រាជធានីភ្នំពេញ ៖ ដោយចង់បង្កើនគុណភាពខ្សែភាពយន្តខ្មែរឱ្យមហាជនទទួលស្គាល់ចាងហ្វាងផលិតកម្ម «ចក្កវាឡពេជ្រភាពយន្ត» បានដឹកនាំតារាសម្តែងមួយចំនួនហាត់ក្បាច់គុនជាមួយគ្រូ ជំនាញៗមុនពេលឱ្យពួកគេសម្តែង។ តារាទាំងនោះហ្វឹកហាត់យ៉ាងទៀងទាត់រាល់ចុងសប្តាហ៍ មុននឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «វិស្សមកាលមរណៈ» ដែលជាវណ្ណកម្ម ថ្មីរបស់ផលិតកម្ម«ចក្កវាឡពេជ្រភាពយន្ត» ។ ខ្សែភាពយន្តបែបវាយតប់រឿង «វិស្សមកាលមរណៈ» ដែលមានការចូលរួមពីតារាប្រុសស្រី ល្បីឈ្មោះជាច្រើនដួងនោះ នឹងចាប់ផ្តើមផលិតនៅចុងខែវិច្ឆិកា ២០១៥ ។ មានតារាសម្តែងជាង២០នាក់ បានហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរសម្រាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តនោះ ។
អគ្គនាយិកាផលិតកម្មចក្កវាឡពេជ្រភាពយន្ត អ្នកស្រីថុង ស៊ីវទៀង ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា វាគឺជាលើកទីមួយដែលផលិតកម្មដាក់គម្រោងធំជាមួយនឹងការផលិតខ្សែភាពយន្តខ្នាតធំ ។ ទាំងការចំណាយលើសម្ភារបច្ចេកទេសទំនើបជាងមុន ពិសេសមានការចូលរួមសម្តែងពីតារាប្រុសស្រីល្បីឈ្មោះជាច្រើន ។ ដើម្បីធ្វើឱ្យខ្សែភាពយន្តនេះកាន់តែទទួលបានការចាប់អារម្មណ៍ អ្នកស្រីថុង ស៊ីវទៀង បានជួលអ្នកជំនាញផ្នែកក្បាច់គុនបុរាណខ្មែរឱ្យបង្ហាត់បង្រៀនក្បាច់មូលដ្ឋានមួយចំនួនដល់សិល្បករ។ ការហ្វឹកហាត់នេះនឹងជួយឲ្យសិល្បករទាំងអស់អាចសម្តែងបានល្អក្នុងឈុតឆាកវាយតប់ ការហ្វឹកហាត់មានរយៈពេលជាងមួយខែមុនពេលចេញថតជាផ្លូវការនៅពេលដ៏ខ្លីខាងមុខ ។ មានឈុតឆាកជាច្រើនត្រូវវាយតប់គ្នា ពិសេសនៅលើនាវាធំមួយដែលផលិតកម្មបានត្រៀមរួចជាស្រេច ។ តារាសម្តែងប្រុសស្រីល្បីឈ្មោះដែលចូលរួមហ្វឹកហាត់ជាមួយគ្រូបង្វឹកក្បាច់គុនបុរាណខ្មែរ មានកញ្ញានី មុនីនាថ, អ្នកនាង ឆៃលី ដាឡែន, លោកថៃ ប៊ុននាង និងលោកអេឡិច ជាដើម ។
តារាសម្តែងប្រុសថៃ ប៊ុននាង បញ្ជាក់ថា ជាច្រើនសប្តាហ៍មកហើយដែលលោក និងសិល្បករជាច្រើននាក់ចូលរួមហ្វឹកហាត់ជាមួយគ្រូបង្វឹកដោយក្នុងមួយសប្តាហ៍ហ្វឹកហាត់ចំនួន២ថ្ងៃ ។ ក្រៅពីថ្ងៃហ្វឹកហាត់ជាមួយគ្រូជំនាញ សិល្បករហ្វឹកហាត់ដោយខ្លួនឯងទៀតចៀសវាងការភ្លេច ឬការឈឺសាច់ដុំ ប្រសិនបើខកខានយូរថ្ងៃនោះ ។ ក្បាច់វាយតប់ប្លែកក្នុងខ្សែភាពយន្តរឿង «វិស្សមកាលមរណៈ» នឹងកាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ ហើយលោករំពឹងថាសិល្បករនឹងធ្វើបានល្អនៅពេលសម្តែង ។
អ្នកនាងឆៃលី ដាឡែន ខណៈកំពុងហ្វឹកហាត់ជាមួយគ្រូបង្វឹកបានឆ្លៀតបញ្ជាក់ថា នេះជាលើកទីមួយដែលនាងហ្វឹកហាត់ក្បាច់មូលដ្ឋាននៃក្បាច់គុនបុរាណខ្មែរ ។ មានការលំបាកខ្លះសម្រាប់ការហ្វឹកហាត់ ប៉ុន្តែវាធ្វើឲ្យនាងដឹងច្រើនអំពីក្បាច់គុន ការលើកជើងទាត់ ធាក់ ការវាយ ហើយមានវិធីសាស្ត្រក្នុងការគេច ឬផ្តួលខ្លួនជាដើម ។ ក្បាច់មូលដ្ឋានអាចធ្វើឲ្យការសម្តែងរបស់ដាឡែន និងសិល្បករដទៃទៀតកាន់តែប្រសើរជាងមុន ។
គ្រូបង្វឹកពីសហព័ន្ធយុទ្ធក្រមក្បាច់គុនបុរាណខ្មែរមហានគរ លោកតាន់ ច័ន្ទកក្កដា បញ្ជាក់ថាមានក្បាច់ចំហ និងក្បាច់មូលដ្ឋានមួយចំនួនសម្រាប់បង្រៀនសិល្បករ ។ ក្បាច់ភាគច្រើនគឺសម្រាប់ការសម្តែង ធ្វើយ៉ាងណាកុំឲ្យមានរបួសនៅពេលសម្តែង ។ លោកកក្កដាបញ្ជាក់ថា «វាគឺជារឿងល្អដែលសិល្បករគួរតែចេះពីក្បាច់គុនបុរាណខ្មែរព្រោះមិនមែនដើម្បីតែការសម្តែងទេ ប៉ុន្តែដើម្បីសុខភាព ភាពរហ័សរហួន និងជាមូលដ្ឋានសម្រាប់ពួកគាត់អំពីការលោត ហក់ ការផ្តួលខ្លួនជាដើម» ។
ទោះបីជាក្រោយហ្វឹកហាត់ចប់ក្តីលោកតាន់ ច័ន្ទកក្កដា នៅតែបន្តតាមដាននៅពេលថតផ្ទាល់ ចៀសវាងកំហុសឆ្គងណាមួយ ។ ក្រោយការហ្វឹកហាត់នេះសង្ឃឹមសិល្បករទាំងអស់នឹងធ្វើបានល្អនៅពេលដែលពួកគេសម្តែង ៕





ចែករំលែកព័តមាននេះ