រាជធានីភ្នំពេញ ៖ ឪពុកបង្កើតរបស់កញ្ញា បេប៊ី ក្រោយពេលឡើងឈាមដួលដាច់សរសៃឈាមក្នុងខួរក្បាលនៅយប់ថ្ងៃទី២៥ តុលា ២០១៥ និងបានទទួលមរណភាពកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ តុលា នៅគេហដ្ឋានរបស់គ្រួសារនាង ស្ថិតនៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
ថ្លែងប្រាប់អ្នកយកព័ត៌មានទាំងក្តីក្តុលក្តួល តារាសម្តែង និងជាពិធីការិនី កញ្ញា បេប៊ី ដែលមានឈ្មោះដើម ជុំ រចនាពេជ្រ បានរៀបរាប់ពីអាការជំងឺលោកឪពុកបង្កើតដែលភ្លាត់ស្នៀតដួលរហូតដាច់សរសៃឈាមថា ឪពុកនាង ឈ្មោះ ជុំ ឯម វ័យ៦០ឆ្នាំ មានកូនបង្កើត៤នាក់(ប្រុស៣នាក់) នាងជាកូនពៅ ចំណែកម្តាយ ឈ្មោះ អ៊ិន ប៉ុណ្ណារី ។ ឪពុករបស់នាងបានឡើងឈាមដល់ជាង២០ ហើយក៍ដួលនៅក្នុងផ្ទះបាត់មាត់បាត់ក កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ តុលា ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតទាំងយប់តែម្តង ។ ពេលទៅដល់មន្ទីរពេទ្យសង្ឃឹមតិចណាស់ដោយសារគាត់ដាច់សរសៃឈាមក្នុងខួរក្បាលហើយឈាមហូរបុកចូល ប៉ុន្តែក្រុមគ្រួសារនៅតែតាមដានហើយម្នាក់ៗព្យាយាមយកគាត់ទៅសង្គ្រោះឲ្យអស់លទ្ឋភាព ។
តារាកំពុងជួបរឿងមិននឹកស្មានរូបនេះ បានបន្តថា ព្រឹកថ្ងៃទី២៦ តុលា នាងបានយកលោកឪពុកចេញពីមន្ទីរពេទ្យកាល់ម៉ែតបញ្ជូនទៅកាន់ម្ទីរពេទ្យប្រទេសវៀតណាមធ្វើយ៉ាងណាមើលគាត់ឲ្យអស់ពីលទ្ឋភាព ។ នាងបន្ថែមថា រាល់ថ្ងៃលោកប៉ានាងតែងតែហាត់ប្រាណ ព្រោះគាត់មានទម្ងន់ជិត៩០គីឡូក្រាម ហើយមានជំងឺប្រចាំកាយ ដែលកូនៗដឹង គឺឈឺសន្លាក់ដៃជើង ។
នាងបានបន្តថា នៅទីបំផុត ប៉ារបស់នាងពេលទៅដល់មន្ទីរពេទ្យវៀតណាម គ្រូពេទ្យយកឯកសារពិនិត្យមើលហើយគ្រវីក្បាល ប្រាប់ថា គ្មានលទ្ឋភាពព្យាបាលទេ ព្រោះជំងឺគាត់ធ្ងន់ពេក សង្ឃឹមតែ៣%ប៉ុណ្ណោះ មានតែដឹកគាត់ត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំកូនចៅនៃនាទីចុងក្រោយ ដែលនេះជារឿងអកុសលមួយក្នុងជីវិតនាង ។
ក្រោយកមកដល់ផ្ទះបានតែមួយប៉ប្រិចភ្នែក លោកឪពុកបានផុតដង្ហើមវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ តុលា នេះ នៅគេហដ្ឋានរបស់ក្រុមគ្រួសារនាង ។ នាងមានការសោកស្តាយយ៉ាងខ្លាំងក្នុងការបាត់បង់លោកឪពុក ព្រោះឪពុកជាអ្នកគ្រប់គ្រងក្រុមគ្រួសារ និងតែងតែប្រដៅអប់រំផ្តល់យោបល់ល្អៗដល់កូនគ្រប់រូប បន្ទាប់ពីឱ្យកំណើតដល់កូន ឱ្យកូនរៀនសូត្របានខ្ពង់ខ្ពស់ គាត់តែងតែក្រើនរំឭកឱ្យកូនៗធ្វើជាមនុស្សល្អជានិច្ចរស់នៅក្នុងសង្គម ។
សពលោកឪពុករបស់កញ្ញា បេប៊ី ត្រូវបានរៀបចំតម្កល់ទុករហូតដល់ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥ រួចយកទៅបញ្ចុះនៅវត្តកំបូល នៅក្បែរផ្នូលឪពុកបង្កើត ដែលត្រូវជាជីតារបស់នាងតែម្តង ។
ស្របពេលជាមួយគ្នានេះដែរ កញ្ញា បេប៊ី បានបង្ខំចិត្តមិនទទួលការងារសិល្បៈទៀតទេ គឺសម្រេចចិត្តដកឃ្លាមួយអន្លើសិន ដើម្បីចាត់ចែងកម្មវិធីបុណ្យលោកឪពុក នាងនឹងងាកមកសិល្បៈវិញក្រោយរួចរាល់ ។ ក្រោយពីឪពុកលាចាកលោកទៅ នាងនៅសល់តែម្តាយម្នាក់ប៉ុណ្ណោះ គឺធ្វើយ៉ាងណាខិតខំមើលថែរគាត់ឲ្យបានល្អ ៕





ចែករំលែកព័តមាននេះ