់សម្គាល់នាពេលបច្ចុប្បន្ននេះ គឺមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ក្រុមការងារកំពុងចាប់ផ្តើមរៀបចំទីតាំងថត និងរើសតួសម្តែង ដោយមានការទំនាក់ទំនងជាមួយអង្គភាពអាជ្ញាធរអប្សរា ដែលគ្រប់គ្រងដោយស្ថាប័ននេះ រួមជាមួយអាជ្ញាធរដែនដីខេត្តសៀមរាប ។
ជាការឆ្លើយតបទៅនឹងដំណើការថតខ្សែភាពយន្តនៅលើទឹកដីខេត្តសៀមរាប ដែលផលិតនិងដឹកនាំដោយតារាសម្តែងសញ្ជាតិខ្មែរ-អាមេរិកកាំង គឺអ្នកស្រី Angelina Jollie នៅលើទឹកដីខេត្តសៀមរាប គឺលោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្តែងស្វាគមន៍ចំពោះកិច្ចការទាំងនេះ ដោយក្នុងនោះលោកឃឹម ប៊ុនសុង បានសំណូមពរឱ្យអ្នកដឹកនាំរៀបចំគម្រោងប្លង់ ដែលត្រូវថតដាក់ជូនអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជាមុន ដើម្បីងាយស្រួលក្នុងការរៀបចំសណ្តាប់ធ្នាប់ និងបិទប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានជ្រាបជាមុន ចៀសវាងមានការភ្ញាក់ផ្អើល ឬភាន់ច្រឡំក្នុងប្រការណាមួយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ