ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​នានា​ក្រោយ​ការ​ជ្រុះ​ចេញ​របស់​បេក្ខជន​អ៊ា​ម វ​ន្នី ពី​កម្មវិធី Cambodian Idol

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖  ការ​ធ្លាក់​ពី​កម្មវិធី​ប្រកួត​ចម្រៀង​ខេ​ម​បូ​ឌា​ន អាយ​ដល របស់​បេក្ខជន​អ៊ា​ម វ​ន្នី ដែល​អាច​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ព្រមទាំង​មាន​ទឹកដម​សំឡេង​ពីរោះ​បែប​មនោសញ្ចេតនា​នោះ បាន​ក្លាយជា​រឿងរ៉ាវ​មួយ​ដែល​មហាជន​ចាប់អារម្មណ៍ ។ តាម​ការ​កត់​សម្គាល់ការ​ចាកចេញ​របស់​បេក្ខជន​រូប​នោះ​ហាក់​ធ្វើ​ឲ្យ​មិន​អស់ចិត្ត​ពី​ទស្សនិកជន​មួយ​ចំនួន ប៉ុន្តែ​នេះ​ជាល​ទ្ឋ​ផល​កើត​ចេញពី​មហាជន​បោះ​ឆ្នោត ។ ចំពោះ​គណៈកម្មការ​មិន​អាច​កំណត់​ជោគវាសនា​បេក្ខជន​បាន​ទេ ។

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ខេ​ម​បូ​ឌា​ន អាយ​ដល ត្រូវ​មហាជន​ជក់ចិត្ត​មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ​ថ្នាក់ដឹកនាំ​កំពូល​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​តាមដាន និង​កោតសរសើរ​ការ​រៀបចំ​ផង​ដែរ ។ ម្ល៉ោះហើយ​បេក្ខជន​បេ​ក្ខ​នារី ខ្លាំង​ៗ​នៅ​សល់​ប្រមាណ​៤​ទៅ​៥​រូប ត្រូវ​អ្នក​ទស្សនា​ពិបាក​ក្នុង​ការ​ជ្រើសរើស​ឲ្យ​មួយ​ណា​ចាកចេញ ដូច្នេះ​ហើយ​អ្នកខ្លះ​ចង់​ឲ្យ​ជាប់​ទាំងអស់ ។ ចំពោះ​អ៊ា​ម វ​ន្នី គឺជា​បេក្ខជន​ម្នាក់​ត្រូវ​មហាជន​កត់ចំណាំ​ច្រើន​មិន​ចាញ់​អ្នក​ប្រឡង ផ្សេង​ៗ​ទៀត​ដោយសារ​តែ​មាន​សំឡេង​ពីរោះ និង​អាច​និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​បាន​ដោយ​ខ្លួនឯង ។ ការ​ប្រកួត​នេះ​ផ្តោត​លើ​ការ​បោះ​ឆ្នោត​ពី​ទស្សនិកជន រាប់​ពាន់​រាប់​ម៉ឺន​នាក់ ដែល​យល់​ថា អ្នក​ណា​សម​ទៅ​វគ្គ​បន្ត​ទៀត ។ លុះដល់​វេន​អ៊ា​ម វ​ន្នី ចាកចេញ​ក៏​មានការ​និយាយ ផ្សេង​ៗ​ពី​កម្មវិធី​ដ៏​ល្បី​នេះ ។

ជា​ការ​មើលឃើញ​ក្នុង​វគ្គ​ដែល អាម វ​ន្នី ដើរ​ចេញ​អស់សិទ្ធិ​នោះ ហាក់​ធ្វើ​មិន​បាន​ល្អ​ដោយ​អ្នក​មើល​ខ្លះ​ថា​ដូច​ជា​នៅ​ខ្វះចន្លោះ ។ ខ្លះ​ទៀត​ហាក់​បុក​ពោះ​តែ​លើ​បេក្ខជន នី រតនា ពី​ខេត្តកំពង់ធំ​ជាង​វ​ន្នី ប៉ុន្តែ​បែរជា​នី រតនា ធ្វើ​ឲ្យ​កក្រើក​ឆាក​ជាមួយ​ចម្រៀង​២​បទ ដែល​ស្តាប់​ទៅ តឹង​ៗ​ឡើង​សំឡេង​ខ្ពស់​ស្ទើរតែ​បាត់​ជំហរ បើ​មិន​ប្រយ័ត្ន​នោះ​អាច​ភ្លាត់ស្នៀត ។ លើស​ពី​នេះ មាន​ទស្សនិកជន​មួយ​ចំនួន​ហាក់​ពិបាក​ទទួលយក​ដោយ​ខ្លះ​សោកស្តាយ ។

កាន់តែ​ឡើងក​ម្តៅ​ថែម​ទៀត​នោះ វេទិកា​នេះ​មាន​អ្នកនយោបាយ គឺ​លោ​កអេង ឆៃ​អ៊ា​ង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់អារម្មណ៍ ដោយ​កាលពី​ថ្ងៃ​ទី​១៩ តុលា ២០១៥ បាន​រិះគន់​ទៅ​លើ​ការ​ប្រឡង​នោះ​ថា​មិន​មាន​ភាព​ប្រក្រតី​ក្នុង​ការ​ជម្រុះ​បេក្ខជន​នៃ​កម្មវិធី​ផ្សាយ​ផ្ទាល់​វគ្គ «Live Show» ស​ប្តា​ហ៍​ទី​៧ ។ លោក​ឆៃ​អ៊ា​ង លើក​ឡើង​ថា ការ​បោះ​ឆ្នោត​របស់​អ្នកគាំទ្រ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ ។

ក្រោយ​ការ​រិះគន់​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រដូច​ការ​រិះគន់​របស់​លោ​កអេង ឆៃ​អ៊ា​ង ទៅ​លើ​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​នេះ​ថា ដូច​ជា​ការ​រិះគន់ និង​ប្រឆាំង​ទៅ​លើ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែរ ។ ក្នុង​វី​ដេ​អូ​ឃ្លី​ប​រយៈពេល​១០​នាទី​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១៥​ពី​ប្រទេស​បារាំង​សម្តេច​តេ​ជោ ហៅ​ការ​រិះគន់​ថា​គ្មាន​មូលដ្ឋាន និង​មិន​យល់​ពី​នីតិវិធី​នៃ​ការ​ជ្រើសរើស​របស់​កម្មវិធី ។ សម្តេច​បញ្ជាក់​ថា សូ​ម្បី​តែ​លទ្ធផល​នៃ​កម្មវិធី​ប្រឡង​សិល្បៈ​មួយ​កើត​ចេញពី​ការ​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ គណបក្សប្រឆាំង​មិន​ទាំង​ទទួលស្គាល់​ផង តើ​មាន​ហេតុផល​ណា ដែល​បក្ស​ប្រឆាំង​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ ។

សម្តេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​មិន​ទាន់​ធ្លាក់ គួរ​កុំ​បាក់ទឹកចិត្ត​ពី​ការ​រិះគន់​របស់​អ្នកនយោបាយ ហើយ​សម្តេច​សង្ឃឹមថា អ្នកនយោបាយ​មិន​លូកដៃ​ទៅ​ក្នុង​បញ្ហា​សិល្បៈ​នៃ​កម្មវិធី​ទូរទស្សន៍​ទេ ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​កោតសរសើរ​គណៈកម្មការ​ទាំង​៤​រូប គឺ​លោក​ព្រាប សុវត្ថិ លោក​ណុ​ប បា​យា​រិ​ទ្ធ លោក​ឆ​ន សុវណ្ណ​រាជ និង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ពិធីករ​-​ពិធី​ការិនី ដែល​រួម​គ្នា​ធ្វើ​កម្មវិធី​ខេ​ម​បូ​ឌា​ន អាយ​ដល ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រសើរ ។ សម្តេច​តេ​ជោ​ស្នើ​ឲ្យ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ផ្តល់​ឱកាស​ដល់​បេក្ខជន​ដែល​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ទាំង​១២​រូប បាន​ឡើង​បង្ហើរ​សំនៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍ ព្រោះ​សុទ្ធតែ​មាន​សំឡេង​ពីរោះ ៕