ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជ្រុះ​ចេញ​សុវត្ថិ​ឌី ធា​រិ​កា ធ្វើ​ឱ្យ​គណៈកម្មការ​អួលអាក់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី​រាជធានី​ភ្នំពេញ កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា ខកខាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក «​ខេ​ម​បូ​ឌា​ន អាយ​ដល​» កាលពី​រាត្រី​ថ្ងៃអាទិត្យ​ទី​២៥ តុលា ឆ្នាំ​២០១៥ ។ ការ​ចាកចេញ​របស់​សុវត្ថិ​ឌី ធា​រិ​កា ទាំង​ភាព​តានតឹង និង​សោកស្តាយ​ពន់ប្រមាណ​ក្នុង​អារម្មណ៍​ទស្សនិកជន សូ​ម្បី​តែ​គណៈកម្មការ​ខ្លះ​បង្ហាញ​ពី​ក្តី​អាឡោះអាល័យ និង​អួល​ដើម​ក ព្រោះតែ​នាង​ជា​ក្មេង​ស្រី​ពូកែ និង​តស៊ូ​បំផុត​ទម្រាំ​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។

បេ​ក្ខ​នារី​សុវត្ថិ​ឌី ធា​រិ​កា បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ទទួលស្គាល់​ពី​ទេព​កោសល្យ​របស់​នាង​ក្រោយ​ពី​នាង​ក្រមុំ​វ័យ​១៧​ឆ្នាំ​រូប​នេះ​ច្រៀង​បទ «​សង្សារ​២៥០០» របស់​កញ្ញា​ឱ​ក សុ​គ​ន្ឋ​កញ្ញា ដោយ​ស្រែកច្រៀង​បាន​ល្អ​កក្រើក​ឆាក​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល សូ​ម្បី​តែ​នៅ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក៏​បង្ហាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ថា «​នាង​ពិតជា​មិនធម្មតា​ឡើយ​» ។ ចាប់តាំងពី​ពេល​នោះ​មក​សុវត្ថិ​ឌី ធា​រិ​កា ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​ជា​បន្តបន្ទាប់ និង​បាន​ក្លាយជា​បេ​ក្ខ​នារី​ឆ្នើម​ក្នុង​ក្រសែភ្នែក​ទស្សនិកជន ។ ធា​រិ​កា តែងតែ​មិន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខកចិត្ត​ឡើយ​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ ដោយ​នាង​ឆក់​បាន​ប្រជាប្រិយភាព​ជាប់​រហូត ។ ពី​ដំបូង​គ្មាន​អ្នក​ណា​ស្មាន​ដល់​ឡើយ​ថា កញ្ញា​តូច​ច្រឡឹង​ធា​រិ​កា ហក់​ឡើង​ដល់​ដំណាក់កាល​នេះ​ទេ ព្រោះ​បើ​ក្រឡេក​មើល​បេក្ខជន​ជា​ច្រើន​ទៀត ចូលរួម​ប្រឡង​នោះ ម្នាក់​ៗ​មាន​សំឡេង​ល្អ ។ ទោះជា​យ៉ាងណា​ក្តី ធា​រិ​កា​អាច​ទម្លាក់​បេក្ខជន​ដទៃ​ទៀត​យកឈ្នះ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ក្រោម​ទឹកដម​សំឡេង​ពីរោះ បូក​ទាំង​ភាព​ឆ្លាត​វៃ តែងតែ​ស្តាប់​តាម​បង្គាប់ គ្រូ​ៗ​រហូត​ឈ្នះ​លើ​វិញ្ញាសា​ដាក់​ប្រកួត​ជាប់​ជា​ហូរហែ ។

ពន្លក​អ្នកសិល្បៈ​ដែល​តែងតែ​សាង​ភាព​ភ្ញាក់ផ្អើល​ដល់​គណៈកម្មការ ក៏​ដូច​ជា​ទស្សនិកជន​សុវត្ថិ​ឌី ធា​រិ​កា បាន​ជ្រុះ​ចេញពី​ការ​ប្រកួត​ហើយ​ក្នុង​ពេល​ដែល​នាង​ជិត​តោង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​សល់​តែ​មួយ​អាទិត្យ​ទៀត​ប៉ុណ្ណោះ ។ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សំឡេង​បោះ​ឆ្នោត​គាំទ្រ​ពី​មហាជន ធា​រិ​កា​ទទួល​បាន​តិច​ជាងគេ ក្នុង​ចំណោម​បេក្ខជន​-​បេ​ក្ខ​នារី​ចំនួន​៤​នាក់ ។ ខណៈ​ប្រកាស​លទ្ធផល​នោះ ទស្សនិកជន​ក៏​ដូច​ជា​គណៈកម្មការ​ដែរ ម្នាក់​ៗ​បុក​ពោះ​ស្ទើរតែ​អស់​ព្រលឹង​ពី​ខ្លួន ពេល​ស្តាប់​ជាក់ច្បាស់​ថា ធា​រិ​កា​អស់សិទ្ធិ​ឡើង​ទៅ​ប្រកួត​វគ្គ​ចុង​ក្រោយ​ដែល​មាន​ពានរង្វាន់ និង​ទឹកប្រាក់​ច្រើន​កំពុង​តែ​រង់ចាំ​ម្ចាស់​ជ័យ​លា​ភី ។

ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ​មាន​បេក្ខជន​៤​នាក់​ប្រកួតប្រជែង​គ្នា មាន​សុវត្ថិ​ឌី ធា​រិ​កា ពី​ភ្នំពេញ លោក​នី រតនា ពី​កំពង់ធំ លោក​ម៉ៅ ហា​ជី ពី​បាត់ដំបង និង​លោក​សៅ ឧត្តម ពី​ស្វាយ​រៀង ។ វិញ្ញាសា​ប្រកួត​មាន​ពីរ​ជុំ គឺ​ជុំ​ទី​១​ច្រៀង​ម្នាក់​២​បទ ។ ជុំ​ទី​២​ច្រៀង​រួម​គ្នា​ជាមួយ​គណៈកម្មការ ។ ការ​សម្តែង​វគ្គ​ទី​២ គឺ​ធា​រិ​កា​សម្តែង​ជាមួយ​លោក​ព្រាប សុវត្ថិ​, លោក​ម៉ៅ ហា​ជី ជាមួយ​កញ្ញា​ឱ​ក សុ​គ​ន្ឋ​កញ្ញា​, លោក​នី រតនា សម្តែង​ជាមួយ​លោក​ឆ​ន សុវណ្ណ​រាជ និង​លោក​សៅ ឧត្តម ជាមួយ​លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋិ ។
ក្រោយ​ប្រកាស​លទ្ធផល​ឲ្យ​កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា អស់សិទ្ធិ​ឡើង​ទៅ​វគ្គ​ចុង​ក្រោយ​នោះ គណៈកម្មការ​ដាក់​ពិន្ទុ កញ្ញា​ឱ​ក សុ​គ​ន្ឋ​កញ្ញា និង​លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋិ ហាក់​មាន​អារម្មណ៍​ក្តុល​ក្តួល​រហូត​រលីង​រលោក​ទឹកភ្នែក និង​អួល​ដើម​ក ។ នេះ​បញ្ជាក់​ថា គុណភាព​នៃ​ការ​ខិតខំ​របស់​សុវត្ថិ​ឌី ធា​រិ​កា ពិតជា​បន្សល់​នូវ​ការ​សោកស្តាយ ។

ក្រោយ​ពេល​ប្រកាស​លទ្ធផល​រួច កញ្ញា​ឱ​ក សុ​គ​ន្ឋ​កញ្ញា ដែល​តែងតែ​សរសើរ​ពី​ទេព​កោសល្យ​របស់​កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា បាន​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា «​ការ​ចាក​ចេញ​របស់​សុវត្ថិ​ឌី ធា​រិ​កា​ពិតជា​បង្ក​ឲ្យ​នាង​ខ្ញុំ​មាន​អារម្មណ៍​តានតឹង​ណាស់ ក្តុកក្តួល​ណាស់ ព្រោះ​ជា​ក្មេង​ស្រី​ឆ្លាត តស៊ូ រហូត​អាច​ធ្វើ​ឲ្យ​ទស្សនិកជន​ទទួលស្គាល់ ។

ធា​រិ​កា ត្រូវ​ខិតខំ​តស៊ូ​ជាមួយ​សិល្បៈ​ដែល​ខ្លួន​ស្រឡាញ់ ដោយសារ​តែ​ពេល​នេះ​ធា​រិ​កា គឺជា​បេ​ក្ខ​នារី​ម្នាក់​ដែល​មាន​សមត្ថភាព ហើយ​មហាជន​ជា​ច្រើន​ពិតជា​ដឹង​យ៉ាង​ច្បាស់​ថា នាង​គឺជា​ពន្លក​សិល្បៈ​មួយ​ដែល​ល្អ​គួរ​ឲ្យ​ចាប់អារម្មណ៍​» ។

ដោយឡែក​សុវត្ថិ​ឌី ធា​រិ​កា ដែល​តែងតែ​ទទួល​បាន​លទ្ធផល​ល្អ​គ្រប់​ទម្រង់​វិញ្ញាសា​ចម្រៀង ហើយ​សម្រេច​គោលដៅ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត បាន​សម្តែង​ការ​សោកស្តាយ ដោយ​និយាយ​ថា «​ពេល​នេះ​នាង​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ សូម​អភ័យទោស​ចំពោះ​លោកយាយ អ្នក​ម៉ាក់ និង​ក្រុម​គ្រួសារ ។​ទោះបីជា​យ៉ាងណា​ក្តី នេះ​ជា​មោទនភាព​មួយ​ដែល​នាង​ខ្ញុំ និង​ក្រុម​គ្រួ​សារបាន​ចូល​ដល់​ដំណាក់កាល​នេះ ។ នាង​ខ្ញុំ​ធ្លាប់​ចូលរួម​ប្រឡង​ច្រើន​មក​ហើយ​តែងតែ​បរាជ័យ ប៉ុន្តែ​បរាជ័យ​លើក​នេះ​ដូច​ជា​ទទួល​ជោគជ័យ​វិញ​ទេ ព្រោះ​លំបាក​ណាស់ ហើយ​នាង​ខ្ញុំ​អាច​ឈ្នះ​បន្ត​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​បាន ។ នាង​ខ្ញុំ​សូម​អរគុណ​ចំពោះ​អ្នក​ដែល​អាណិត​ស្រឡាញ់​នាង​ខ្ញុំ គាំទ្រ​នាង​ខ្ញុំ មាន​ទាំង​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​ជាដើម​ពិតជា​រំភើប ។

ក្រៅពី​នេះ​អរគុណ​ដល់​គណៈកម្មការ​ទាំង​៤​រូប​បាន​ផ្តល់​បទ​ពិសោធន៍ ល្អ​ៗ ។ អរគុណ​ដល់​ក្រុមការងារ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ពិធីករ​-​ពិធី​ការិនី ដែល​បាន​ជួយ​លើកទឹកចិត្ត​រហូត​មក​។ នាង​ខ្ញុំ​សូម​សន្យា​ថា នឹង​ពុះពារ​តស៊ូ​តទៅ​ទៀត​ដ្បិត​មាន​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ​» ៕